ផ្តន្ទាទោស​ប្រហារ​ជីវិត​​ពលករ​​ភូមា​ពីរ​នាក់​នៅ​ថៃ ទាក់ទង​ឃាតកម្ម​លើ​ទេសចរណ៍​អង់គ្លេស


ពលករជាតិភូមាពីរនាក់ ដែលអះអាងពីភាពគ្មានទោសកំហុសរបស់ខ្លួន ត្រូវបានតុលាការថៃ ផ្ដន្ទាទោសប្រហារជីវិត ពីបទធ្វើមនុស្សឃាត ទៅលើទេសចរណ៍វ័យក្មេង ជាតិអង់គ្លេសពីរនាក់ នៅលើកោះមួយកាលពីឆ្នាំ២០១៤។
ផ្តន្ទាទោស​ប្រហារ​ជីវិត​​ពលករ​​ភូមា​ពីរ​នាក់​នៅ​ថៃ ទាក់ទង​ឃាតកម្ម​លើ​ទេសចរណ៍​អង់គ្លេស

រូបថតជនរងគ្រោះ និងទីកន្លែងកើតហេតុ នៅលើកោះតៅ ប្រទេសថៃ។ (រូបថតហ្វេសប៊ុក)

«ជនជាប់ចោទទាំងពីរ មានទោសពីបទធ្វើមនុស្សឃាត ហើយត្រូវផ្ដន្ទាទោស ប្រហារជីវិត» នេះជា​សាល​ក្រម​ការប្រកាស​ឡើង របស់ចៅក្រមនៅក្នុងសវនាការ ដែលត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍​ទី២៤ ខែធ្នូនេះ។ ចៅក្រមដដែល បានបញ្ជាក់បន្ថែមថា ជនជាតិភូមាទាំងពីរ ក៏មានទោស ពីបទ«រំលោភ»​នោះ​ដែរ។ គឺជាសាលក្រម ដែលធ្វើឲ្យពលករជាតិភូមាទាំងពីរនាក់ ប្រែទឹកមុខអស់សង្ឃឹម និងធ្វើឲ្យម្ដាយ​របស់​ជន​ជាប់ចោទម្នាក់ បានស្រយ៉ុតខ្លួន ជាមួយនឹងការស្រែកទ្រហោរយំ យ៉ាងខ្លាំង។

ខ្លួនប្រាណគ្មានជីវិត របស់​យុវជន ដេវីត (David Miller) អាយុ​២៤​ឆ្នាំ និង​យុវតី ហាណាស (Hannah Witheridge) អាយុ​​២៣ឆ្នាំ ត្រូវ​បាន​រក​ឃើញគ្មានសម្លៀកបំពាក់ កាល​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​ ឆ្នាំ២០១៤​កន្លង​​ទៅ នៅ​លើ​កោះ​តៅ ដែល​ជា​កោះ​ទេសចរណ៍​តូច​មួយ នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​ថៃ។ ជន​រងគ្រោះ​ទាំង​ពីរ ត្រូវ​បាន​វាយ​ដោយ​ព្រនង់ និង​ចប​កាប់ រហូត​ដល់​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម លើ​ឆ្នេរ​ខ្សាច់។ នគរបាល​បាន​រក​ឃើញវត្ថុតាងទាំងនេះ នៅនឹងកន្លែងកើតហេតុ។

«ឃាតករសិប្បនិមិត្ត...»

ពលករភូមាពីរនាក់ យុវជន សាវ លីន (Zaw Lin) និង វ៉ៃ ភីអូ (Wai Phyo) ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅ​ប៉ុន្មាន​សប្ដាហ៍ក្រោយ ក្នុងខណៈពេលដែលសំនុំរឿងឃាតកម្ម បានផ្សាយនៅទំព័រមុខ នៃសារព័ត៌មានក្នុងស្រុក និង​សារព័ត៌មានបរទេស សឹងតែទាំងអស់ ហើយដែលអាចធ្វើឲ្យប៉ះពាល់ ដល់ឧស្សាហកម្មទេសចរណ៍ របស់​ប្រទេស​ថៃ។ នៅក្នុងរយៈពេលនៃសវនាការកាត់ក្ដី ផ្នៃកការពារជនជាប់ចោទ បានបដិសេធភស្តុតាង ដែល​ទទួល​បាន​ពីការធ្វើកោសលវិច័យ និងបានអះអាងថា នគរបាលថៃបានធ្វើទារុណកម្ម លើជនជាប់​ចោទ​ទាំង​ពីរ ដើម្បីទទួលបានចម្លើយសារភាព។ ជនជាប់ចោទទាំងពីរ ដែលមេធាវីការពារក្ដី ហៅថា ជា«ឃាតករ​សិប្បនិមិត្ត» បានបដិសេធចម្លើយទាំងនោះ នៅពេលក្រោយមក ជាពិសេសនៅក្នុងសវនាការ។

ប្រទេសអង់គ្លេសបារម្ភ...

ប្រទេសអង់គ្លេស បានបង្ហាញនូវក្ដីកង្វល់របស់ខ្លួន នៅចំពោះការស៊ើបអង្កេត របស់​អាជ្ញាធរ​ថៃ​នៅ​ក្នុង​សំនុំ​រឿងនេះ។ ចំណែកក្រុមអ្នកឃ្លាំមើល ផ្នែកសិទ្ធិមនុស្សវិញ បានចាត់ទុកសំនុំរឿងនេះ ថាមាន​លក្ខណៈ​ដដែលៗ នៅក្នុងប្រទេសថៃ ដែលជារឿយៗ ក្រុមពលករ ដែលមកពីប្រទេសក្រីក្រក្បែរខាង (ជាពិសេស​ប្រទេស​ភូមា) តែងត្រូវបានចោទប្រកាន់ ពីបទឧក្រិដ្ឋ ខណៈប្រព័ន្ធយុត្តិធម៌របស់រាជាណាចក្រមួយនេះ មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងច្រើន ទៅនឹងអំពើរពុករលួយ។

សូមជម្រាបជូនដែរថា អ្នកទោសចំនួន៤៥៦នាក់ កំពុងរងចាំការប្រហារជីវិត នៅក្នុងប្រទេសថៃ។ នេះបើ​តាម​របាយការណ៍របស់ក្រសួងយុត្តិធម៌ នៃរាជាណាចក្រ ដែលនៅអនុវត្តន៍ ទោសប្រហារជីវិតនៅឡើយ។ ការ​ប្រហារ​ជីវិត កាលពីឆ្នាំ២០០៩  ត្រូវបានធ្វើទៅលើជនពីរនាក់ ជាប់ចោទពីបទជួញដូរគ្រឿងញៀន។ ជនទាំង​ពីរ​នាក់​នោះ ត្រូវបានសម្លាប់ដោយចាក់ថ្នាំ៕