ករណី​នៅ​ពោធិ៍សាត់​៖ ​ក្រុមហ៊ុន​កូ​កា​កូឡា​កំពុង​ត្រួតពិនិត្យ​លើ​ផលិតផល​ខ្លួន

​ក្រុមហ៊ុន កូកាកូឡា (CocaCola) បាន​បញ្ជាក់ថា ក្រុមហ៊ុន​កំពុងធ្វើការ​ត្រួតពិនិត្យ​ផ្ទៃក្នុង ទៅលើ​ផលិតផល​ខ្លួន ដែល​បាន​រក្សាទុក​ក្នុង​បន្ទប់​សំណាក់​គំរូ​របស់​ក្រុមហ៊ុន ដើម្បី​ពិនិត្យមើល​ពី​គុណភាព​ភេសជ្ជៈ​ខ្លួន​ឲ្យ​បាន​ច្បាស់ ក្រោយពី​មានការ​ចុះផ្សាយ​ថា មាន​ប្រជាពលរដ្ឋ​ពុល​ដោយសារ​ទទួលទាន​ភេសជ្ជៈ កូកាកូឡា ។ ។​

​ក្រុមហ៊ុន កូកាកូឡា មិនទាន់​អាច​ឆ្លើយបំភ្លឺ​ឲ្យ​លម្អិត ជុំវិញ​ករណី​ប្រជាពលរដ្ឋ​ពុល​នៅ​ខេត្តពោធិ៍សាត់ បានឡើយ ដោយ​រងចាំ​ការត្រួត​ពិនិត្យមើល​សិន​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី លឹម លី​ណា ប្រធាន​ផ្នែក​ទំនាក់ទំនង និង​កិច្ចការ​សាធារណៈក្រុមហ៊ុន(CocaCola) ដែល​អះអាងថា ក្រុមហ៊ុន​កំពុងធ្វើការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ចំពោះ​គុណភាព​ផលិតផល ដែល​ត្រូវបាន​រក្សាទុក​ក្នុង​បន្ទប់​សំណាក់​គំរូ (Retention Sample) ទៅលើ​ប្រភេទ​ផលិតផល​តែមួយ​នៅក្នុង​ក្រុមហ៊ុន ។​

​អ្នកស្រី លឹម លី​ណា បន្ថែមថា នៅពេលនេះ​ក្រុមហ៊ុន ក៏បាន​ទាក់ទង​ឲ្យ​ភ្នាក់ងារ​របស់ខ្លួន ចុះទៅ​ប្រមូល​ភេសជ្ជៈ កូកាកូឡា ដែល​ប្រជាពលរដ្ឋ​ទទួលទាន​ពុល​នៅ​ខេត្តពោធិ៍សាត់​នោះ ដើម្បីយកមក​ពិនិត្យថា តើ​គុណភាព​ភេសជ្ជៈ កូកាកូឡា ពិត​ជាមាន​បញ្ហា​ដូចជា​ការលើកឡើង​មែនដែរ​ឬ​អត់​? បើតាម​អ្នកស្រី លី​ណា ករណី​ពុល​នៅ​ខេត្តពោធិ៍សាត់ ក៏​អាច​ប្រហែល​មកពី​ប្រជាពលរដ្ឋ​ទាំងនោះ ទទួលទាន​ទឹក​ភេសជ្ជៈ​ចម្រុះ​លាយឡំ​ជាមួយគ្នា ទើប​បណ្ដា​ឲ្យ​មាន​បញ្ហា​ពុល​បែបនេះ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន​ផ្នែក​ទំនាក់ទំនង និង​កិច្ចការ​សាធារណៈ​រូបនេះ​បញ្ជាក់​ដូច្នេះ​ថា​៖ «​គ្រប់​ផលិតផល​របស់​យើង​ទាំងអស់​សុទ្ធ​តែមាន​សុវត្ថិភាព និង​ត្រូវ​បានអនុម័ត​ដោយ​អាជ្ញាធរ​នៅ​ទូទាំង​ពិភពលោក រួមទាំង​នៅ​ប្រទេស​កម្ពុជា​ផងដែរ​។ សុវត្ថិភាព និង​គុណភាព​ផលិតផល​ពិតជា​មាន​សារៈសំខាន់​បំផុត​សម្រាប់​យើង ហើយ​យើង​ប្តេជ្ញាចិត្ត​ក្នុង​ផ្តល់អោយ​អតិថិជន​នូវ​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់​ស្របតាម​ស្តង់ដារ​គុណភាព និង​ច្បាប់​។ បន្ទាប់ពី​បានឃើញ​សារព័ត៌មាន​នេះ ក្រុមហ៊ុន​កំពុងធ្វើការ​ត្រួតពិនិត្យ​ផ្ទៃក្នុង​ចំពោះ​ផលិតផល​ដែល​ត្រូវបាន​រក្សាទុក​ក្នុង​បន្ទប់​សំណាក់​គំរូ (Retention Sample) ទៅលើ​ប្រភេទ​ផលិតផល​តែមួយ ហើយនឹង​ផ្តល់ព័ត៌មាន​បន្ថែម​បន្ទាប់ពី​ទទួលបាន​លទ្ធផល​ពី​ការពិសោធន៍​»​។ 

