រុស្ស៊ី​ចាប់ដៃ​ក្រុម​តា​លី​បង់​ជាស​ត្រូវ​ចាស់ ដើម្បី​កម្ទេច​ក្រុម​រដ្ឋ​អ៊ីស្លាម​សត្រូវ​ថ្មី​

​កាលពី​ថ្ងៃ​ពុធ រុស្ស៊ី​បានប្រកាសថា បាន​ផ្តោះ​ប្តូរ​ព័ត៌មាន​ជាមួយ​ក្រុម​តា​លី​បង់​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន ក្នុងទិសដៅ​កម្ទេច​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម ឬ​ក្រុម​ដែ​ស្ហ (Daesh) ដែល​កំពុង​ពង្រីក​ឥទ្ធិពល​នៅ​អាស៊ី​កណ្តាល​។ មន្ត្រី​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ប្រាប់ថា  ក្រុម​តា​លី​បង់​មាន​ទិសដៅ​ដូច​រុស្ស៊ី​ដែរ គឺ​ពង្រីក​យុទ្ធនាការ​កំចាត់​ក្រុម​ដែ​ស្ហ​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក​ស្រី ព្រំ​សឿន សូលី​ណា ទីក្រុង​ប៉ារីស​៖

​លោក Zamir Kaboulov តំណាង​ពិសេស​ទទួលបន្ទុក​អា​ហ្វ​ហ្កា​នី​ស្ថាន របស់​វិមាន​ក្រេ​ម​ឡាំង បាន​គូសបញ្ជាក់​ពី​មូលហេតុ​នៃ​ការ​សហ​ការផ្តោះប្តូរ​ព័ត៌មាន​រវាង​រុស្ស៊ី និង​ក្រុម​តា​លី​បង់​។ ក្រុម​តា​លី​បង់​និង​ក្រុង​ម៉ូស្គូ​មាន​ទិសដៅ​តែមួយ​ដូចគ្នា គឺ​កំចាត់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​។ រុស្ស៊ី​បញ្ជាក់ទៀតថា ក្រុម​តា​លី​បង់​មិន​ទទួលស្គាល់ ក្រុម​ភេរវជន​ដែ​ស្ហ ដែល​កំពុង​ពង្រីក​ដែនដី​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់​ទេ​។

​យុទ្ធសាស្ត្រ​ចាប់ដៃ​សត្រូវ​ចាស់ កម្ទេច​សត្រូវ​ថ្មី​នេះ សបញ្ជាក់​ច្បាស់​ពី​ភាព​ឆ្លាត​វៃ​របស់​ក្រុង​ម៉ូស្គូ​។ ប្រឈម​នឹង​ការឡើង​ឥទ្ធិពល​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​បន្ត​វត្តមាន​មកដល់​អាស៊ី​កណ្តាល លោក Zamir Kaboulov ជា​តំណាង​វិមាន​ក្រេ​ម​ឡាំង ប្រហែល​ចង់​បញ្ជាក់ប្រាប់​សហគមន៍​អន្តរជាតិ​ដែរ​ថា បើ​ឱកាស​មាននៅ​ក្បែរ​ដៃ​ហើយ គេ​មិនចាំបាច់​ប្រើ​យុទ្ធសាស្ត្រ​វែងឆ្ងាយ ដូច​ពាក្យស្លោក​ខ្មែរ​យើង​ដែល​តែង​ពោលថា អន្ទង់​វែង ឆ្នាំង​វែង នោះទេ​។

​គួរ​បញ្ជាក់ថា ក្រុង​ម៉ូស្គូ​នៅ​មិន​សុខ​ស្រួល​ទេ ពេល​ឃើញ​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម​ពង្រីក​ឥទ្ធិពល​រហូតដល់​ទ្វីបអាស៊ី ជាក់ស្តែង គឺ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន បច្ចុប្បន្ននេះ​តែម្តង​។ ក្រុម​ដែ​ស្ហ​កំពុង​ប្រយុទ្ធ​ដណ្តើម​ទីតាំង​ផ្សេងៗ​ពី​ក្រុម​តា​លី​បង់ នៅ​អា​ហ្វ​ហ្ក​នី​ស្ថាន​។ រុស្ស៊ី​បារម្ភ​ខ្លាច​ក្រុម​ដែ​ស្ហ​ពង្រីក​ឥទ្ធិពល​ខ្លាំង នៅតាម​អតីត​ប្រទេស​ផ្កាយរណប​របស់​សហភាព​សូ​វៀត ដូចជា​តា​ត់​ជី​គី​ស្ថាន រឺ​កៀ​ហ្ស៊ី​ស្ថាន​ជាដើម​។ ប៉ូលិស​អន្តរជាតិ​អាំងទែរ​ប៉ូល​(Interpol) បានផ្តល់​ព័ត៌មាន​ថា ក្រុម​ភេរវជន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ដែ​ស្ហ កំពុង​ប្រកាស​តាម​អ៊ី​ន​ធឺ​ណេ​ត ជ្រើសរើស​យុវជន​ក្នុង​តំបន់ យកមក​ធ្វើជា​សកម្មជន​ខ្លួន​។ សម្រាប់​រុស្ស៊ី នេះ​ជាការ​គំរាម​ជាក់លាក់​មិនអាច​ប្រកែក​បាន​។ ប្រឈម​នឹង​ស្ថានភាព​នេះ រុស្ស៊ី​បាន​បំពាក់អាវុធ​ដល់​កងទ័ព​កៀ​ហ្ស៊ី​ស៊ី​ស្ថាន និង​ពង្រីក​វត្តមាន​ខ្លួន នៅ​តា​ហ្ស៊ី​គី​ស្ថាន​ផងដែរ​។

