ពាក្យ​៤​ម៉ាត់​ដែល​អាច​ប៉ះពាល់​ដល់​កូន​

ពាក្យ​៤​ម៉ាត់​ដែល​អាច​ប៉ះពាល់​ដល់​កូន​

​ការអប់រំ​កូន​អាចនិយាយបាន​ថា​ជា​ចម្បាំង​ដ៏​យូរអង្វែង​មួយ មានពេលខ្លះ​ពាក្យសម្តី​មួយចំនួន​ដែល​អ្នក​គ្មាន​បំណង​ប៉ះពាល់​ដល់​កូន​ឡើយ ប៉ុន្តែ​វា​បែរ​ជា​ប៉ះពាល់​ដល់​ផ្លូវចិត្ត​កូន​ជាខ្លាំង​នៅពេល​ដែល​អ្នក​យក​មក​អប់រំ​គេ​។ តើ​មាន​ពាក្យ​អ្វី​ខ្លះ​ទៅ​?

​កូន​ត្រូវ​តែ​ស្តាប់​សម្តី បើ​មិន​ស្តាប់ ម៉ាក់​នឹង​ស្តីឱ្យ​ហើយ​
​នៅពេល​ដែល​អ្នក​និយាយ​ពាក្យ​នេះ វា​ប៉ះពាល់​ដល់​អារម្មណ៍​កូន​ណាស់ ធ្វើឱ្យ​គេ​ភ័យ​ដោយ​មិន​ហ៊ាន​កម្រើក ដូចនេះ​អ្នក​មិន​គួរប្រើ​ពាក្យ​នេះ​មក​អប់រំ​កូន​ឡើយ អ្នក​គួរតែ​ប្រាប់​គេ​ឱ្យដឹង​ពី​ហេតុផល​ច្បាស់លាស់ នោះ​គេ​នឹង​មិន​ប្រព្រឹត្ត ដោយ​មិន​ត្រូវ​និយាយ​ពាក្យ​បែប​នោះ​មក​គំរាម​កូន​ឡើយ​។​

វា​ជា​កំហុស​របស់​ដី​ដែល​ធ្វើ​ឱ្យ​កូន​ឈឺ ចាំ​ម៉ាក់​វ៉ៃ​វា​
​នៅពេល​ដែល​កូន​ជិះ​រទេះ ឬ​កង់​ដួល អ្នក​មិន​ត្រូវ​ព្រោះ​តែ​ចង់​លួង​គេ​ឱ្យ​បាត់​យំ ហើយ​ប្រាប់​គេ​ថា​ជា​កំហុស​របស់​កង់ រទេះ ឬ​ដី​នោះទេ ហើយក៏​មិន​ត្រូវ​យក​ដៃ​ទៅ​វ៉ៃ​របស់​ទាំងនោះ​ដែរ ព្រោះ​វា​ជា​សញ្ញា​ដែល​បង្រៀន​កូន​ឱ្យ​ទម្លាក់កំហុស​ទៅលើ​អ្នកដទៃ​នៅពេលដែល​មាន​រឿង ហើយក៏​ជា​សញ្ញា​បង្រៀន​គេ​ឱ្យ​ប្រើ​អំពើហឹង្សា​នៅពេលដែល​មានរឿង​ដែរ ដូចនេះ​អ្នក​មិនគួរ​ប្រើ​វិធី​នេះ​មក​អប់រំ​កូន​ឡើយ​។​

​បើ​កូន​មិន​ស្តាប់​សម្តី ម៉ាក់​នឹងមិន​ស្រលាញ់​កូន​ទៀត​ទេ​
​អ្នក​មិន​ត្រូវ​និយាយ​ពាក្យ​នេះ​នៅពេល​ដែល​គេ​មិន​ស្តាប់​សម្តី​ឡើយ​ព្រោះ​អាច​ធ្វើឱ្យ​គេ​យល់ថា​ការ​ស្រលាញ់​របស់​អ្នក​ចំពោះ​គេ​គឺ​មាន​ដែន​កំណត់ ហើយ​អាស្រ័យទៅលើ​ទង្វើ​របស់​គេ នោះ​គេ​នឹង​មិន​មាន​អារម្មណ៍​សុវត្ថិភាព​ឡើយ ដូចនេះ​អ្នក​គួរតែ​ឱ្យគេ​ដឹង​វិញ​ថា​នៅពេលដែល​គេ​ធ្វើ​ខុស គឺ​អាច​ធ្វើឱ្យ​អ្នក​ពិបាកចិត្ត​តែប៉ុណ្ណោះ ដោយ​មិន​អាច​ធ្វើឱ្យ​អ្នក​កាត់បន្ថយ​ការ​ស្រលាញ់​របស់​អ្នក​ចំពោះ​គេ​ឡើយ​។​

បើ​កូន​ធ្វើ​បាន​ល្អ ម៉ាក់​នឹង​ជូន​កាដូរ​កូន​
​អ្នក​មិន​ត្រូវ​យក​កាដូរ​ដើម្បី​ប្តូរ​យក​ការធ្វើ​ល្អ​របស់​កូន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​កូន​រំពឹង​ចង់​បាន​តែ​កាដូរ ហើយ​ធ្វើ​ល្អ ដោយ​មិន​មែន​ធ្វើ​ល្អ​ដោយ​ចេញ​ពី​ចិត្ត​របស់​គេ​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25  ធ្នូ ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។