ចិន​បន្តឹង​សន្តិសុខ​ខ្លាំង​នៅ​ថ្ងៃ​ឈប់សម្រាក​បុណ្យ Christmas និង​ចូលឆ្នាំថ្មី​

​រដ្ឋាភិបាល​ក្រុង​ប៉េកាំង សម្រេច​បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​និង​បង្កើន​ការការពារ​សន្តិសុខ​នៅតាម​ទីក្រុង​សំខាន់ ស្រប​ពេលដែល​ប្រជាជន​ចិន​កំពុង​ប្រារព្ធ​បុណ្យ Christmas និង​ត្រៀម​ទទួល​ឆ្នាំ​ថ្មី​នៅពេល​ខាងមុខ​។  ការបង្កើន​កម្រិត​ប្រុងប្រយ័ត្ន​ធ្វើឡើង​ក្រោយ​ស្ថានទូត​បរទេស​មួយចំនួន​មាន​ទាំង អាមេរិក​ផង បាន​ប្រាប់​ឲ្យ​ប្រជាជន​ខ្លួន​ប្រុងប្រយ័ត្ន​ពេល​ទៅ​កំសាន្ត​នៅ​ប្រទេស​ចិន​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

 សន្តិសុខ​ទូទៅ​នៅក្នុង​ប្រទេស​ចិន​ត្រូវបាន​រឹតបន្តឹង ស្រប​ពេលដែល​ប្រជាជន​ចិន​ឈប់សម្រាក​ក្នុងពេល​ប្រារព្ធ​ពិធីបុណ្យ Christmas និង​ត្រៀម​ទទួល​ឆ្នាំ​ថ្មី​ផងដែរ​។  ប៉ូលិស​ចិន​បានចេញ​សេចក្តីប្រកាស​មួយ​ដោយ​បញ្ជាក់​ពី​ការបង្កើន​កម្រិត​ប្រុងប្រយ័ត្ន​ផ្នែក​សន្តិសុខ​ជារួម​នៅក្នុង​ប្រទេស ហើយ​ប៉ូលិស​ក៏​អះអាង​ផងដែរ​ថា វា​ជា​វិធានការ​ពង្រឹង​សណ្តាប់ធ្នាប់ ការពារ​សន្តិសុខ និង​សុវត្ថិភាព​ប្រជាជន​ក្នុង​ថ្ងៃ​ឈប់សម្រាក​នេះ​។

​គេ​សង្កេតឃើញ មាន​វត្តមាន​មន្ត្រីប៉ូលិស​ជា​ច្រើ​នាក់​នៅតាម​គោលដៅ​សំខាន់ៗ​ជាពិសេស​ផ្សារ​ទំនើប​ធំៗ ស្ថាប័ន​សំខាន់ ស្ថានទូត និង​ទីប្រជុំជន​នានា​ផង​។  ការសម្រេច​ពង្រឹង​សន្តិសុខ នេះ​ជាការ​ឆ្លើយតប​នឹង​ការព្រួយបារម្ភ​របស់​ប្រជាជន​និង​ជនបរទេស​ដែល​ទៅ​កំសាន្ត​នៅ​ប្រទេស​ចិន​។

​រយៈពេល​ចុងក្រោយ​នេះ គេ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ការគំរាមកំហែង​សន្តិសុខ ដែល​អាច​កើតឡើង​ក្នុងពេលដែល​ប្រជាជន​ឈប់សម្រាក​និង​ប្រារព្ធ​ពិធីបុណ្យ Christmas និង​ត្រៀម​ទទួល​ឆ្នាំ​ថ្មី​ផងដែរ​។ ណាមួយ​ការវាយប្រហារ​របស់​ក្រុម​ភេរវជន​ក៏​ជា​ក្តីបារម្ភ​បំផុត​មួយ​របស់​ប្រជាជន​ផងដែរ​។​

​កាលពីដើម​សប្តាហ៍​នេះ ស្ថានទូត​បរទេសមួយ​ចំនួន​មានបារាំង អង់គ្លេស អូស្ត្រាលី និង​សហរដ្ឋអាមេរិក​នៅក្នុង​ប្រទេស​ចិន​ផងដែរ បាន ដាស់តឿន​ប្រជាជន​ខ្លួន​ដែល​កំពុង​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្រែង​មាន​គ្រោះថ្នាក់​ដែរ​។

​បើ​និយាយ​ពី​បញ្ហា​សន្តិសុខ និង​សកម្ម​ភេរវកម្ម តំបន់​ស៊ីន​ជាំ​ង​ក្លាយជា​តំបន់​ដែល​ប្រឈម​សន្តិសុខ​ខ្លាំងជាងគេ​ក្នុងចំណោម​តំបន់​ទាំងអស់​នៅក្នុង​ប្រទេស​ចិន​។   គេ​ឃើញ​របប​ដឹកនាំ​ក្រុង​ប៉េកាំង​បាន​បន្ត​ពង្រឹង​សន្តិសុខ និង​បង្ក្រាប​រាល់​សកម្មភាព​ណា​ដែល​ខ្លួន​ចាត់ទុកថា​ជា គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិចិន​។ តែ​ក្រុង​ប៉េកាំង​បាន​ឆ្លៀតឱកាស​ធ្វើទុក្ខបុកម្នេញ​លើ​ក្រុម​ជនជាតិភាគតិច​ដែល​ប្រតិបត្តិ​សាសនា​ឥស្លាម​អ៊ុយ​ហ្គួ  ដើម្បី​រារាំង​ការទាមទារ​ការ​ផ្តាច់ខ្លួន​ពី​ចិន​៕