​ស្របពេល​នេះដែរ រុស្ស៊ី​ក៏​មើលឃើញ​ដែរ​ថា នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រុម​តា​លី​បង់​កំពុង​ប្រយុទ្ធ​ស្វិតស្វាញ​ជាមួយ​ក្រុម​ដែ​ស្ហ​។ ក្រុម​តា​លី​បង់​មិន​ទទួលស្គាល់​រដ្ឋ​អ៊ីស្លាម ដែល​ក្រុម​ដែ​ស្ហ​ប្រកាស​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៤​ទេ​។ ក្រុម​តា​លី​បង់​រឹតតែ​ក្តៅក្រហាយ​នឹង​ក្រុម​ដែ​ស្ហ​ដែល​ហ៊ាន​ចូលមក​ដណ្តើម​ដែនដី​ខ្លួន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​ថែមទៀត​។

​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ក្រុម​ដែ​ស្ហបាន​ប្រើល្បិច​ខ្ពស់ ដើម្បី​បង្កើន​កងកម្លាំង​ប្រយុទ្ធ​ខ្លួន​។ ក្រុម​នេះ​ថែមទាំង​បាន​ដណ្តើមយក​សកម្មជន​ប្រយុទ្ធ​ពី​ក្រុម​តា​លី​បង់​ទៀតផង​។ ក្រុម​ដែ​ស្ហ​សុខចិត្ត​ទទួលយក​សកម្មជន​ដែល​ក្រុម​តា​លី​បង់​បណ្តេញ​ចេញពី​ក្រុម ឲ្យ​ចូលមក​បំរើការ​ក្រុម​ខ្លួន​។ ក្រុម​ដែ​ស្ហ​ផ្តល់​ប្រាក់ខែ​៥០០​ដុល្លារ មួយខែ ដល់​យុវជន​អា​ហ្វ​ហ្កា​នី​ស្ថាន ដែល​គ្មាន​ការងារ​ធ្វើ​។ លើសពីនេះ ក្រុម​ដែ​ស្ហជា​ក្រុម​ភេរវជន​ទី​១ ដែល​ហ៊ាន​ប្រមាថ មេក្រុម​តា​លី​បង់ ម៉ូ​ហា​ម៉ា​ត អូ​ម៉ា​។ ទង្វើ​ទាំងអស់នេះ​ជាការ​ចាក់​ប្រេង​ក្នង​ភ្លើង​ច្បាស់​ណាស់ ដើម្បី​បញ្ឆេះ​កំហឹង​ក្រុម​តា​លី​បង់​។

​ថ្មីៗ​នេះ ក្រុម​តា​លី​បង់​បានប្រកាស​បង្កើត​កងក​ម្លាំ​ង​ពី​សេស ដើម្បី​កំចាត់​ក្រុម​ដែ​ស្ហ​ចេញពី​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ក្រុម​តា​លី​បង់​ក៏បាន​ចរចា​ជាមួយ​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​រួចមកហើយ​ដែរ ដើម្បី​បញ្ជាក់​ពី​បំណង​កម្ទេច​ក្រុម​ដែ​ស្ហ មិន​ឲ្យ​ក្រុម​ដែ​ស្ហ​បោះ​ទីតាំងនៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​។ ដូច្នេះ វា​ជា​ឱកាស​ដែល​រុស្ស៊ី​អាច​សហការ​ជាមួយ​ក្រុម​តា​លី​បង់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ទោះ​យ៉ាងនេះ​ក្តី រុស្ស៊ី​នៅតែ​ចាត់ទុក​ក្រុម​តា​លី​បង់ ថា​ជា​ក្រុម​ភេរវជន​គ្រោះថ្នាក់ ហើយ​នៅតែ​ហាមឃាត់​មិន​ឲ្យ​សកម្មជន​ក្រុម​នេះ​ចូល​ទឹកដី​រុស្ស៊ី​។

​ដោយឡែក ការ​កំចាត់​ក្រុម​ដែ​ស្ហ​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន គឺជា​ចលករ​ចូលរួម​ធានា​ស្ថិរភាព​សន្តិសុខ​អា​ហ្វ​ហ្កា​នី​ស្ថាន សម្រាប់​ពេលអនាគត ព្រោះថា ដរាបណា​ក្រុម​ជី​ហាត​រដ្ឋ​អ៊ីស្លាម​នៅតែមាន​វត្តមាន​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន ការចរចា​សន្តិភាពរ​វាង​ក្រុម​តា​លី​បង់ និង​រដ្ឋាភិបាល​ក្រុង​កា​ប៊ូល មិនអាច​សម្រេច​ជោគជ័យ​ទេ​។ ចង់​មិន​ចង់ សហគមន៍​អន្តរជាតិ​ប្រហែល​មិនសូវ​ហ៊ាន​បន្ទោស​រុស្ស៊ី ពី​កិច្ច​សហ​ការផ្តោះប្តូរ​ព័ត៌មាន​ជាមួយ​ក្រុម​តា​លី​បង់​ឡើយ​៕