ពលរដ្ឋ​នៅ​ខេត្តកំពង់ចាម​ស្នើឱ្យ​អាជ្ញាធរ​ដោះស្រាយ​ជម្លោះ​ទឹក​ដាក់​ស្រែ

ប្រជាពលរដ្ឋ​នៅ​ឃុំ​រាយប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម បារម្ភ​ថា​ពួកគាត់​នឹង​អាច​ត្រូវ​ខ្វះ​ទឹក​ដាក់​ស្រែ​នៅពេល​ខាងមុខ​មិនខានឡើយ។ ក្ដីបារម្ភ​នេះ ក្រោយពេល​តំបន់​ប្រភពទឹក ដែល​អ្នកភូមិ​ភាគច្រើន​ខំ​ទប់​ទំនប់​រក្សា​ទឹក​ទុក​សម្រាប់​ដាក់​ស្រែ​នោះ ត្រូវ​ពលរដ្ឋ​មួយចំនួន​តូច​ទៅ​កាប់​ទំនប់ ដើម្បី​បង្ហូរទឹក​ចេញទៅ​វិញ។ បញ្ហា​នេះ មេឃុំ​បញ្ជាក់ថា នឹង​ចាត់វិធានការ​នៅ​សប្តាហ៍​ក្រោយ។

ប្រជាពលរដ្ឋ​នៅ​ឃុំ​រាយប៉ាយ ដែលមាន​ស្រូវ​ស្រែប្រាំង​ស្ថិតនៅ​ក្រៅ​តំបន់​មេទឹក ឬ ក្រៅ​ប្រភពទឹក នៃ​បឹង​មួយ ហៅ​បឹង​បាក់​អង្រុត សម្រេច​ដាក់ពាក្យ​ប្ដឹងទៅ​អាជ្ញាធរ​ឃុំ​ដើម្បី​ស្នើ​ឱ្យជួយ​ដោះស្រាយ​បញ្ហា​ទឹក​របស់​ពួកគាត់។ ការស្នើសុំ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​១០​នាក់ តំណាងឱ្យ​ពលរដ្ឋ​ជិត​១០០​គ្រួសារ​នោះ នៅ​ពុំទាន់​មាន​វិធានការ​នៅឡើយ​ទេ

ពលរដ្ឋ​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​និយាយថា សកម្មភាព​បង្ហូរទឹក​ចេញពី​តំបន់​មេទឹក គឺ​កើតឡើង ប្រមាណ​ជិត​១០​ថ្ងៃ​មកហើយ ។ លោក​បន្តថា តំបន់​នោះ​ប្រជាពលរដ្ឋ​ប្រមាណ ៨០​គ្រួសារ ខំប្រឹង​រ៉ៃ​អង្គាស​ប្រាក់​សម្រាប់ធ្វើ​ទំនប់ កាល​ពី​ទឹក​មិនទាន់​ឡើង ដើម្បី​រក្សាទុក​ទឹក​ធ្វើស្រែ​រដូវប្រាំង ប៉ុន្តែ​នៅពេល​ទឹក​ចាប់ផ្តើម​ស្រក បែរជា​មាន​អ្នក​ទៅ​កាប់​ទំនប់​បង្ហូរទឹក​ចោល​ទៅវិញ។ ប្រភព​ដដែល​បន្តថា ការបង្ហូរ​ទឹក​ចោល​នេះ គឺ ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត ១០០​គ្រួសារ ដែលមាន​ដី​ស្រូវ​ស្រែ​នៅ​ផ្នែក​ខាងលើ​ប្រភពទឹក ពីព្រោះ​ស្រូវ​របស់​ពួកគាត់​ខ្លះ​ទើប មូល​ដើម ស្រែ​ខ្លះ​ទើប​ផើម រីឯ​ទឹក​បឹង​វិញ គឺ​គេ​បង្ហូរ​ជិត​អស់​ទៅហើយ៖ «ឆ្នាំ​ទៅ​ហ្នឹង​ពួក​ខ្ញុំ​រៃ​លុយ​គ្នា ដើម្បី​ធ្វើ​ទំនប់​ដាច់ដោច​ហ្នឹង​ឡើងវិញ ដើម្បី​បាន​ទឹក​ដាក់​ស្រូវ​គ្រប់គ្រាន់​ចែក​បងប្អូន​យើង ហើយ​មួយចំណែក​តូច​ដែលមាន​១២ គ្រួសារ​ទៅ​កាប់​ទម្លាយ​ដើម្បី​បង្ហូរទឹក​ចោល»

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​មួយរូប​ទៀត បញ្ជាក់ថា ពួកគេ​បានដាក់​លិខិត​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ឃុំ​ឱ្យជួយ​ដោះស្រាយ ប៉ុន្តែ​មិនទាន់មាន​លទ្ធផល​ល្អ​ទេ។ លោក​ថា ពលរដ្ឋ​ភាគច្រើន​អាច​ត្រូវ​រងគ្រោះ​ដោយសារ​ខ្វះ​ទឹក​ដាក់​ស្រូវ ប្រសិនបើ​អាជ្ញាធរ​មិន​ជួយ​ទប់ស្កាត់ ហើយ​លោក​ក៏​មិន​ចង់ឱ្យ​ទង្វើ​នេះ កើតឡើង​នៅពេល​ក្រោយៗទៀត ដែរ៖ «ខ្ញុំ​ដាក់ពាក្យ​បណ្តឹង​ជាង​មួយអាទិត្យ​ហើយ គាត់​ចុះមក​មើល​ដែរ តែ​ស្ងាត់​ឈឺ​ង​អីចឹង​ទៅ»

