តំណាងរាស្ត្រ ២​រូប ដែល​រងរបួស មិន​ចូល​បំភ្លឺ​នៅ​តុលាការ នា​ថ្ងៃទី​២៨ ខែធ្នូ​ទេ តែ​ឲ្យ​មេធាវី​ចូល​ជំនួស​

ភ្នំពេញ: ​សំណុំ​រឿងក្តី ដែល​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីររូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា រងរបួស ដោយសារ​ការវាយដំ បន្ទាប់ពី​បាតុកម្ម នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា​ការ នៅពេលនេះ តុលាការ​បាន​បង្គាប់​ឲ្យ​ដើមបណ្តឹង​ទាំងពីរ ចូល​ឆ្លើយបំភ្លឺ​តុលាការ នា​ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥​។ ក៏ប៉ុន្តែ​តំណាងរាស្ត្រ​រងគ្រោះ​ទាំងពីរ នឹងមិន​ចូល​បំភ្លឺ​ទេ ព្រោះ​ពេលនេះ នៅ​អាមេរិក តែ​មេធាវី នឹង​ចូល​បំភ្លឺ​ជំនួស​។ នេះ​បើតាម​មេធាវី​។​

​លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់​តំណាងរាស្ត្រ​ទាំង​ពីររូប បានទទួល​ដីកាកោះ​របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី ថាវរៈ តម្រូវ​ឲ្យ​តំណាងរាស្ត្រ​ទាំងពីរ ចូលទៅ​បំភ្លឺ នៅ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ ក្នុងនាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី​។​

​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​។  

​ក្រោយ​ហេតុការណ៍​វាយដំ​លើ​តំណាងរាស្ត្រ កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ នៅមុខ​រដ្ឋសភា ក្រោយពី​បាតុកម្ម ទាមទារ​ទម្លាក់​លោក​កឹម​សុខា ចេញពី​អនុប្រធាន​ទី​១ រដ្ឋសភា លោក ញ៉យ ចំរើន តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម និង​លោក គង់ សភា តំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង ដាក់ពាក្យ​ប្តឹង​អ្នកបង្ក​ហិង្សា​លើ​រូបលោក​ទាំងពីរ ពីបទ "​ប៉ុនប៉ង​ឃាតកម្ម​គិតទុក​ជាមុន​" និង​បទ "​ធ្វើឱ្យ​ខូចខាត ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​"​។ ក្នុង​ពាក្យបណ្តឹង​នោះ តំណាងរាស្ត្រ​រងគ្រោះ​ទាំងពីរ បានទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​ជនល្មើស​ម្នាក់ៗ ចំនួន ១០០ លាន​រៀល​។​

​យ៉ាងណាក៏ដោយ ក្រោយ​អំពើហិង្សា​នោះ នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ បាតុករ ៣ នាក់ ដែល​បាន​វាយ​លើ​អ្នកតំណាងរាស្ត្រ​ទាំងពីរ បាន​ចូល​សារភាព ហើយ​ត្រូវបាន​តុលាការ សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន នៅ​ពន្ធនាគារ​ព្រៃ​ស​។ អ្នក​ទាំងបី​នាក់​នោះ ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស តាម​មាត្រា ២១៨ និង ៤១១ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រមព្រហ្មទណ្ឌ បាន​កំណត់ថា បទចោទប្រកាន់ អំពើហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទំងន់ទោស នៅ​មាត្រា ២១៨ បាន​ចែងថា ត្រូវបាន​កំណត់​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ទៅ ១០ លាន​រៀល​។ ចំណែក​បទ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ក្នុង​មាត្រា ៤១១ នៃ​ក្រមព្រហ្មទណ្ឌ បានកំណត់​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ២ ទៅ ៥ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤ លាន​រៀល ទៅ ១០ លាន​រៀល​។

​បុរស​ទាំងបី​នាក់​នោះ រួមមាន​ទី​១៖ ឈ្មោះ ចាយ សារិទ្ធ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ មាន​ទីលំនៅ នៅ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ទី​២៖ ឈ្មោះ ម៉ៅ ហឿន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ ឃុំ​ព្រែក​ខ្សាយ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង និង​ទី​៣៖ ឈ្មោះ ស៊ុត វណ្ណ​នី ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​៕​