កំពូល តារាចម្រៀង ខេមរៈ សិរីមន្ត ចូលរួម យុទ្ធនាការ អប់រំ សុវត្ថិភាព ចរាចរណ៍ តាមដងផ្លូវជាតិ លេខ ៤ នាឱកាស បុណ្យណូអែល និងបុណ្យចូលឆ្នាំ សកល

ភ្នំពេញ៖ នៅថ្ងៃទី ២៥ ធ្នូ ២០១៥ កំពូលតារាចម្រៀង ដ៏មានប្រជាប្រិយ លោក ខេមរៈ សិរីមន្ត បានចូលរួមជាមួយនឹង កាកបាទក្រហមកម្ពុជា គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងក្រុមហ៊ុនអេហ្សិត ក៏ដូចជាសិស្សានុសិស្ស នៅក្នុងយុទ្ធនាការអប់រំអំពី សុវត្ថិភាពចរាចរណ៍ សម្រាប់ថ្ងៃបុណ្យណូអែល និងបុណ្យចូលឆ្នាំសកលខាងមុខនេះ ។

យុទ្ធនាការនេះ បានប្រព្រឹត្តទៅ នៅឯបញ្ជរបង់ប្រាក់កំបូល ដែលស្ថិតនៅតាមដង ផ្លូវជាតិលេខ ៤ ក្នុងខ័ណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

នៅក្នុងឱកាសនេះ លោក ខេមរៈ សិរីមន្ត បុគ្គលិកក្រុមហ៊ុន មន្ត្រីកាកបាទក្រហម និងសិស្សានុសិស្សបានចូលរួមជាមួយនឹងលោកតាណូអែល ក្នុងការចែកខិតប័ណ្ណ និងបិទសន្លឹកស្ទីគ័រអប់រំពី ច្បាប់ចរាចរណ៍ ដល់អ្នកធ្វើដំណើរឆ្លងកាត់បញ្ជរកំបូល ។

លោក ខេមរៈ សិរីមន្ត ធ្លាប់ជាជនរងគ្រោះមួយរូបពី គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយនៅតាមដងផ្លូវជាតិលេខ ៤។ លោក បានជំរុញឲ្យអ្នកធ្វើដំណើរ គ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការបើកបរ ដើម្បីចាកផុតពីគ្រោះថ្នាក់ចរាចរណ៍ ។

លោក ខេមរៈ សិរីមន្តបានថ្លែងថា៖ “ដោយសារខ្ញុំធ្លាប់ ជួបនៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះដោយខ្លួនឯង ខ្ញុំយល់ពីអារម្មណ៍នេះ ច្បាស់ជាងអ្នកណាទាំងអស់ ។ អ្នកធ្លាប់ជួបដូចខ្ញុំ បានយល់ដូចខ្ញុំដែរ ។ សម្រាប់ខ្ញុំ ពេលធ្វើដំណើរនៅតាមដងផ្លូវ ខ្ញុំគិតថា ជាសមរភូមិក្តៅមួយ ជាសមរភូមិ ដែលខ្ញុំត្រូវប្រយ័ត្នបំផុត” ។

លោក ខេមរៈ សិរីមន្តបានថ្លែងបន្តថា៖ “ក្នុងឱកាស បុណ្យគ្រីស្តម៉ាស់ និងបុណ្យសកលផង ប្រាកដណាស់ ពិតជាមានបងប្អូនជនរួមជាតិខ្មែរ យើងនឹងធ្វើដំណើរទៅទីជិត ទីឆ្ងាយ ។ ដូច្នេះ សូមឲ្យបងប្អូនទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ។ បើកបរទៅតាមល្បឿនកំណត់ និងប្រុងប្រយ័ត្នគ្រប់វិនាទី ហើយបើកបរកុំពិសារជាតិស្រវឹង” ។

លោកជំទាវ មឹន មាណវី ដែលជារដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ គណកម្មការសុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេនដែលបានរៀបចំកម្មវិធីនេះ ក្រោមប្រធានបទ “សុវត្ថិភាពផ្តើមចេញពីអ្នក” និងមានការចូលរួមពីភ្ញៀវកិត្តិយស រួមមានកាកបាទក្រហមកម្ពុជា អង្គការ IARD ក៏ដូចជាកំពូលតារាចម្រៀងដ៏ល្បី ព្រមទាំងក្មួយៗសិស្សានុសិស្សសាលាជម្ពូវ័ន្ត ដែលធ្វើឲ្យពិធីនេះមានភាពអធិកអធម្ម និងដោយរលូន។

លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេន បានថ្លែងថា៖ “យើងតែងតែប្ដេជ្ញា ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ នៅតាមដងផ្លូវជាពិសេស តាមរយៈយុទ្ធនាការអប់រំផ្សព្វផ្សាយ ជាបន្តបន្ទាប់។ ជាលទ្ធផលតាមរយៈបទពិសោធន៍ ដែលក្រុមហ៊ុនបានទទួលកន្លងមក ក្រោយពីការប្រារព្ធពិធីប្រភេទនេះ គ្រោះថ្នាក់ចរាចរណ៏មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ ។ ដូច្នេះក្រុមហ៊ុនចាំបាច់ត្រូវតែ បន្តផែនការប្រភេទនេះ ទៅមុខទៀតជាប្រចាំក្នុងឆ្នាំ ២០១៦ ខាងមុខនេះ។”

លោក ជួន វ៉ាន់ឌន បានថ្លែងទៀតថា៖ “គ្រោះថ្នាក់ចរាចរណ៍ គឺកើតឡើងចេញពី កត្តាមនុស្សរហូត ៩៥ ភាគរយ ដូច្នេះ ការរួបរួមគ្នាផ្លាស់ប្តូរឥរិយាបទ ក្នុងការបើកបរ ពីការធ្វេសប្រហែស មកជាការយកចិត្តទុកដាក់ខ្ពស់  គោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន នឹងអាចកាត់បន្ថយគ្រោះថ្នាក់នៅតាមដងផ្លូវ ពីព្រោះសុវត្ថិភាពកើតមាន គឺផ្ដើមចេញពីអ្នកបើកបរខ្លួនឯង។”

លោក ជំទាវ មឹន មាណវី ក៏បានបន្ថែមទៀតថា៖ “គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃ គឺមានស្ថានភាពធ្ងន់ធ្ងរ ក្រៃលែង ដោយបានធ្វើ ឲ្យមានការខាតបង់ទាំង ធនធានមនុស្ស និងទ្រព្យសម្បត្តិផ្សេងៗ ។ តាមរយៈយុទ្ធនាការ អប់រំច្រើនលើក និងច្រើនកន្លែង ក៏ដូចជាការរឹតបន្តឹងច្បាប់ចរាចរណ៍ ជាពិសេសក្នុងឆ្នាំ ២០១៦ ខាងមុខនេះ ខ្ញុំសង្ឃឹមថា អត្រានៃគ្រោះថ្នាក់ចរាចរណ៍ អាចនឹងកាត់បន្ថយ ជាបន្តបន្ទាប់” ។

យោងតាមការ ស្រាវជ្រាវបានឲ្យដឹងថា ការបើកបរហួសល្បឿនកំណត់ និងការបើកបរដោយ មានជាតិស្រវឹងគឺជាមូលហេតុចម្បងធំបំផុត ដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេសកម្ពុជា ដែលជាមធ្យម គ្រោះថ្នាក់ចរាចរណ៍ បានឆក់យកជីវិតមនុស្ស ៦នាក់ក្នុងមួយថ្ងៃ ។ ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ចរាចរណ៍ ក៏បានធ្វើឲ្យ កម្ពុជាខាតបង់ទឹកប្រាក់រាប់រយលានដុល្លារ ថែមទៀតផង។

កំពូល តារាចម្រៀង ខេមរៈ សិរីមន្ត ចូលរួម យុទ្ធនាការ អប់រំ សុវត្ថិភាព ចរាចរណ៍ តាមដងផ្លូវជាតិ លេខ ៤ នាឱកាស បុណ្យណូអែល និងបុណ្យចូលឆ្នាំ សកល

កំពូល តារាចម្រៀង ខេមរៈ សិរីមន្ត ចូលរួម យុទ្ធនាការ អប់រំ សុវត្ថិភាព ចរាចរណ៍ តាមដងផ្លូវជាតិ លេខ ៤ នាឱកាស បុណ្យណូអែល និងបុណ្យចូលឆ្នាំ សកល