​ក្រុម​ខ្លាំង​ទាំង​១០ ប្រជែង​គ្នា​យក​ពាន​ស្ពន​ស័រ នៅ​ចុង​សប្តាហ៍​នេះ

ក្រុម​ខ្លាំង​ចំនួន​១០​តំណាង​ឲ្យ​មណ្ឌល​ទាំង​​​៥​ នឹង​ត្រូវ​ធ្វើ​ការ​ប្រកួតប្រជែង​គ្នា​ក្នុង​​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ ដើម្បី​​ដណ្តើមយក​​ពាន​រង្វាន់​ភេសជ្ជៈស្ពនស័រ ​ប្រចាំ​ឆ្នាំ ២០១៥ (Sponsor Futsal Cup 2015) នៅ​លើ​តារាង​សិប្បនិម្មិត Premium Sport Club នា​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​​ចុង​សប្តាហ៍​នេះ។

sponsor-001នេះ​ជា​ការ​​ប្រកួត​ប្រជែង​ដ៏​សំខាន់បំផុត ដើម្បី​រក​ក្រុម​ម្ចាស់​ជើង​ឯក ​ប្រចាំ​រដូវ​កាល​នេះ ខណៈ​ក្រុម​ទាំង​១០ ដែល​​បាន​ឈ្នះ​កៅអី​មក​ពី​មណ្ឌល​ចំនួន​៥ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បីធ្វើ​ការ​ប្រកួត​គ្នា នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ ខាង​មុខ​នេះ ខណៈ​ប្រាក់​រង្វាន់​យ៉ាង​ច្រើន​កំពុង​ទន្ទឹង​រង់​ចាំ​ក្រុម​ម្ចាស់​ជយ​លាភី។
ចំពោះ​ក្រុម​ទាំង​១០ ដែល​មាន​សិទ្ធិ​ឡើង​មក​ប្រកួត​នៅ​​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​នេះ​រួម​មាន​ក្រុម​លេខ​១ Victory FC និង​ក្រុម​លេខ​២ Ovmal Ture Brand ​របស់​មណ្ឌល​ភ្នំពេញ ក្រុម​លេខ​១ FC Crown និង​ក្រុម​លេខ​២ GABANA FC របស់​មណ្ឌល​​ខេត្ត​បាត់​ដំបង ក្រុម​​លេខ​១ ​សៀម​រាបអេហ្វស៊ី និង​ក្រុម​លេខ​២ LEGENDS FC មក​ពី​​មណ្ឌល​ខេត្ត​សៀម​រាប ក្រុម​ជើង​ឯក​ក១៥៧​ខេត្ត​ព្រះសីហនុ និង​ក្រុម​ជើង​ឯក​រង ​តោមាស មក​ពី​មណ្ឌល​ខេត្ត​ព្រះសីហនុ ​ក្រុម​​លេខ​១ Red DML FC និង​ក្រុម​លេខ​៣ ដានីញ៉ែល(B)(ដាក់​ជំនួស​ក្រុម​​លេខ​២ ​អាណា​ចក្រ​បៃតង​អេហ្វស៊ី ដែល​បាន​ដក​ខ្លួន) មក​ពី​​មណ្ឌល​ខេត្ត​កំពង់​ចាម។

sponsor-002

sponsor-003
តំណាង​ក្រុម​ទាំង​១០​នេះ ​ត្រូវ​​​​បែង​ចែកជា​២​ពូល ហើយ​​រូប​មន្ត​នៃ​ការ​ប្រកួត​​វិញ​ គឺនៅ​តាម​​ពូល​ទាំង​​២ ​ត្រូវ​ធ្វើការ​ប្រកួត​ជម្រុះ ចាប់​ពី​ព្រឹក​ម៉ោង​៧ថ្ងៃសៅរ៍​​ត​ទៅ ដើម្បី​រក​ក្រុម​លេខ​១ និង​លេខ​២​តំណាង​ឲ្យ​ពូល​​នីមួយៗ ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ផ្តាច់​ព្រ័ត្រ ដែល​នឹង​ធ្វើ​នៅ​ថ្ងៃ​អាទិត្យ។
លោក សឹម សានត្រាន អ្នក​រៀបចំ​ការ​ប្រកួត​ពាន​រង្វាន់​ភេសជ្ជៈ​ Sponsor មាន​ការ​ជឿ​ជាក់​យ៉ាង​ខ្លាំង​ថា ការ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​នេះ នឹង​ដមណើរ​ការ​ទៅ​បាន​យ៉ាង​រលូន និង​ពោរពេញ​ដោយ​ការ​ទាក់​ទាញ ដោយ​លោក​បាន​​​និយាយ​ថា៖​«​ក្រុម​ទាំង​១០ ដែល​​ត្រូវ​ប្រកួត​នៅ​វគ្គ​នេះ សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង​តំណាង​ឲ្យ​មណ្ឌល​ខុសៗ​គ្នា ហេតុ​នេះ​ខ្ញុំ​ជឿ​ថា ការ​ប្រកួត​នេះ នឹង​ទទួល​បាន​ការ​គាំ​ទ្រ​ខ្លាំង​ពី​អ្នក​ទស្សនា ជា​មិន​ខាន​ឡើយ»។
គួរ​បញ្ជាក់​ថា ​នៅ​ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ផ្តាច់​ព្រ័ត្រ​នេះ ក្រុម​ម្ចាស់​ជើង​ឯក នឹង​ទទួល​បាន​ប្រាក់​៨​លាន​រៀល ក្រុម​លេខ​២​បាន​៦​លាន​រៀល ក្រុម​លេខ​៣​បាន​៤​លាន​រៀល ឯ​ក្រុម​​ធ្លាក់​ពី​ការ​ប្រកួតគឺ​ក្រុម​លេខ​៤ ដល់​​ក្រុម​លេខ​១០ ក៏​ទទួល​បាន​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត ក្នុង​១​ក្រុមៗ​ចំនួន​២​លាន​រៀល​ផង​ដែរ។ រីឯ​ក្រុម Fair play បាន​៥០​ម៉ឺន​រៀល​ ខណៈ​​អ្នក​ទាត់​បាល់​ចូល​ទី​ច្រើន​ជាង​គេ អាច​នឹង​ទទួល​បាន​ប្រាក់​ពី​ការ​ពិន័យ​កាត​​លឿង និង​កាត​ក្រហម គឺ​យ៉ាង​ហោច​ក៏​បាន​១​លាន​រៀលដែរ៕

sponsor-004