ថ្ងៃ​ទី​២៩ ​ធ្នូ បើក​សវនាការ​រឿង​ក្តី​ប៉ង​សម្លាប់​ភរិយា​ និង​រំលោភ​កូនស្រី​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​

​រាជ​ធានី​ភ្នំពេញ ៖ សំណុំ​រឿង​ផ្តើម​គំនិត​ក្នុង​ការ​រៀបចំ​គម្រោង​រំលោភ​សេព​សន្ថវៈ និង​សម្លាប់​ភរិយា និង​កូនស្រី​របស់​​លោក​ទេស​​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់ថុល ​រដ្ឋ​មន្ត្រី​​ក្រសួង​ពាណិជ្ជ​កម្ម​ នឹង​ត្រូវ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បើក​សវនាការ​នៅ​ព្រឹក​ថ្ងៃទី​២៩ ធ្នូ ​​២០១៥ ខាង​មុខ​នេះ ។ នេះ​បើ​តាម​ការ​បញ្ជាក់​​របស់​លោក ជា ច័ន្ទ​រ៉ាវី មេ​ធាវី​ការ​ពារ​សិទ្ធិ​អ្នក​ស្រី​ ឡាយ ហួង ។​

គួរ​រំឭក​ថា ​​អ្នក​ស្រី ឡាយ ហួង ត្រូវ​បាន​ប៉ូលិស​ Interpol ​ឃាត់ខ្លួន​ក្នុង​ទឹកដី​​ប្រទេស​ថៃ​កាល​ពី​​ថ្ងៃ​ទី​២២ ធ្នូ ​២០១៤ ​កន្លង​ទៅនេះ ​តាម​ការស្នើ​របស់​សមត្ថកិច្ច​កម្ពុជា ​ពាក់​ព័ន្ធ​នឹង​ករណី​ផ្តើម​គំនិត​​ក្នុង​ការ​រៀប​ចំ​គម្រោង​​រំលោភ​ និង​​សម្លាប់​​លោកស្រី ស៊ុន សូត្ថា ភរិយា និង​កូនស្រី​​របស់​លោក ស៊ុន​ ចាន់ថុល កាល​ពី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ២០១០ ។​

អ្នក​ស្រី ឡាយ ហួង ធ្លាប់​បាន​ដាក់​ពាក្យ​ស្នើ​សុំ​​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​ជា​ច្រើន​លើក​ច្រើន​សារ​ តែ​ត្រូវ​បាន​តុលា​ការ​ទាំង​៣ជាន់​ថ្នាក់​បដិសេធ​ចោល ។ អ្នក​ស្រី​ធ្លាប់​បដិសេធ​ថា ពុំ​បាន​រៀបចំ​គម្រោង​បទ​ល្មើស​​ឧក្រិដ្ឋ​នេះ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ ៕