ឥណ្ឌា​ចុះ​កិច្ចព្រមព្រៀង​ជា​ច្រើន​ជាមួយ​រុ​ស្ស៊ី

ប្រទេស​រុ​ស្ស៊ី​និង​ឥណ្ឌា កាលពី​ថ្ងៃ​ទី​២៤ ធ្នូ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ជា​ច្រើន ក្នុង​វិស័យ​ថាមពល​និង​ការពារ ដែល​អាច​ឱ្យ​ក្រុង​ញូ​វ​ដែ​ល្លី ធ្វើ​ទំនើប​កម្ម​កងទ័ព​របស់​ខ្លួន ហើយ​ពង្រីក​ឧស្សាហកម្ម​នុយក្លេអ៊ែរ ដោយ​ជួយ​ក្រុង​មូ​ស្គូ ក្នុង​ការ​ប៉ះប៉ូវ​ផល​ប៉ះពាល់​ដោយសារ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​ពួក​លោក​ខាងលិច ។

ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក ណា​រេ​ន​ដ្រា ម៉ូ​ឌី ថា ប្រទេស​របស់​លោក​យល់​ស្រប​ចំពោះ​ការ​ពង្រឹង​តួនាទី​របស់​ឥណ្ឌា ក្នុង​ការ​ដោះស្រាយ​បណ្តា​បញ្ហា​ពិភពលោក​និង​តំបន់ ។ លោក​បន្ត​ថា ក្រុង​ញូ​វ​ដែ​ល្លី នឹង​ស្ថិត​ក្នុង​ចំណោម​បណ្តា​បេក្ខជន ដែល​មាន​អាទិភាព​ខ្លាំង សម្រាប់​កៅអី​អចិន្ត្រៃយ៍ ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ។

ទោះបី​យ៉ាងណា ទស្សនកិច្ច​ផ្លូវការ​នេះ របស់​ប្រមុខ​រដ្ឋាភិបាល​ឥណ្ឌា នៅ​ក្រុង​មូ​ស្គូ ផ្តោត​ជា​ពិសេស លើ​វិស័យ​ការពារ និង​ថាមពលនុយក្លេអ៊ែរ ។

លោក ពូ​ទី​ន មាន​ប្រសាសន៍​ទៀត​ថា យើង​ព្រមព្រៀង​គ្នា​បង្កើន​ការ​បោះទុន​វិនិយោគ​ទៅ​វិញ​ទៅ​មក ដោយសារ​កិច្ច​សហប្រតិបត្តិការ​ឧស្សាហកម្ម​យ៉ាង​ជិត​ស្និទ្ធ​បំផុត និង​ការ​អនុវត្ត​គម្រោង​នានា​ខាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ថាមពល ។

យោង​តាម​ប្រមុខរដ្ឋ​រុ​ស្ស៊ី​ថា រេ​អាក់​ទ័​រ​នុយក្លេអ៊ែរ​រុ​ស្ស៊ី​ដំបូង ធុន VVER-1000 កសាង​នៅ​ឯ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ឥណ្ឌា Kudankulam កសាង​រួចរាល់​ហើយ កាលពី​ឆ្នាំទៅ​មិ​ញ ហើយ​ការ​កសាងរ​រេ​អាក់​ទ័​រ​ទី​២ ត្រូវ​បង្ហើយ​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត​ប៉ុណ្ណោះ ។ លោក​ប្រកាស​ថា រុ​ស្ស៊ី​គ្រោង​កសាង​រេ​អាក់​ទ័​រ​នុយ​ក្លេ​អ៊ែរ​ដល់​ទៅ​៦ នៅ​ឥណ្ឌា ក្នុង​រយៈពេល​២០​ឆ្នាំ ។

ចំណែក​លោក ម៉ូ​ឌី វិញ​ថ្លែង​ថា ចំនួន​រេ​អាក់​ទ័​រក​សាង​ដោយ​រុ​ស្ស៊ី​នៅ Kudankulam និង​លើ​ទីតាំង​មួយទៀត ត្រូវ​មាន​ដល់​ទៅ​១២​ឯណោះ ។ ក្នុង​វិស័យ​ការពារ​វិញ រុ​ស្ស៊ីនិង​ឥណ្ឌា​គ្រោង​បង្កើត​ការ​ដំឡើង​ឧទ្ធម្ភាគចក្រ ធុន Kamov-226 ។

ប្រភព​មួយ​ជិតដិត​នឹង​ក្រុមហ៊ុន Rosoboronexport ជា​ក្រុមហ៊ុន​រដ្ឋ​រុ​ស្ស៊ី នាំ​ចេញ​អាវុធ មុន​នេះ​ធ្លាប់​បាន​ថ្លែង​ថា ឥណ្ឌា​នឹង​ដំឡើង​ឧទ្ធម្ភាគចក្រ​ធុន​នោះ ១៤០​គ្រឿង ហើយ​រុ​ស្ស៊ីដំឡើង​ឱ្យ​៦០​គ្រឿង​ទៀត ។

លោកពូ​ទី​ន ក៏​គូសបញ្ជាក់​ដែរ​ថា ប្រទេស​ទាំង​២​ផលិត​រួម​គ្នា​រួច​ហើយ បណ្តា​មី​ស៊ីល​បណ្តែត​លឿន​ជាង​សំឡេង ធុន Brahmos ដែល​ត្រូវ​ផ្តល់​ឱ្យ​កង​ម៉ា​រី​ន​ឥណ្ឌា នា​ពេល​ខាង​មុខ​នេះ ។

ក្រុង​មូ​ស្គូ និង​ក្រុង​ញូ​វ​ដែ​ល្លី ក៏​គ្រោង​ផង​ដែរ រួម​សហការ​គ្នា​ដើម្បី​ផលិត​យន្តហោះ​ប្រដេញ​មានមុខ​ងារ​ច្រើន និង​យន្តហោះ​ដឹក​ជញ្ជូន​យោធា ៕