ប្រមុខរដ្ឋាភិបាលកម្ពុជា​-វៀតណាម ​នឹងសម្ពោធបង្គោល​ព្រំដែននៅរតនគិរីនិង​តាកែវថ្ងៃស្អែក

រាជធានីភ្នំពេញ ៖​ បើគ្មានការប្រែប្រួលទេ​ សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ​និង លោកនាយករដ្ឋមន្រ្តីវៀតណាម​ ង្វៀន តាន់យ៉ុង ​នឹងអញ្ជើញជាអធិបតី​សម្ពោធ​​បង្គោល​ព្រំដែនលេខ៣០​ នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ​ ក្នុងខេត្តរតនគិរី ​ជាប់នឹងស្រុកដាក់កឺរបស់វៀតណាម​ និង ​បង្គោលព្រំដែនលេខ២៧៥ ​នៅភ្នំឌិន ខេត្តតាកែវ ។

តាមកម្មវិធីដែល​បានគ្រោងទុក ​ពិធីសម្ពោធបង្គោលព្រំដែនលេខ​៣០ ​នៅរតនគិរីនឹងប្រព្រឹត្តទៅ​នៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៦ ​ធ្នូ ២០១៥ ​រីឯបង្គោលព្រំដែនលេខ២៧៥​នៅភ្នំឌិន​ ខេត្តតាកែវ ​នឹងត្រូវសម្ពោធនៅ​វេលាម៉ោង៣និង៣០នាទី​រសៀលថ្ងៃសៅរ៍​ស្អែកដដែលនេះ ។

បើតាមអនុប្រធាន​លេខាធិការអចិន្រ្តៃយ៍នៃ​អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ​ព្រំដែនរបស់ប្រទេសកម្ពុជា ​លោកស្រី កុយ ពិសី ​បានបា្រប់គេហទំព័រ​កោះសន្តិភាព​នៅប៉ុន្មាន​នាទី​មុននេះថា ​មកដល់ពេលនេះ​គណៈកម្មាធិការព្រំដែន​រវាងប្រទេសទំាងពីរកម្ពុជា-​វៀតណាម បានសម្រេចបោះបង្គោល​ព្រំដែនបានជាង៨៣%ភាគរយ ៕