តើ​គ្រិស្តបរិស័ទ​មាន​ចំណែក​អ្វី​ខ្លះ​ជួយ​ដល់​សង្គម​កម្ពុជា?

សាកលលោក​ទាំង​មូល​បាន​ប្រើប្រាស់​ឆ្នាំ​កំណើត​ព្រះយេស៊ូវគ្រីស្ទ រាប់​ជា​ឆ្នាំ​សាកល។ ជាមួយ​គ្នា​នេះ ឲ្យ​តែ​ដល់​ខែ​ធ្នូ ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស (Christmas) ឬ​បុណ្យ​នូអែល (Noel) យ៉ាង​សប្បាយ​រីករាយ។

នៅ​កម្ពុជា​វិញ ចំនួន​គ្រិស្តបរិស័ទ​ក្នុង​ប្រទេស​នេះ ក៏​មាន​ចំនួន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ អ្នក​ធ្វើការ​ក្នុង​វិស័យ​នេះ អះអាង​ថា បច្ចុប្បន្ន​មាន​អ្នក​ជឿ​លើ​ព្រះយេស៊ូវ​ប្រមាណ​៣​% នៃ​ចំនួន​ប្រជាជន​សរុប​ប្រមាណ​១៥​លាន​នាក់ ឬ​មាន​ចំនួន​ប្រហែល​៤៥​ម៉ឺន​នាក់។

តើ​គ្រិស្តបរិស័ទ​រួម​ចំណែក​ជួយ​អ្វី​ខ្លះ​ដល់​សង្គម​កម្ពុជា?

តើ​ពួកគេ​ធ្វើ​អ្វី​ខ្លះ​ដើម្បី​អបអរសាទរ​ឬ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស?

បេសកកម្ម​នៃ​អង្គការ​គ្រីស្ទាន (Christian) នៅ​កម្ពុជា មាន​គោលបំណង​ផ្ដល់​នូវ​សេចក្ដី​ស្រលាញ់​ដល់​ប្រជាពលរដ្ឋ​មិន​ប្រកាន់​និន្នាការ​នយោបាយ ឬ​សាសនា ចូល​រួម​ចំណែក​ជួយ​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត និង​សីលធម៌​របស់​មនុស្ស​ដើម្បី​ការ​រីកចម្រើន​ប្រទេស ក្នុង​ការ​រស់នៅ​ដែល​ជា​កោសិកា​សង្គម​ជាតិ។

នាយក​អង្គការ​និស្សិត​និង​ប្រជាជន​កម្ពុជា​សម្រាប់​ព្រះគ្រីស្ទ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ស៊ី​ស៊ី​ស៊ី (CCC) លោក ទូច បូរិន មាន​ប្រសាសន៍​ថា ក្រៅ​អំពី​ធនធាន​មនុស្ស​កត្តា​សីលធម៌​របស់​មនុស្ស​គឺ​ជា​កត្តា​ស្លាប់​រស់​មិន​អាច​ខ្វះ​បាន ដែល​អង្គការ​គ្រីស្ទាន​យក​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​គោល​ក្នុង​ការ​អនុវត្ត​ការងារ។ លោក​ថា គោលការណ៍​សំខាន់​ដែល​អង្គការ​គ្រីស្ទាន​នៅ​កម្ពុជា​កំពុង​បំពេញ​គឺ​ការ​នាំ​មក​នូវ​សេចក្ដី​ស្រលាញ់​មក​ឲ្យ​ប្រជាជន​កម្ពុជា«នៅ​ក្នុង​ស្រុក​ខ្មែរ​សព្វ​ថ្ងៃ​មាន​អង្គការ​គ្រីស្ទាន​ច្រើន​ណាស់​ចុះ​មក​ធ្វើ​ការងារ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​នេះ​បាន​ជួយ​ច្រើន ទាក់ទង​ទៅ​នឹង​ការ​អភិវឌ្ឍន៍​សហគមន៍។ ជំនួយ​ទាំង​អស់​គឺ​បាន​មក​ពី​គ្រិស្តបរិស័ទ​ទូទាំង​ពិភពលោក។ អ្នក​ខ្លះ​រត់​តាក់​ស៊ី អ្នក​ខ្លះ​ស៊ី​ឈ្នួល​ធ្វើ​នំ​ឲ្យ​គេ អ្នក​ខ្លះ​ធ្វើ​ចម្ការ​បេះ​ប៉ម​បេះ​អី​ឲ្យ​គេ មិន​ត្រឹម​ប៉ុណ្ណេះ​បងប្អូន​នៅ​ក្នុង​ស្រុក​ក៏​បាន​ដាក់​ដង្វាយ​ជួយ​ទៅ​ដែរ។ យើង​អត់​មាន​គំនិត​ចែក​ជូន​ឲ្យ​គេ​ជឿ​ព្រះយេស៊ូវ​អត់​ទេ គ្រាន់​តែ​ប្រាប់​ថា​នេះ​គឺ​ជា​សេចក្ដី​ស្រលាញ់​យើង​ស្ដាប់​បង្គាប់»