ទាក់ទង​បញ្ហា​នេះ មេឃុំ​រាយប៉ាយ លោក ហេង ហ៊ាប មាន​ប្រសាសន៍​ថា ខាង​លោក​បាន​ចុះ​ពិនិត្យ​មើល​ភាពជាក់ស្តែង​ម្តង​រួចមកហើយ គឺ​ឃើញថា​ទំនប់​បឹង​បាក់​អង្រុត​ដែល​ប្រជាពលរដ្ឋ​ខំ​ទប់​កាលពីពេល​កន្លងទៅ ត្រូវបាន​គេ​ទម្លាយ​ដើម្បី​បង្ហូរទឹក​ចេញ​ប្រាកដ​មែន។ លោកថា អាជ្ញាធរ​ឃុំ​រវល់​ការងារ​មួយចំនួន ទើប​មិនទាន់បាន​ដោះស្រាយ​បញ្ហា​នេះ ។ យ៉ាងណា​លោក​ក៏​បាន​ប្រាប់​ពលរដ្ឋ​ឱ្យ​នាំគ្នា​ទប់​ទំនប់​នោះ​ឡើងវិញ ទម្រាំ​អាជ្ញាធរ​កោះហៅ​ប្រជាពលរដ្ឋ​ដែលមាន​ដីស្រែ​នៅក្នុង​តំបន់​មេទឹក មក​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​សកម្មភាព​បង្ហូរទឹក​ចេញ ពី​តំបន់​មេទឹក និង​មិន​ឱ្យមាន​សកម្មភាព​នេះ​កើតឡើង​បន្ត​ទៀត​ឡើយ៖ «ខ្ញុំ​នឹង​ហៅ​អ្នក​ទាំង​១០​នាក់​ហ្នឹង មក​ធ្វើ​កិច្ចសន្យា​នៅ​សប្តាហ៍​ក្រោយ​ប្រហែលជា​ថ្ងៃ​អង្គារ​លោកគ្រូ ខ្ញុំ ដាក់​ផែនការ​រួចហើយ»

លោក​មេឃុំ​បន្ថែមថា បើទោះបីជា​មានការ​បង្ហូរ​ទឹក​ចេញពី​តំបន់​ប្រភពទឹក​ខ្លះ​ក៏ដោយ ប៉ុន្តែ​វា​មិនអាច​បង្ក​ឱ្យ​ពលរដ្ឋ​មាន​ស្រូវ​ស្រែ នៅ​ផ្នែក​ខាងលើ​ប្រភពទឹក​ទាំងនោះ ខ្វះ​ទឹក​ដាក់​ស្រែ​ទេ គឺ​គ្រាន់តែ​ពួកគាត់​ត្រូវ​ពិបាក​យក​ទឹក ពី​កន្លែង​ឆ្ងាយ​ពី​ស្រែ​របស់ខ្លួន​ប៉ុណ្ណោះ។ លោក​បញ្ជាក់ថា តាម​ពិត​ដី​ដែល​មាន​នៅក្នុង​តំបន់​មេទឹក​ទាំងអស់ មិន​អាចក្លាយ​ជា​សម្បត្តិ​ផ្ទាល់ខ្លួន ឬ​ជា​ដី​ឯកជន​របស់​បុគ្គល​ណា​បានទេ ពីព្រោះ​វា​ដី​បឹង ឬ​ជា​ដី​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​របស់​រដ្ឋបាល​ជលផល។

ជាមួយ​គ្នា​នេះ កាលពី​ថ្ងៃទី ២៣ ធ្នូ រាជរដ្ឋាភិបាល​បានចេញ​សារាចរ​ណែនាំ​ស្តីពី​វិធានការ​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់។ ក្នុង​សារាចរ​ឱ្យដឹងថា នៅ​ឆ្នាំ​២០១៦ ខាងមុខ ប្រទេស​កម្ពុជា​នឹង​ទទួល​ឥទ្ធិ​ល​បាតុភូត​អេនីណូ (El Nino) ឬ​បាតុភូត​ក្ដៅ រហូត​ដល់​ចុងខែ​មិថុនា។ បាតុភូត​នេះ ធ្វើឱ្យ​រដូវវស្សា​មក​ដល់​យឺត ហើយ​នៅ​ដើមរដូវ​វស្សា​មាន​ភ្លៀង​ធ្លាក់​តិចតួច ហើយ​មាន​អាកាសធាតុ​ក្តៅ​ហួតហែង​ជាដើម ហើយ​ស្ថានភាព​អាកាសធាតុ​បែបនេះ នឹង​កើតឡើង​ចាប់​ខែកុម្ភ ដល់ ចុងខែ​មិថុនា។ បញ្ហា​នេះ នឹងធ្វើ​កង្វះ​ទឹក​ប្រើប្រាស់​នៅ​តំបន់​មួយចំនួន រហូតដល់​ពាក់កណ្តាល​ខែកក្កដា ២០១៦។

រាជរដ្ឋាភិបាល​ក៏បាន ណែនាំ​ឱ្យ​កសិករ គឺ អាចធ្វើ​ស្រូវប្រាំង​បានតែ​មួយដង​ប៉ុណ្ណោះ ដោយ​ត្រូវ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ដាំ​ដំណាំ​ផ្សេងទៀត​ក្រៅពី​ស្រូវ។ លើសពីនេះ​ទៀត អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់ ត្រូវ​ចូលរួម​ថែរក្សា​ទឹក​ទុកឱ្យ​បានល្អ សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ រហូតដល់​មាន​ភ្លៀង​ធ្លាក់​ឡើងវិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។