លីក​២ ត្រូវ​ដាក់​ឲ្យ​ប្រកួត​ ខណៈ​ក្រប​​ខ័ណ្ឌ MCL និង​ពាន​សម្តេច​ហ៊ុន​សែន ផ្លាស់​ប្តូរ​រូប​មន្ត

នៅ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ អ្នក​ទស្សនា​វិស័យ​បាល់​ទាត់​នៅ​កម្ពុជា នឹង​ទទួល​បាន​ទស្សនាការ​​ប្រកួត​បាល់​ទាត់​ស្ទើរពេញ​មួយ​ឆ្នាំ​តែ​ម្តង ព្រោះ​ពេល​នេះ​សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា(FFC) បាន​សម្រេច​ជា​ផ្លូវ​ការ​ហើយ ក្នុង​ការ​ដាក់​ឲ្យ​មាន​ការ​ប្រកួត​ក្របខ័ណ្ឌ​​ខេមបូឌាន​លីក​២(Cambodian League II) ខណៈ​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក(MCL) និង​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន ត្រូវ​បាន​ផ្លាស់​ប្តូរ​រូប​មន្ត​នៃ​ការ​ប្រកួត កាន់​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍។

league-003ការ​សម្រេច​បង្កើត​ឲ្យ​មានការ​ប្រកួត​ Cambodian League II និងការ​កំណត់​រូប​មន្ត នៃ​ការ​ប្រកួត​ក្រប​ខ័ណ្ឌ​កំពូល ឬ​លីក​១ និង ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន ឆ្នាំ​២០១៦ ត្រូវ​បាន​លោក ម៉ៃ តុលា អគ្គ​លេខាធិការ​រង​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា លើក​យក​​មកនិយាយ​នៅ​ក្នុង​សិក្ខាសិលា ដែល​បាន​រៀបចំ​ធ្វើ​ឡើង នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ដើម្បី​​​ឲ្យ​គ្រូ​បង្វឹក និង​តំណាង​ក្លិបនីមួយៗ ជា​ដៃ​គូ​ បាន​​ជ្រាប់​ជា​ព័ត៌​មាន ។
​តាម​ខ្លឹមសារ​នៃ​ការ​ពន្យល​របស់​លោក ម៉ៃ តុលា រួម​ទាំង​​ឯក​សារ​ផ្លូវ​​ការ​របស់ FFC បាន​ឲ្យ​ដឹង​ថា ការ​ប្រកួត​​មិត្ត​ហ្វូនខេមបូឌាន​លីក ឆ្នាំ​២០១៦​នេះ គឺ​មាន​ក្រុម​ចូល​រួម​ចំនួន​១២​ ដែល​​​មាន​ការ​ប្រកួត​ក្រៅ​ទឹក​ដី និង​ក្នុង​ទឹក​ដី (Home/Away) ដូច​ឆ្នាំ​មុន​ដដែល​ ខណៈ​ក្រុម​នីមួយៗ​អាច​ដាក់​កីឡាករ​បរទេស​បាន​៤​នាក់ ប៉ុន្តែ​ការ​ប្រកួត​​រដូវ​កាល​ថ្មី​នេះ ​អត់​មាន​វគ្គ Play Off (វគ្គ​ខ្វែង)​នោះ​ទេ គឺ​មាន​ន័យ​ថា ​ក្រុម​ទាំង​១២​ត្រូវ​​ប្រកួត​វិល​ជុំ​​​ចំនួន​២​ជើង ហើយ​ក្រុម​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ នឹង​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។

league-002
ចំណែក​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច​ហ៊ុន​សែន ឆ្នាំ​២០១៦ មាន​ការ​ប្រកួត​ជា​២​ដំណាក់​កាល​ដូច​មុន​ដែរ គឺ​​ដំណាក់​កាល​ប្រកួត​ជម្រុះ​តាម​​តំបន់​ទាំង​៦ និង​ការ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ។ ប៉ុន្តែ​​ការ​ប្រកួត ដែល​ចាប់​ដំណើរ​ការ​ពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ដល់​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ មាន​លក្ខណៈ​ប្លែក​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​ឆ្នាំ​២០១៥ ព្រោះ​នៅ​ក្នុង​តំណាក់​កាល​ទី​១ ឬ​វគ្គ​ជម្រុះ​តាមតំបន់​ទាំង​៦​ តម្រូវ​ឲ្យមាន​​ការ​ប្រកួតក្រៅ​ទឹក​ដី និង​ក្នុង​ទឹក​ទី តែ​ការ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ រួម​មាន​វគ្គ​៨​ក្រុម វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​នោះ គឺ​ប្រកួត​ជម្រុះ​ដូចសព្វ​ដង។
ចំពោះ​ក្រប​ខ័ណ្ឌខេមបូឌាន​លីក​២ ដែល​ទើប​នឹង​ត្រូវ​បង្កើត​ឡើង នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​​ដើម​​ខែ​មេសា ​ឆ្នាំ​២០១៦​ ដល់​ខែ​មិថុនា។ ក្រុម​ដែល​មាន​សិទ្ធិ​ចូល​រួម​ក្នុង​ក្របខ័ណ្ឌ​នេះ គឺ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួត​ជម្រុះ​តាម​តំបន់​ទាំង​៦ នៃ​ពាន​រង្វាន់​សម្តេច​ហ៊ុនសែន ដោយ​អ្នក​ចូល​រួម ត្រូវ​មាន​អាយុ​ក្រោម​២១​ឆ្នាំ​​ពាក់​កណ្ដាល​ និង​អាយុ​​២១​ឆ្នាំ​ឡើង​ពាក់​កណ្តាល ប៉ុន្តែ​ការ​ប្រកួត​នេះ​គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​កីឡាករ​បរទេស​ចូល​រួម​នោះ​ទេ។
ចំណែក​រូប​មន្ត​នៃ​ការ​ប្រកួត​ខេមបូឌាន​លីក​២ ដូច​គ្នា​ទៅ​នឹង​ការ​ប្រកួត​ក្របខ័ណ្ឌ​លីក​កំពូល​ដែរ គឺ​មាន​​តែ​ការ​ប្រកួត​វិល​ជុំ​ប៉ុណ្ណោះ អត់​មាន​វគ្គ Play off នោះ​ទេ ហើយ​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១ និង​​លេខ​២ នៃ​ការ​ប្រកួត​​លីក​២ នឹង​ត្រូវ​​ឡើង​ទៅ​លេង​ក្នុង​ក្របខ័ណ្ឌ​​កំពូល នៅ​ឆ្នាំ​២០១៧។ រីឯ​២​ក្រុម​កាត់​ចេញ​ពី​លីក​កំពូល ត្រូវ​ធ្លាក់​មក​លេខ​នៅ​លីក​២ ខណៈ​២​ក្រុម​មាន​ពិន្ទុ​តិច​ជាង​គេ​ក្នុង​​លីក​២ ត្រូវ​ធ្លាក់មក​លេង​នៅ​ពាន​សម្តេច​ហ៊ុន​សែន ហើយ​​ក្រុម​លេខ​១ និងលេខ​២​ពាន​ហ៊ុនសែន ត្រូវ​ឡើង​ទៅ​លេខ​នៅ​​លីក​២ ឆ្នាំ​២០១៧៕

league-001