អារម្មណ៍​និង​ច្បាប់​ក្លាយជា​ប្រធានបទ​ក្តៅ​ក្រោយ​តុលាការ​ថៃ​កាត់ទោស​ប្រហា​ជីវិត​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​២​នាក់

​តុលាការ​ថៃ បាន​កាត់ទោស​ប្រហារជីវិត​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ពីរ​នាក់ ពីបទ​ឃាតកម្ម​លើ​ភ្ញៀវទេសចរ​ជនជាតិ អង់គ្លេស​ពីរ​នាក់​នៅក្នុង​ទឹក​ដឹ​ថៃ​។ សាលក្រម​នេះ បានធ្វើ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​ជាច្រើន​នាក់ បាន ប្រមូលផ្តុំ​បាតុកម្ម​នៅមុខ​ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​មី​យ៉ាន់​ម៉ា និង​ទាមទារ​ឲ្យ​មានការ​ដោះលែង​ទណ្ឌិត ទាំងពីរ​នាក់​ជាបន្ទាន់​។​

​នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែធ្នូ មាន​ប្រជាជន​មី​យ៉ាន់​ម៉ា​ប្រមាណ​មួយ​ពាន់​នាក់ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅមុខ​ស្ថានទូត​ថៃ​ប្រចាំ​មី​យ៉ាន់​ម៉ា​ប្រឆាំង​សាលក្រម​តុលាការ​ថៃ​ដែល​បាន​កាត់ទោស​ប្រហារជីវិត​ពលរដ្ឋ មី​យ៉ាន់​ម៉ា​ពីរ​នាក់​ពីបទ​ឃាតកម្ម​។ បាតុកម្ម​នេះ បានធ្វើ​ឲ្យ​ស្ថានទូត​ថៃ​ប្រចាំ​ក្រុង​រ៉ង​ហ្គ​ន​ត្រូវ​បិទទ្វារ​ជាបន្ទាន់​ស្រប​នឹង​ថ្ងៃបុណ្យ Christmas ផងដែរ​នោះ​។​

​សវន​ការ​ដ៏​ស្មុគស្មាញ​លើ​សំណុំរឿង​ឃាតកម្ម​ភ្ញៀវទេសចរ​ជនជាតិ​អង់គ្លេស​នៅ​កោះ​តាវ​នៃ​ប្រទេស​ថៃ​ដែល​បាន​ជំនុំជម្រះ​អស់​រយៈ​មួយឆ្នាំ​ហើយ​នោះ បានបញ្ចប់​ហើយ​។ នោះ​គឺ តុលាការ​ថៃ​បានសម្រេច កាត់ទោស​ប្រហារជីវិត លើ​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ទាំងពីរ​នាក់​ពីបទ​ឃាតកម្ម​កាលពី​ថ្ងៃ​ម្សិលមិញ ក្រោយ ពី​មានការ​បញ្ជាក់​តាមរយៈ​DNA​។ សេចក្តីសម្រេច​ក្នុងការ​កាត់ទោស​ពលរ​ដ្ឋ​មី​យ៉ាន់​ម៉ា​ទាំងពីរ​នាក់​នេះ បាន​បង្កើតជា​ប្រធាន​ក្តៅ​មួយ​ដែល​ចេញពី​ភាពចម្រូងចម្រាស់​ពីរ ពោលគឺ​មនោសញ្ចេតនា និង​ការ អនុវត្ត​ច្បាប់​។

