ស្នងការពោធិ៍សាត់៖ ករណីពុល កូកាកូឡា ៣៥នាក់ សមត្ថកិច្ចនៅ មិនទាន់ សន្និដ្ឋាន

ភ្នំពេញ៖ស្នងការនគរបាលខេត្តពោធិ៍សាច់ លោក សារុន ចាន់ធី បានបញ្ជាក់ថា ករណីប្រពលរដ្ឋ ពុលកូកាកូឡា ចំនួន ៣៥នាក់ រហូតដល់ ចុកពោះ ក្អួតចង្អោរ និងនោមចេញឈាម កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នោះ មន្រ្តីជំនាញ នៅមិនទាន់ សន្និដ្ឋានប្រាកដនៅឡើយនោះទេ ក៏ព្រោះតែអ្នកជំងឺខ្លះបានអះអាង គាត់មិនបានទទួលទានទឹកក្រូច។

លោកស្នងការ សារុន ចាន់ធី បានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នេះ ថា រហូតមកទល់ពេលនេះ អ្នកពុល បានកើនឡើងដល់៣៦ នាក់ហើយ ជាមួយគ្នានោះ ស្ថានភាពធ្ងន់ធ្ងរមានចំនួន ៧នាក់ ត្រូវបានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យ នារាជធានីភ្នំពេញ។

លោក សារុន ចាន់ធី បានបញ្ជាក់ទៀតថា ករណីនេះ មន្រ្តីជំនាញនៅមិនទាន់ សន្និដ្ឋានថា មកពីករណីពុលទឹកក្រូច កូកាកូឡា ឬពុលអ្វីប្រាកដនោះទេ ព្រោះថា អុ្នកជំងឺមួយចំនួនបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគាត់មិនបានផឹកកូកាកូឡានោះទេ។

យ៉ាងណាក៏ដោយចំពោះករណី ខាងអាជ្ញាធរខេត្តពោធិ៍សាត់ និងមន្រ្តីសុខាភិបាល នឹងបញ្ជូនមន្រ្តីជំនាញ ដើម្បីចុះទៅកាន់ភូមិតំាងគោក ជាទីនៃការកើតករណីពុលនេះ ដើម្បីបញ្ជាក់ឲ្យច្បាស់អំពីមូលហេតុពិតប្រាកដ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅនេះ អ្នកភូមិប្រមាណ៣០នាក់ ត្រូវបានរាយការណ៍មកថា បានពុល ខ្លះចុកពោះ ខ្លះក្អួតចង្អោរ និងខ្លះនោមចេញឈាម បន្ទាប់ពីបានផឹក ទឹកក្រូចកូកាកូឡា ខណៈពួកគេបានចូលរួមក្នុងពិធីសែនព្រេនប្តីប្រពន្ធ ១គូ នៅក្នុងភូមិតំាងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាម សេចក្តីរាយការណ៍ ជំហានដំបូង ប្រជាពលរដ្ឋបាន សន្និដ្ឋានថា ជាករណីពុល កូកាកូឡា ក៏ព្រោះតែក្នុងពិធីសែនព្រេននេះ ម្ចាស់កម្មវិធី ឈ្មោះហុន ហន បានទិញកូកាកូឡាដបចំណុះ១,២៥លីត្រ ពីផ្ទះអ្នកលក់ចាប់ហួយឈ្មោះផាត វុទ្ធី អាយុ៣០ឆ្នាំ រស់នៅភូមិទួលជ្រាវ ឃុំតាលោ ដើម្បីយកទៅធ្វើពិធីសែនព្រេនជាមួយប្រពន្ធឈ្មោះ វិន ដោយមានអ្នកភូមិ ចូលរួមប្រមាណ១០០នាក់។ ក្រោយពីអ្នកចូលរួមទាំងនោះបានបរិភោគម្ហូបអាហារ រួមនឹងទឹកក្រូចម៉ាកកូកាកូឡា ក៏ស្រាប់តែមានការៈពុលជាង៣០នាក់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ឯអ្នកដែលមានស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះដែរ ប្រធានមណ្ឌល សុខភាព ខេត្តពោធិ៍សាត់ នៅមិនទាន់សន្និដ្ឋានបានថា ជាការពុលចំណីអាហារ រួមនឹងការពិសាទឹកក្រូចនោះទេ តែយ៉ាងណាក៏ដោយមន្រ្តីជំនាញ បានសន្និដ្ឋានថា ទឹកក្រូចដែលពលរដ្ឋផឹកនោះ ទំនងជារបស់ក្លែងក្លាយ ឬផុតកំណត់៕

ស្នងការពោធិ៍សាត់៖ ករណីពុល កូកាកូឡា ៣៥នាក់ សមត្ថកិច្ចនៅ មិនទាន់ សន្និដ្ឋាន

ស្នងការពោធិ៍សាត់៖ ករណីពុល កូកាកូឡា ៣៥នាក់ សមត្ថកិច្ចនៅ មិនទាន់ សន្និដ្ឋាន