តុល្យការ​មនុស្ស​ពុល​នៅ​ស្រុក​បាកាន​កើន​ដល់​៣៦​នាក់ ក្នុង​នោះ​៧​នាក់​នោម​ឈាម​ធ្ងន់ធ្ងរ

ខេត្តពោធិ៍សាត់ ៖ មនុស្ស​ស្រី​ប្រុស​ចាស់​ក្មេង​៣៦​នាក់​ក្នុង​ចំណោម​ភ្ញៀវ​ជា​ច្រើន​នាក់​ទៀត​បាន​ពុល​ចំណីអាហារ​ក្នុង​ពិធីសែនព្រេន​ស្វាមីភរិយា​មួយគូ​កាល​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ នៅ​ភូមិ​តាំងគោក ឃុំ​តា​លោ ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

ជន​រង​គ្រោះ​ខ្លះ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ ខ្លះទៅ​មន្ទីរពេទ្យ​បង្អែក​បឹង​ខ្នារ ខ្លះទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​នៅ​ថ្ងៃ​ទី​២៥​ធ្នូ​នេះ ដោយ​សារ​ស្ថានភាព​អ្នកជំងឺ​មួយ​ចំនួន​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង​ពេក ក៏​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯ​ភ្នំពេញ​ចំនួន​៧​នាក់​ហើយ ។

លោក​វរសេនីយ៍ទោ នាង វុ​ធ អធិការ​នគរបាល​ស្រុក​បាកាន បាន​ឲ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ធ្នូ​នោះ នៅ​ភូមិ​តាំងគោក ឃុំ​តា​លោ មាន​ពិធីសែនព្រេន​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់​មួយគូ​ ដែល​ប្ដី​ឈ្មោះ​ ហុ​ន ហន អាយុ​៤៦​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ វិ​ន ភឿន អាយុ​៣៨​ឆ្នាំ ។ បន្ទាប់​ពី​ពិធីសែនព្រេន​តាម​ប្រពៃណី​រួច​សាមី​ដើមការ​បាន​អញ្ជើញ​ភ្ញៀវ​បួន​ប្រាំ​តុ​ពិសារ​អាហារ ដើម្បី​អបអរសាទរ និង​ទទួល​ដឹង​ឮ​គូ​ស្វាមីភរិយា​ថ្មី ។ លោក​អធិការ​បន្ត​ថា ម្ហូបអាហារ​មាន​ពីរ​បី​មុខ មាន​ស្រា និង​ទឹកក្រូច​ផង​ដែរ ។ ពេល​ដែល​ហូប​ភ្លាម​ៗ​នោះ​មិន​ទាន់​មាន​អ្នក​ណា​ពុល​ទេ លុះ​ទៅ​ដល់​ផ្ទះ​វិញ​ស្រាប់តែ​មាន​អ្ន​ខ្លះ​ក្អួត អ្នកខ្លះ​វិលមុខ ទន់ដៃ​ទន់​ជើង និង​នោម​ចេញ​ឈាម ទើប​ដឹង​ថា​ពុល​អាហារ​ក្នុង​ពិធី​សែន​ប្ដី​ប្រពន្ធ​នោះ ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់​គ្នា ។

លោក​អធិការ​ឲ្យ​ដឹងទៀត​​ថា មក​ដល់​ថ្ងៃ​ទី​២៥​ធ្នូ​នេះ សរុប​អ្នក​ពុល​ទាំងស្រី​ប្រុស​ចាស់​ក្មេង​មាន​ចំនួន​៣៦​នាក់​ហើយ ក្នុង​នោះ​៧​នាក់​ធ្ងន់ធ្ងរ​ខ្លាំង ដែល​នោម​មក​សុទ្ធតែ​ឈាម​នោះ​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ភ្នំពេញ ។

លោក​វេជ្ជបណ្ឌិត ច័ន្ទ សុខា ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​សង្ស័យ​ទៅ​លើ​ទឹកក្រូច​កូកាកូឡា​ដប​ធំ​ដែល​ផលិត​នៅ​ប្រទេស​ថៃ ប៉ុន្តែ​ដោយសារ​អ្នក​មិន​បាន​ផឹកទឹក​ក្រូច​នោះ​ក៏​ពុល​ដែរ អ៊ីចឹង​មាន​តែ​ពុល​ក្នុង​មុខម្ហូប​ប៉ុណ្ណោះ ហើយ​យើង​កំពុង​ពិនិត្យ​ស្រាវជ្រាវ​ធ្វើ​ពិសោធន៍​មុខម្ហូប​ថ្ងៃ​នោះ​មានអី​ខ្លះ ដើម្បី​ដឹង​រឿង​ពិត ៕