រឿងទារកាតគ្រីម៉ូតូ បង្កហិង្សា សាច់ថ្លៃកាប់គ្នា ៣ពូថៅ របួសធ្ងន់

បន្ទាយមានជ័យ ៖ បុរសជាបងថ្លៃ បានរងរបួសធ្ងន់ ដោយត្រូវប្អូនថ្លៃរបស់ខ្លួន កាប់ចំនួន៣ពូថៅ ហើយត្រូវបាន បញ្ជូនមកកាន់មន្ទីរពេទ្យដើម្បីសម្រាកព្យាបាល ឯជនដៃដល់ត្រូវបានកម្លាំង នគរបាលធ្វើការឃាត់ខ្លួន ដែល ករណីហិង្សានេះ កើតឡើងព្រោះទំនាសរឿងទារកាតគ្រីម៉ូតូ។

យោងតាមការផ្សាយ របស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ករណីនេះកើតឡើងនៅម៉ោង ប្រមាណ ៧និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

អ្នកភូមិកាប់ចោរ បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវបានគេកាប់៣ពូថៅ នេះ ឈ្មោះ មុំ សី ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិកាប់ចោរ ឃុំភូមិថ្មី ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវជាបងថ្លៃជនដៃដល់ ជេស ចេវ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា។

បើតាមមន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា មូលហេតុនៃការកើតអំពើហិង្សានេះ  ដំបូងឡើយជនរងគ្រោះ និងជនដៃដល់ដែលជាបងថ្លៃ-ប្អូនថ្លៃ មានទំនាស់ឈ្លោះទាស់ទែងពាក្យសំដីគ្នាពីរឿងកាតគ្រីម៉ូតូដោយប្អូនថ្លៃសុំម៉ូតូនិងកាតគ្រីម៉ូតូរបស់ខ្លួនមកវិញ ព្រោះមិនទុកចិត្តបងថ្លៃ ក្រែងជិះម៉ូតូយកទៅបាត់ ក្រោយមកបងថ្លៃឲ្យតែម៉ូតូ ប៉ុន្តែមិនបានឲ្យកាតគ្រីនោះទេ។

មន្រ្តីនគរបាលបានបន្តទៀតថា ព្រោះតែបងថ្លៃទុកកាតគ្រី មិនព្រមឲ្យនេះហើយបានកើតជាជម្លោះឈានដល់ការប្រវាយប្រតប់គ្នា ពេលនោះស្ត្រីជាម្តាយ (ម្តាយក្មេង និងជាម្តាយបង្កើតឈ្មោះ បុត ឡោយ) ដែលកំពុងមានជម្ងឺប្រចាំផងនោះក៏ចុះពីលើផ្ទះមកឃាតកុំឲ្យបងប្អូនឈ្លោះទាស់ទែងគ្នានាំឲ្យថ្លង់អ្នកជិតខាង ពេលនោះឈ្មោះ មុំ សី ក៏បានច្រានម្តាយក្មេកឲ្យដួល បន្ទាប់ឈ្មោះ ជេស ចេវ ដោយឃើញបងថ្លៃច្រានម្តាយឲ្យដួលក៏ផ្ទុះកំហឹងកាន់តែខ្លាំង ក៏ចាប់ទាញ ពូថៅនៅលើគោយន្តកន្ត្រៃ មកកាប់ចំនួន៣ពូថៅ បណ្តាលឲ្យត្រូវរបួស៤កន្លែង ត្រូវចំក្រោយខ្នង១កន្លែង ស្មា១កន្លែងនិងដៃផ្នែកខាងស្តាំ២កន្លែង។

ក្រោយពីធ្វើសកម្មភាពរួចកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំភូមិថ្មី បានចុះទៅដល់កន្លែងកើតហេតុ និងចាប់ឃាត់ខ្លួនជនដៃដល់មកសួរនាំនិងរៀបសំណុំរឿងបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្ត តាមនិតិវិធីច្បាប់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកថ្មពួក ៕

រឿងទារកាតគ្រីម៉ូតូ បង្កហិង្សា សាច់ថ្លៃកាប់គ្នា ៣ពូថៅ របួសធ្ងន់