ភ្លើង​ឆេះ​មន្ទីរពេទ្យ​សម្លាប់​មនុស្ស​២៤​នាក់​នៅ​អា​រ៉ា​ប៊ី សា​អូឌីត​

​មនុស្ស​២៤​នាក់​បាន​ស្លាប់​និង​ប្រហែល ១២៣​នាក់​ទៀត​បាន​រងរបួស ដោយសារ​ករណី​ភ្លើង​ឆេះ​មន្ទីរពេទ្យ​មួយ​នៅ​ភាគ​និរតី​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត​។ គេ​មិនទាន់​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ​ទេ តែ​នេះ​ជា​ករណី​លើក​ទី​ពីរ​ហើយ ដែលមាន​មនុស្ស​ជាច្រើន​បាន​បាត់បង់​ជីវិត ក្រោយ​ហេតុការណ៍​បាក់ដង​ស្ទូច​កាលពី​ខែកញ្ញា​មក​។​

​មនុស្ស​យ៉ាងតិច​២៣​នាក់​បាន​ស្លាប់​និង​១២៣​នាក់​ទៀត​បាន​រងរបួស​ក្នុង​អគ្គីភ័យ​មួយ​នៅឯ​មន្ទីរពេទ្យ​ក្នុង​ភាគ​និរតី​ប្រទេស​អា​រ៉ា​ប៊ី សា​អូឌីត ។ ភ្លើង​បាន​ឆេះ​ចេញពី​បន្ទប់ ICU និង​ចេញពី​បន្ទប់​ថែទាំ​មាតា​នៃ​មន្ទីរពេទ្យ​របស់​ទីក្រុង Jazan ដែលជា​តំបន់​ក្រីក្រ​បំផុត​មួយ​របស់​អា​រ៉ា​ប៊ី សា​អូឌីត​។​

​បើតាម​សាក្សី​ម្នាក់​ដែល​ស្ថិត​នៅក្បែរ​កន្លែងកើតហេតុ ការឆេះ​នេះ​បណ្ដាលមកពី​ឆ្លង​ប្រព័ន្ធ​អគ្គីសនី ហើយ​ភ្លើង​បាន​បន្ត​ឆេះ​រាលដាល​ក្នុង​អាគារ​មន្ទីរពេទ្យ​តែ​ក្នុង​រយៈពេល​បី​នាទី​ប៉ុណ្ណោះ ។ ទីភ្នាក់ងារ​ការពារ​ស៊ីវិល​បាន​បញ្ចេញ​រូបភាព​ជាច្រើន​ដែល​បានបង្ហាញ​ពី​ផ្សែងហុយ​ទ្រលោម​និង​អណ្ដាតភ្លើង​ដែល​បាន​បំផ្លាញ​ផ្នែក​ខាងក្នុង​អាគារ​មន្ទីរពេទ្យ ។ ហើយ​គេ​ឃើញ​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ប្រើ​ជណ្ដើរ​ដើម្បី​ចូលទៅក្នុង​អាគារ​។​

​ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​ជុំវិញ​បញ្ហា​ស្តង់ដា​សុវត្ថិភាព​នៅក្នុង​រាជាណាចក្រ​មួយ​នេះ ។ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Twitter បាន​រិះគន់ថា ភ្លើង​ឆេះ​នេះ​បណ្ដាលមកពី​ការធ្វេសប្រហែស​របស់​ម​ន្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​។ អ្នករាយការណ៍​ព័ត៌មាន​តំបន់ al-Ekhbariya បាន​អះអាងថា ទ្វារ​ចេញ​បន្ទាន់​របស់​មន្ទីរពេទ្យ​បាន​ចង​ជាប់​ជាមួយ​ច្រ​វ៉ា​ក់ ហើយ​ថា មន្ទីរពេទ្យ​នេះ​ក៏​ធ្លាប់​ទទួល​ការព្រមាន​ពី​បញ្ហា​សុវត្ថិភាព​ផងដែរ​។

​យ៉ាងណាក៏ដោយ ប្រធាន​កិច្ចការ​សុខភាព​ប្រចាំ​តំបន់​លោក Ahmed al-Sahli បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ​។ លោក al-Sahli បាន​បញ្ជាក់ថា មាន​មនុស្ស​ជាច្រើន​បាន​រត់ចេញ​ទាន់ពេលវេលា​តាមរយៈ​ទ្វារ​ដែល​បាន​បើក ហើយ​ឧបករណ៍​សង្គ្រោះបន្ទាន់​ក៏​មាននៅ​កន្លែងកើតហេតុ​ដែរ​។

​នេះ​គឺជា​គ្រោះមហន្តរាយ​មួយទៀត ក្រោយ​ហេតុការណ៍​បាក់​រលំ​ដង​ស្ទូច​កាលពី​ខែកញ្ញា​កន្លងទៅ ។ ពេលនោះ មន្ត្រី​អា​រ៉ា​ប៊ី សា​អូឌីត​បាន​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៧៦៩​នាក់​បាន​ស្លាប់ តែ​ចំនួន​នេះ​មានការ​កើនឡើង​បើតាម​ទិន្នន័យ​របស់​ប្រទេស​នៃ​ជនរងគ្រោះ​៕