សត្វ​រស់និង​សាច់សត្វ​​៧​ប្រភេទ ត្រូវ​សមត្ថកិច្ច​​បង្ក្រាប​បាននៅ​លំនៅ​ឋានឃុំវាល​រេញ

ខេត្ត​ព្រះ​សីហ​នុ ៖ សត្វ​រស់ និង​សាច់សត្វ​ចំនួន​៧​ប្រភេទ ត្រូវ​បាន​អង្គការ​វ៉ា​យ​ឡាយ​អ​ល​ឡាយ​អិន (Wildlife Alliance) សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើការ​បង្ក្រាប កាលពី​វេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ នៅ​ចំណុច​ភូមិ​វាល​មាស ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ។ 

មន្ត្រីសមត្ថកិច្ច​ជំនាញ បានឱ្យ​ដឹង​ថា សត្វ​រស់​និង​សាច់សត្វ ដែល​សមត្ថកិច្ច​បង្ក្រាប​បាន រួម​មាន សត្វ​អណ្តើក​រស់​៥​ក្បាល សត្វ​អា​ញី​៥​ក្បាល (​រស់​២) សាច់សត្វ​កាំប្រមា​ចំនួន​៧,៣​គីឡូក្រាម សាច់​ជ្រូកព្រៃ​២,៥​គីឡូក្រាម សំពោច​ងាប់​១​ក្បាល ក្តាន់​ញ៉ែង​ងាប់​១​ក្បាល និង​ពស់​ចាន់​ល្មម​(​រស់​)៨​ក្បាល ស្មើនឹង​៩,៥​គីឡូក្រាម ។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​ប្រព្រឹត្ត​ដែល​ជា​ម្ចាស់​បទល្មើស​នេះ​ឈ្មោះ​ ទេ​ប ​ចំរើន​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ដែល​ជា​លំនៅ​​​ឋាន មិនមែន​ជា​ហាង​លក់ដូរ​ផឹកស៊ី​នោះ​ទេ  ។ ​ចំពោះ​សត្វ​​រស់ ដូច​ជា​​អា​ញី​​១​​ក្បាល​ឈឺ​ជើង​ផង​នោះ ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​ទៅ​ភ្នំតា​ម៉ៅ​ដើម្បី​ព្យាបាល ​រីឯ​សត្វ​ងាប់​និង​សាច់សត្វ​ត្រូវ​បាន​​សមត្ថកិច្ច​ដុត​បំផ្លាញ​ចោលនៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​វាល​រេញ​ភ្លាម​ៗ ​៕