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ពោធិ៍សាត់ លោក ខេង ទី​តូ បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​ចំនួន​៤៥​នាក់ ដែលបាន​ពុល​ទឹកក្រូច​ម៉ាក កូកាកូឡា នោះ មាន​អាកា​រចុកពោះ ក្អួតចង្អោ និង​ខ្លះទៀត​ពុល​រហូតដល់​នោម​ចេញឈាម និង​មាន​ឈាម​ចេញ​តាម​រោម តាម​ស្បែក​ជាដើម​។​លោក​ថា ប្រជាពលរដ្ឋ​ទាំង​៤៥​នាក់​នោះ មាន​អាការ​ពុល​ជា​បន្តបន្ទាប់​ក្រោយពី​ពួកគេ បាន​ទទួលទាន​ទឹកក្រូច កូកាកូឡា នៅក្នុង​ពិធីសែនព្រេន​ប្ដី​ប្រពន្ធ​១​គូ នៅក្នុង​ភូមិ កាលពី​ថ្ងៃទី​២១ ធ្នូ​កន្លងមក​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រូបនេះ បាន​បន្ថែមថា រហូតមក​ដល់ពេល​មាន​ប្រជាពលរដ្ឋ​ចំនួន​៦​នាក់ ដែលមាន​អា​ការពុល​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​បញ្ជូនមក​មន្ទី​ពេទ្យ​នៅ​ភ្នំពេញ ដើម្បី​សង្គ្រោះបន្ទាន់​ផងដែរ​។​លោក​បញ្ជាក់​ដូច្នេះ​ថា​៖«​មាន​អ្នកខ្លះ​ក្អួតចង្អោ នោម​ឈាម ចេញឈាម​តាម​រោម តាម​ស្បែក រហូតដល់​បញ្ជូនមក​មន្ទី​ភ្នំពេញ​៦​នាក់ ដោយសារតែ​ការពុល​មាន​អាកា​រ​ធ្ងន់ធ្ងរ​ពេក​»​។​

​បើតាម​លោក ខេង ទី​តូ ជា​ជំហាន​ដំបូង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​លើទឹក​ក្រូច ម៉ាក​កូកាកូឡា ដែល​ប្រជាពលរដ្ឋ​ទទួលទាន​ពុល​នេះ ឃើញថា ផលិតផល​ទឹកក្រូច​នេះ គឺ​បាន​នាំចូល​មកពី​ប្រទេស​វៀតណាម ដោយបាន​ចរាចរណ៍​លក់​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​។ ប៉ុន្ដែ​លោក​ថា សមត្ថកិច្ច មិនទាន់​អាច​សន្និដ្ឋានបាន​ទាំងស្រុង​នៅឡើយ​ទេ ដោយ​រងចាំ​មើល​ការសិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់​បន្ថែមទៀត ជុំវិញ​ករណី​ពុល​ទឹកក្រូច កូកាកូឡា នេះ​៕