​ដូច​ការរំពឹងទុករ​បស់​ស្ថានទូត​ថៃ​ប្រចាំ​ក្រុង​រ៉ង​ហ្គូ​ន ប្រជាជន​មី​យ៉ាន់​ម៉ា​ជាច្រើន​នាក់ បាន​ផ្ទុះ​បាតុកម្ម ប្រឆាំង​សាលក្រម​តុលាការ​ថៃ ដោយ​ពួកគេ​ទាមទារ​ឲ្យ​មានការ​ដោះលែង​អ្នកទោស​ជាបន្ទាន់​។ ដោយ មានការ​រិះគន់​ពី​ការធ្វើ​ទណ្ឌកម្ម​លើ​អ្នកទោស​ក្នុងការ​សួរចម្លើយ ក្រុមបាតុករ ក៏បាន​ទាមទារ​រក​យុត្តិធម៌ និង ថែម​ប្រើប្រាស់​ពាក្យអសុរស​ទៅកាន់​រដ្ឋាភិបាល​ថៃ​ផងដែរ​។ ក្រុម​បា​តុ​ការ​ថែមទាំង​បាន​ចាត់ទុកថា ការកាត់ទោស​នេះ គឺជា​ការរើសអើង​ប្រជាជន​មី​យ៉ាន់​ម៉ា​ទៀតផង​។

​យ៉ាងណាក៏ដោយ ទូត​មី​យ៉ាន់​ម៉ា ប្រចាំ​ប្រទេស​ថៃ ហាក់ដូចជា​មិនមាន​ប្រតិកម្ម​ខ្លាំង​ទៅនឹង​ការ​កាត់ ទោស​ប្រហារជីវិត​ពលរដ្ឋ​ខ្លួន​ទាំងពីរ​នាក់​នោះទេ ដោយ​ចាត់​ថា​នេះ គឺ​ស្ថិតនៅក្នុង​នីតិវិធី​នៃ​ច្បាប់​។ ទោះបី​មាន​ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ជាច្រើន​បាន​ផ្ទះ​បាតុកម្ម​ក៏ដោយ លោក Win Maung អគ្គរដ្ឋទូត​មី​យ៉ាន់​ម៉ា ប្រចាំ​ក្រុង​បាងកក បាន​អះអាងថា សាលក្រម​នេះ មិន​ប៉ះពាល់ ដល់​ទំនាក់ទំនង​ការទូត​ប្រទេស​ទាំងពីរ នោះទេ​។ លោក បាន​បញ្ជាក់ថា » មនុស្ស​គ្រប់គ្នា​តែងតែ​មិន​សប្បាយចិត្ត ពេលដែល​ដឹងថា​មនុស្ស ដែល​គេ​ស្គាល់​ត្រូវបាន​កាត់ទោស​ប្រហារជីវិត តែ​នេះ គឺជា​នីតិវិធី​នៃ​ច្បាប់ »​។ ជាមួយគ្នានេះ​ផងដែរ មន្ត្រី​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏បាន​បញ្ជាក់ថា មី​យ៉ាន់​ម៉ា នឹង​ប្រើប្រាស់​ទំនាក់ទំនង​ការទូត​ដើម្បី​ចរចា​ក្នុង ការជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្លួន​។

​តាម​ការរំពឹងទុក​ល​ទ្ធ​ភាព​នៃ​ការសុំ​អន្តរាគមន៍​ក្នុងការ​ដោះលែង​អ្នកទោស​ទាំងពីរ គឹ​មាន​តិចតួច​ណាស់​។ នោះ ក៏​ព្រោះតែ នេះ​គឺជា​វិធានការ​ផ្នែក​ច្បាប់​របស់​តុលាការ​ថៃ​ដោយ​យោងតាម​ទៅតាម​ការស៊ើបអង្កេត​ដោយមាន​បញ្ជាក់​ពី​ការពិនិត្យ​DNA​។ កន្លងមក តុលាការ​ថៃ ក៏​ធ្លាប់បាន​កាត់ទោស​ប្រហារ ជីវិត​អ្នកទោស​ជាង​៤០០​នាក់​ផងដែរ​។ ជាពិសេស​នោះ រដ្ឋាភិបាល អង់គ្លេស ក៏បាន​តាមដាន​ករណី នេះ​ដើម្បី​រក​យុត្តិធម៌​ជូន​ពលរដ្ឋ​ខ្លួន​ផងដែរ​។ មានន័យថា បើ​អាជ្ញាធរ​ថៃ ព្រម​ដោះលែង​អ្នកទោស នោះ ថៃ​នឹង​ប្រឈម​នឹង​បញ្ហា​ការទូត​ជាមួយនឹង​អង់គ្លេស​ផងដែរ​៕