តុលាការ​ខេត្ត​ស្វាយរៀង​បន្ត​សាកសួរ​អ្នក​បើក​ឡាន​ដឹក​កម្មករ​ក្រុង​បាវិត​ទាំង​៦​នាក់

អ្នក​បើក​ឡាន​ទាំង៦នាក់ ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់ទុក នៅ​ព្រហ្មទណ្ឌ ខេត្តស្វាយរៀង​ចំនួន​ពីរ​យប់​នោះ កំពុង​បន្ត​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង​នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ទាក់ទង​នឹង​ករណី​ដឹក កម្មករ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល នៅ​ក្រុង​បាវិត។

ចំណែក​សាច់ញាតិ​របស់​អ្នក​បើកបរ ក៏​បន្ត​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាងមុខ​សាលាដំបូង​ខេត្ត ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​អ្នក​នោះ​វិញ ដោយ​អះអាង​ថា ពួកគេ​មិនមែន​ជា​កម្មករ​ដែល​ធ្វើ​កូដកម្ម​ហិង្សា​ឡើយ។

មន្ត្រី​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ(LICADHO) លោក នុត បូពិណ្ណារ័ត្ន ឲ្យ​ដឹង​ថា អ្នក​បើកបរ​ទាំង​នោះ រួមមាន​ឈ្មោះ ឡិក វិចិត្រ អាយុ​២៩​ឆ្នាំ តេន សម្បត្តិ អាយុ​២៨​ឆ្នាំ កែវ ប្រុស អាយុ​៣៣​ឆ្នាំ ឡាង ផល្លី អាយុ​​២០​ឆ្នាំ សួស យ៉េត អាយុ​៤៣​ឆ្នាំ និង​ទាវ ផល្លី អាយុ​​៤៧​ឆ្នាំ។ ពួកគេ​ត្រូវ​បាន​ឃាត់ខ្លួន បន្ទាប់​ពី​អាជ្ញាធរ​ហៅ​ទៅ​ប្រជុំ​នៅ​តាម​ស្រុក រួច​បញ្ជូន​ទៅ​ស្នងការ​ខេត្ត។ ការ​ឃាត់​ខ្លួន​នេះ សូម្បី​តែ​ប្រពន្ធ និង​សាច់ញាតិ ក៏​មិន​បាន​ដឹង​ឡើយ ព្រោះ​អាជ្ញាធរ​ព្យាយាម​កុហក ។

ដោយឡែក កម្មករ៤នាក់ផ្សេងទៀត ក៏​មិន​ទាន់​ត្រូវ​បាន​ដោះលែង​តាម​កិច្ចព្រមព្រៀង​ដែល​បាន​ប្រជុំ នៅ​សាលាក្រុង​បាវិត កាល​ពី​ថ្ងៃទី២២ ខែ​ធ្នូ​ឡើយ ហើយ​បើ​ទោះ​បី​ជា​មេធាវី បាន​ដាក់​ពាក្យ​ស្នើ​សុំ​នៅ ក្រៅ​ឃុំ​រួចរាល់​ក្តី។

យ៉ាងណា​ក៏​ចុះ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ កម្មករ​រោងចក្រ​នៅ​តំបន់សេដ្ឋកិច្ចពិសេស​មេនហាតធេន (Manhattan) និង​តាយសេង (Tai Seng) បាន​ចូល​ធ្វើ​ការ​ធម្មតា មិន​មាន​ការ​ប្រមូល​ផ្ដុំ​ទៀត​ឡើយ។ ប៉ុន្តែ​មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ជា ឧត្ដម រាយការណ៍​ថា ថ្វី​ត្បិត​ស្ថានភាព​ស្ងប់ស្ងាត់​ធម្មតា​ឡើងវិញ​ក្តី តែ​កម្មករ​មួយ​ចំនួន នៅ​មិន​ទាន់​ពេញចិត្ត​ចំពោះ​ការ​ចាប់ខ្លួន​អ្នក​បើក​ឡាន និង​កម្មករ​ទាំង​៤​នាក់​នោះ​ឡើយ។

បញ្ហា​នេះ លោក​ព្រួយ​បារម្ភ​ពី​សភាពការណ៍​តានតឹង អាច​នៅ​ឡើង​កម្ដៅ​វិញ បើ​អាជ្ញាធរ​ខេត្ត មិន​អនុវត្ត​ទៅ​តាម​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ធ្នូ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។