ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ប្រកាស​សម្ពោធ​បង្គោល​ព្រំដែន

នាយករដ្ឋមន្ត្រី​កម្ពុជា និង​សម​ភាគី​វៀតណាម នឹង​​​សម្ពោធ​បង្គោល​ព្រំដែន​ចំនួន​ពីរ នៅ​ថ្ងៃ​ទី​២៦ ធ្នូ។ មន្ត្រី​រដ្ឋាភិបាល អះអាង​ថា ការ​ចូល​រួម​របស់​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​នេះ នឹង​ជួយ​ពន្លឿន​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។

អនុ​ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំ​ដែន អ្នកស្រី កុយ ពិសី ឲ្យ​ដឹង​ថា បង្គោល​ព្រំដែន​ដែល​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ទៅ​សម្ពោធ មាន​ទីតាំង​នៅ​បង្គោល​លេខ​៣០ ស្ថិត​ក្នុង​ខេត្ត​រតនគីរី​នៃ​ប្រទេស​កម្ពុជា និង​ខេត្ត​យ៉ាឡាយ (Gia Lai) នៃ​ប្រទេស​វៀតណាម ហើយ​មួយ​ទៀត មាន​ទីតាំង​នៅ​បង្គោល​លេខ​២៧៥ ក្នុង​ខេត្ត​តាកែវ ប្រទេស​កម្ពុជា និង​ខេត្ត​អានយ៉ាង (An Giang) ប្រទេស​វៀតណាម។

លោក​ស្រី បញ្ជាក់​ថា ការ​ដែល​ភាគី​ទាំង​ពីរ​ជ្រើស​រើស​យក​បង្គោល​ទាំង​ពីរ ធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃ​ទី​២៦ ធ្នូ ដោយសារ​បង្គោល​ព្រំដែន​ទាំង​ពីរ​មាន​ទីតាំង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ គឺ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំដិន និង​ច្រក​ទ្វារ​អន្តរជាតិ​អូយ៉ាដាវ៖ «នាយករដ្ឋមន្ត្រី​ទាំង​ពីរ បាន​បោះ​បង្គោល​ព្រំដែន​បាន​បី​ដង​ហើយ។ លើក​ទី​មួយ បាន​ទៅ​ចូល​រួម​សម្ពោធ​ជា​មួយ​នាយក​រដ្ឋមន្ត្រី​ ង្វៀន តាន់​យុង (Nguyễn Tấn Dũng) គឺ​បង្គោល​លេខ​១៧១ នៅ​ច្រក​ទ្វារ​អន្តរជាតិ​បាវិត តាំង​ពី​ឆ្នាំ​២០០៦។ ហើយ​ក្រោយ​មក​ទៀត នាយក​រដ្ឋ​មន្ត្រី​ទាំង​ពីរ សមេ្តច​នាយក​ អញ្ជើញ​សម្ពោធ​នៅ​បង្គោល​៣១៤ ខេត្ត​កំពត។ ឥឡូវ​នេះ សម្ពោធ​ពីរ​ទៀត​នៅ​ថ្ងៃ​តែ​មួយ នៅ​បង្គោល​លេខ​៣០ និង​បង្គោល​លេខ​២៧៥»

កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា អាជ្ញាធរ​កម្ពុជា និង​វៀតណាម បាន​បើក​ការដ្ឋាន​សាងសង់​បង្គោល​ព្រំដែន​លេខ​២៧៥ នៅ​​​ភ្នំដិន ខេត្ត​តាកែវ និង​បើក​ការដ្ឋាន​សាងសង់​បង្គោល​ព្រំដែន​លេខ​៣០ ឋិត​ក្នុង​ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី​ផង​ដែរ ។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ លោក យឹម សុវណ្ណ មិន​បាន​បញ្ជាក់​គោល​ជំហរ​គាំទ្រ ឬ​ប្រឆាំង​នឹង​ការ​សម្ពោធ​នេះ​ឡើយ។ ក៏​ប៉ុន្តែ​មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ថា ដំណើរ​បោះ​បង្គោល​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម ​នៅ​មាន​មន្ទិល​ជា​ច្រើន ហើយ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ក៏​មិន​ទាន់​ដោះ​សា្រយ​ដាច់​ស្រេច​នៅ​ឡើយ​ដែរ៖ «ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​យើង​បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ប្រជាពលរដ្ឋ ជា​ពិសេស​ទទួល​ព័ត៌មាន​ជារឿយៗ​ហ្នឹង យើង​គិត​ថា​នៅ​មាន​មន្ទិល​សង្ស័យ​ច្រើន។ យើង​នឹង​ដោះស្រាយ​នៅ​ពេល​ណា​ដែល​គណបក្ស​សង្គ្រោះ​ជាតិ មាន​អំណាច​គ្រប់​គ្រាន់​នៅ​ក្នុង​រដ្ឋាភិបាល»

បណ្ឌិត សុខ ទូច ប្រធាន​ក្រុម​ស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ដែល​បាន​ចុះ​ស្រាវជ្រាវ​ការ​បោះ​បង្គោល​ព្រំដែន​របស់​ប្រទេស​កម្ពុជា និង​វៀតណាម បាន​ថ្លែង​ថា លោក​នឹង​ចូល​រួម​តាមដាន​មើល​ដំណើរ​ការ​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ក្នុង​ខេត្ត​តាកែវ​ដែរ។

ទោះ​យ៉ាងណា លោក សុខ ទូច មិន​បាន​​អត្ថាធិប្បាយ​ជុំវិញ​ការ​សម្ពោធ​បង្គោល​ព្រំដែន​នៅ​ពេល​នេះ​ទេ ដោយ​លោក​មាន​ប្រសាសន៍​ថា លោក​នឹង​យក​ផែនទី​ផ្ទៀង​ផ្ទាត់ និង​ផែន​ដី​ជា​មុន​សិន មុន​នឹង​ចេញ​សេចក្ដី​សន្និដ្ឋាន​ណាមួយ៖ «ប្រសិន​បើ​គេ​សម្ពោធ​អាថ៌កំបាំង​មិន​ឲ្យ​នរណា​ដឹង​ ហ្នឹង​ខ្ញុំ​ជឿ​ជាក់​ថា​វា​មាន​បញ្ហា​ តែ​បើ​យើង​បង្ហាញ​បែប​នេះ យើង​នឹង​ទៅ​មើល​ ចាំ​មើល​ទាំង​អស់​គ្នា។ ត្រូវ​ក៏​យើង​មិន​ទាន់​ថា ខុស​ក៏​យើង​មិន​ទាន់​ថា។ យើង​ត្រូវ​ទៅ​សិក្សា​ទាំង​អស់​គ្នា ពីព្រោះ​រឿង​នេះ​ជា​រឿង​ជាតិ​យើង​ទាំង​អស់​គ្នា»

យោង​តាម អ្នកស្រី កុយ ពិសី ភាគី​កម្ពុជា និង​វៀតណាម បាន​បោះ​បង្គោល​ព្រំដែន​បាន​ចំនួន​៨៣​ភាគរយ​ ឬស្មើ​នឹង​១២៦០​គីឡូម៉ែត្រ។ ប្រទេស​កម្ពុជា និង​វៀតណាម មាន​ព្រំដែន​គោក និង​ព្រំដែន​ទឹក សរុប ២.៥៧២​គីឡូម៉ែត្រ។ លោកស្រី​ពន្យល់​ថា ភាគរយ​ដែល​នៅ​សេស​សល់​ គឺ​ភាគី​ទាំង​ពីរ​កំពុង​បន្ត​ដោះ​ស្រាយ​បញ្ហា​បច្ចេកទេស​ និង​វិវាទ​នានា​ជា​មុន​សិន។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ ថា​ពេល​ណា​ទើប​ការ​បោះ​បង្គោល​ព្រំដែន​នេះ អាច​បញ្ចប់​ទាំង​ស្រុង​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។