ប្រជា​នេសាទ នៅ​ភូមិ​កោះ​ខ្យង គ្រោង​ប្តឹង​មនុស្ស ៣​នាក់ ក្នុងកា​ឃុបឃិត​ស៊ី​ញ៉េ​ច្បាប់​ឲ្យ​ឈ្មួញ​ចិញ្ចឹម​គ្រែង​ឈាម ក្នុង​សមុទ្រ​ទឹក​រាក់​

ព្រះសីហនុ: ប្រជា​នេសាទ នៅ​តំបន់​សមុទ្រ​កោះ​ខ្យង ឃុំ​អូជ្រៅ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​រាយការណ៍​មក​ថា ពួកគាត់​កំពុង​ជួបជុំគ្នា ធ្វើ​ពាក្យ​ប្តឹង​ដាក់ជូន​ទៅគ្រប់​ស្ថាប​ន្ត័​ពាក់ព័ន្ធ​នឹង​អាជ្ញាធរខេត្ត​ព្រះសីហនុ ដើម្បី​ជួយ​អន្តរាគមន៍​។​
               
​ដំបូង ពួកគាត់ សុំ​ប្តឹង​មនុស្ស ៣​នាក់ ដែល​ថ្លើមធំ​ហ៊ាន​ឃុបឃិត​គ្នា ស៊ី​ញ៉េ អនុញ្ញាត​ច្បាប់​ឲ្យ​ឈ្មួញ ធ្វើ​អាជីវកម្ម​ចិញ្ចឹម​គ្រែង​ឈាម នៅលើ​ទីតាំង​ដែល​ពួកគាត់​កំពុង​ធ្វើ​នេសាទ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ក្នុងនោះ មាន​លោក​ហួយ​ហាយ ប្រធាន​សហគម​ឩ​ទ្យា​ន​ជាតិ​រាម លោក មេឃុំ អូជ្រៅ និង ឯម ភា ប្រធាន​សង្កាត់​ជលផល​ស្រុក​ព្រៃនប់ ព្រោះ​អ្នក​ទាំង ៣​នេះ ពិតជា​បាន​ចុះហត្ថលេខា ឯកភាព​លើ​ពាក្យស្នើសុំ​នោះ​ហើយ​។
              
​ប្រជា​នេសាទ​ទាំងនោះ បាន​រៀបរាប់ថា ទីតាំង​នេសាទ​នៅ​សមុទ្រ​ក្នុងភូមិ​កោះ​ខ្យង​នោះ មាន​ទំហំ​តូច​កន្លងមក ជលផល​ខេត្ត បានអនុញ្ញាត​ឲ្យ​អ្នកភូមិ​កោះ​ខ្យង​នោះ ចិញ្ចឹម​គ្រែង​ឈាម អស់ពីរ​កន្លែង​ទៅហើយ សព្វថ្ងៃនេះ ទីតាំងនៅ​កាន់តែ​តូចចង្អៀត ប្រសិនបើ​នៅតែមាន​ឈ្មួញ​ចង់​មក​ចិញ្ចឹម​គ្រែង​នៅ​កន្លែង​នោះ​ទៀត ពួកគាត់​ពិតជា​គ្មាន​កន្លែង​ធ្វើ​នេសាទ​ចិញ្ចឹមជីវិត​ទៀត​ទេ ។​
              
​មនុស្ស​៣​នាក់​ដែល​ប្រជា​នេសាទ ចោទប្រកាន់​ពេលនេះ គេហ​ទំ​ព​រ័ CEN មិនអាច​ទំនាក់ទំនង សុំ​ការបំភ្លឺ​បានទេ​នៅពេលនេះ​។​
             
 ទោះជា​យ៉ាងនេះ​ក្តី ប្រធាន​ខណ្ឌ​រដ្ឋបាល​ជ​ល​ផល ខេត្ត​ព្រះសីហនុ  លោក នេន ចំរើន បាន​ឲ្យ​ដឹងថា អ្នកណា​ស៊ី​ញ៉េ​អី ស៊ី​ញ៉េ​ចុះ ពេល​បញ្ជូនមក​ដល់ដៃ​លោក លោក​នឹងធ្វើ​កា​បដិសេធ​ហើយ​។​
              
 លោក នេន ចំរើន បាន​បញ្ជាក់ថា រឿង​អ្នក​ចង់បាន​ទីតាំង​ចិញ្ចឹម​គ្រែង​ឈាម​នៅ​តំបន់​កោះ​ខ្យង​នោះ មាន ២​ទៅ ៣​នាក់​ហើយ តែ​គាត់​បាន​បដិសេធ ព្រោះ​ទីតាំង​នោះ មាន​តូច ទុក​សម្រាប់តែ​ប្រជា​នេសាទ​ចិញ្ចឹមជីវិត ប្រចាំថ្ងៃ​តែប៉ុណ្ណោះ ប្រសិនបើ​អនុញ្ញាត​ឲ្យ​ឈ្មួញ​មក​ធ្វើ​អាជីវកម្ម​នៅលើ​ទីតាំង​នោះ​បន្ថែមទៀត តើ​ប្រជា​នេសាទ​នៅ​កោះ​ខ្យង​នោះ គាត់​ទៅរក​កន្លែង​ណា​វិញ មិនអាច​បានទេ​។​
              
​លោក នេន ចំរើន បន្តថា លុយ​អ្នកណា​ក៏​ចង់​បានដែរ​តែ​ឲ្យ​មើល​រាស្ត្រ​ផង បើ​ចង់បាន​លុយ​ពី​ឈ្មួញ ហើយ​សម្លាប់​រាស្ត្រ ដូចនេះ លោក​ទៅ​មិន​រួច​ទេ បើ​ថ្នាក់ដឹកនាំ​ស្តីបន្ទោស និង​ដកដំណែង​ចេញ ព្រោះ​មិន​ស៊ី​ញ៉េ​លើ​ច្បាប់​អនុញ្ញាត​នោះ ក៏​តាម​ដំណើរ​ចុះ គាត់​មិនតូច​ចិត្ត​ទេ​៕​