អ្នកជំនាញ​ព្រំដែន​៖ ខេត្តតាកែវ និង​ខេត្តព្រៃវែង បោះបង្គោល​ជាមួយ​វៀតណាម រួចរាល់​ហើយ​

ភ្នំពេញ: ​អ្នកជំនាញ​ខាង​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ ការងារ​បោះបង្គោល​កំណ​ត់​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​វៀតណាម នៅក្នុង​ខេត្តតាកែវ និង​ខេត្តព្រៃវែង បានបញ្ចប់​រួចរាល់​ហើយ​។ ចំណែក​នៅ​ខេត្ត​ផ្សេងទៀត រួមមាន​៖ ខេត្តកំពត ខេត្ត​កែប កណ្តាល ស្វាយរៀង ត្បូងឃ្មុំ​ស្វាយរៀង ក្រចេះ មណ្ឌលគិរី និង​ខេត្តរតនគិរី គឺ​ក្រុមការងារ​ប្រទេស​ទាំងពីរ កំពុងដំណើរការ​បោះ​បង្គោល​ព្រំដែន និង​ជជែក​គ្នា​នៅឡើយ​។​

​យ៉ាងណាក៏ដោយ លោកស្រី កុយ ពិសី អនុប្រធាន​គណៈកម្មាធិកា​រ​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​កម្ពុជា មិនបាន​បញ្ជាក់ថា គិត​ជារួម មកដល់ពេលនេះ ដំណើរការ​បោះបង្គោល​កំ​ណ​ត់​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម សម្រេចបាន ៨៣% លើបណ្តោយព្រំដែនគោកកម្ពុជា និងវៀតណាម ដែលមាន​ប្រវែង​​សរុប ១២៧០ គីឡូម៉ែត្រ​។ ក្នុងនោះ ត្រូវជា ៣១០ បង្គោល ក្នុងចំណោមបង្គោលព្រំដែន​សរុប​ ៣៧៥ បង្គោល។

ក៏ប៉ុន្តែ​លោកស្រី មិនអាច​បញ្ជាក់ថា ពេលណា​ទើប​ដំណើរការ​កំណត់​បង្គោល​ព្រំដែន​គោក រវាង​កម្ពុជា និង​វៀតណាម ត្រូវ​បញ្ចប់​ទេ ដោយសារតែ​ស្ថានភាព​ស្មុគស្មាញ ហើយ​រាជរដ្ឋាភិបាល ក៏ត្រូវ​ធ្វើការ​ងារ​នេះ ដោយ​ប្រុងប្រយ័ត្ន និង​យកចិត្តទុកដាក់​បំផុត​។​

​ការបញ្ជាក់​របស់​អ្នកជំនាញ​ខាង​កិច្ចការ​ព្រំដែន​របស់​រាជរដ្ឋាភិបាល​កម្ពុជា ខាងលើ​នេះ បានធ្វើ​ឡើង មួយថ្ងៃ មុន​ពេលដែល​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន និង​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ង្វៀន តាន់​យ៉ុង នៅ​ព្រឹក​ថ្ងៃទី​២៦​ធ្នូ នឹងត្រូវ​ចូលរួម​ធ្វើជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​បង្គោលព្រំ​ដែនកម្ពុជា វៀតណាម លេខ ៣០ និង​ផ្លូវ​លេខ ៧៨ ក្នុង​ច្រក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ ចំណែក​នៅពេល​រសៀល​ថ្ងៃទី​២៦​ធ្នូ នាយករដ្ឋមន្ត្រី​ទាំងពីរ ក៏​នឹងចូលរួម​សម្ពោធ​បង្គោល​ព្រំដែន លេខ​២៧៥ នៅ​ច្រក​ព្រំដែន​អន្តរជាតិ ភ្នំ​ដិ​ន ក្នុង​ខេត្តតាកែវ​៕​