លោក ទូច បូរិន មាន​ប្រសាសន៍​ទៀត​ថា មូលហេតុ​តែ​មួយ​គត់​សម្រាប់​គ្រីស្ទាន ឬ​អ្នក​មាន​ជំនឿ​លើ​ព្រះយេស៊ូវ ដែល​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស (Christmas) ឬ​បុណ្យ​នូអែល (Noel) គឺ​ជា​ថ្ងៃ​រំលឹក​ពី​កំណើត​របស់​ព្រះ​ដែល​បាន​យាង​មក​ប្រសូត​លើ​ផែនដី ដែល​ជា​កាដូ​សង្គ្រោះ​មនុស្ស​កាល​ពី​ជាង ២​ពាន់​ឆ្នាំ​មុន៖ «នៅ​ក្នុង​គម្ពីរ​យ៉ូហាន​ជំពូក​៣ ខ​១៦​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ត្បិត​ព្រះ​ទ្រង់​ស្រលាញ់​មនុស្ស​លោក​ដល់​ម្ល៉េះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះរាជ​បុត្រា​ទ្រង់​តែ​មួយ​ឲ្យ​ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះរាជ​បុត្រា​នោះ​នឹង​មិន​ត្រូវ​វិនាស​ឡើយ​គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជានិច្ច​វិញ។ ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​នេះ ។ ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​គឺ​ជា​អំណោយ​ដែល​គិត​ថ្លៃ ទោះ​បី​ជា​អ្នក​ឯង​មិន​គួរ​នឹង​ទទួល​នេះ​ក៏​ដោយ ​ពី​ព្រោះ​អំណោយ​ព្រះអង្គ​ឥត​លក្ខខណ្ឌ។ ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​អំណោយ​នៃ​មនុស្ស បាន​ជា​គ្រិស្តបរិស័ទ​យក​រូបភាព​នេះ​ឲ្យ​កាដូ​គ្នា​ទៅ​វិញ​ទៅមក»

នៅ​ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ បាន​កត់ត្រា​ថា មាន​ព្រឹត្តិការណ៍​នៅ​ភូមិ​បេថ្លេហ៊ឹម ក្នុង​ស្រុក​យូដា ប្រទេស​អ៊ីស្រាអែល ដោយ​ទេព្ដា​បាន​លេច​មក​ប្រាប់​ដល់​អ្នក​គង្វាល​ហ្វូង​ចៀម​នៅ​ពេល​រាត្រី​ត្រជាក់ ថា​នឹង​មាន​អង្គ​រាជ​បុត្រា​មួយ​អង្គ​ព្រះនាម ព្រះយេស៊ូវគ្រីស្ទ យាង​មក​ប្រសូត​លើ​ផែនដី​នេះ សម្រាប់​ជួយ​មនុស្ស​ឲ្យ​រួច​ពី​អំពើ​បាប ដែល​ជា​អំណោយ​របស់​ព្រះ​សម្រាប់​មនុស្ស។ ទំនាយ​ជាង​៣​រយ​ទំនាយ​ដែល​បាន​ទាយ​ទុក​ដោយ​ហោរ៉ា​បាន​សម្រេច​លើ​រូប​អង្គ​ព្រះយេស៊ូវគ្រីស្ទ ដែល​យាង​មក​ប្រសូត​ជា​មនុស្ស​នៅ​លើ​ផែនដី គឺ​មាន​ចម្លើយ​តែ​មួយ​គត់​ឲ្យ​មនុស្ស​ទទួល​បាន​នូវ​ជីវិត​រួច​ពី​អំពើ​បាប គឺ​ជា​ជីវិត​អស់​កល្ប​ជានិច្ច។

ដើម្បី​ចូល​រួម​អបអរ​សាទរ​ពិធី​បុណ្យ​គ្រីស្ទម៉ាស​នេះ នៅ​ប្រទេស​កម្ពុជា មិន​ថា​តែ​អ្នក​ជឿ​លើ​ព្រះយេស៊ូវ ដែល​គេ​ធ្វើ​នៅ​តាម​ព្រះវិហារ និង​នៅ​តាម​ផ្ទះ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​នៅ​តាម​សាលា​ឯកជន ក្រុមហ៊ុន ផ្សារ​ទំនើប និង​ហាង​លក់​ដូរ​នានា ក៏​ត្រូវ​បាន​គេ​តុប​តែង​ដើម​ឈើ​ស្រល់​យ៉ាង​ធំ ដែល​គេ​ហៅ​ថា ដើម​គ្រីស្ទម៉ាស ឬ​Christmas tree តាំង​លំអ និង​មាន​ដាក់​តាំង​ដោយ​អំពូល​ភ្លើង​ពណ៌ បូ​ក្រហម កណ្ដឹង និង​វត្ថុ​ភ្លឺផ្លេក រួម​ទាំង​កាដូ​តូច​ធំ​ជាច្រើន​ទៀត អម​ដោយ​បទ​ចម្រៀង​លាន់​ឮ​រំពង ដើម្បី​ទាក់ទាញ​ភ្ញៀវ និង​លក់​បញ្ចុះ​តម្លៃ​ទៀត​ផង។

ក្រុម​ជំនុំ​នៃ​ព្រះវិហារ​ជីវិត​ថ្មី រាជធានី​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បុណ្យ​គ្រីស្ទម៉ាស ឬ​បុណ្យ​ណូអែល កាល​ពី​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៥ ដោយ​ការ​ច្រៀង​អបអរ​សាទរ​នៅ​ក្នុង​ពេល​ប្រារព្ធ។

ឱកាស​មួយ​ខែ​ពេញ​នៅ​អំឡុង​ខែ​ធ្នូ សម្រាប់​ប្រទេស​អឺរ៉ុប គេ​តែង​ឈប់​សម្រាក​ពី​ការងារ ដែល​គេ​ហៅ​ថា វ៉ាកង ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា ហូលីដេ (Holiday) វេលា​ឈប់​សម្រាក​នេះ​ហើយ​ដែល​អាច​ឲ្យ​ពួក​គេ​ជួប​ជុំ​ក្រុម​គ្រួសារ​ញាតិ​មិត្ត​ជិត​ឆ្ងាយ ទទួល​ទាន​អាហារ​រួម​គ្នា និង​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។