បើក​ម៉ូតូ​លឿន​ប៉ះ​ទ្វារ​រថយន្ត​ដែល​ម្ចាស់​កំពុង​បើកទ្វារ ដួល​របួសធ្ងន់

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅ​ប៉ះ​ជាមួយ​ទ្វារ​រថយន្ត​ដែល​ម្ចាស់​រថយន្ត​កំពុង​បើកទ្វារ​បណ្ដាល​ឱ្យ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បែក​ហូរ​ឈាម​ដាប​ថ្នល់ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ខាងកើត​ស្ពាន​ទី​១ ស្ថិត​ក្នុងភូមិ​កំពង់ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ឌី ភេទ​ប្រុស អាយុ​ប្រហែល​ជាង​៤០​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​លៀប​កើត ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​.​មាន​ជ័យ 1M-6232 ចំណែក​រថយន្ត​ម៉ា​កកូ​រ៉ូ​ឡា ពណ៌​​ទឹកសមុទ្រ ពាក់​ស្លាក​លេខ ភ្នំពេញ 2I-2058 បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ស៊ុំ អឿ​រ័​ត្ន​ធា អាយុ​៣០​ឆ្នាំ ជា​មន្ត្រី​សាលាក្រុង​ប៉ោយ​ប៉ែ​ត ។

លោក ស៊ុំ អឿ​រ័​ត្ន​ធា អ្នក​បើករថយន្ត​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​​គាត់​បាន​បើករថយន្ត​ពី​លិចទៅ​កើត​ទៅ​លេង​ផ្ទះ​នៅ​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ពេល​មក​ដល់​ចំណុច​កើតហេតុ​បើករថយន្ត​យឺត​ៗ​ហើយ​ឈប់​អែប​ស្តាំ​ដៃ រួច​ក៏​បើកទ្វារ​បម្រុង​ចេញ ពេល​នោះ​ស្រាប់​អ្នក​ជិះ​ម៉ូតូ​មក​ពីក្រោយ​បើក​ក្នុង​ល្បឿន​លឿន​មក​ប៉ះ​នឹង​ទ្វារ​រថយន្ត​ដែល​កំពុង​បើក បណ្តាល​អ្នកបើកបរ​ម៉ូតូ​វេ​ចង្កូត​ដួល​ទៅ​ខាងស្តាំ​ដៃ ដោយ​មិន​មាន​ពាក់មួក​សុវត្ថិភាព​ផង​នោះ​ក៏​ត្រូវ​បោក​ក្បាល​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ ។

ក្រោយ​ពី​កើតហេតុ​មាន​ប្រជាពលរដ្ឋ​អ្នក​ឃើញ​ហេតុការណ៍​នោះ​បាន​ទូរស័ព្ទ​ទៅ​នគរបាល​ចរាចរណ៍​ឱ្យ​យក​រថយន្ត​សង្គ្រោះ​ដឹក​អ្នក​របួស​ទៅ​មន្ទី​ពេទ្យ​ឱ្យ​បាន​ឆាប់ ព្រោះ​ជន​រង​គ្រោះ​បែកក្បាល​ហូរ​ឈាម​ដាប​ថ្នល់ ម្យ៉ាងទៀត​អាកាសធាតុ​ក្តៅ​ទៀត​ផង ប៉ុន្តែ​រយៈ​ជិត​១​ម៉ោង​ទើប​ឃើញ​រថយន្ត​សង្គ្រោះ និង​កម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ដឹក​ជន​រង​គ្រោះ​ដែល​នៅ​សល់​តែ​ដង្ហើមចង្រិត​ទៅ​ព្យាបាល​នៅ​គ្លីនិក រក្សា សុខ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រិះគន់​យ៉ាង​ខ្លាំង​ៗ​ចំពោះ​នគរបាល​ចរាចរណ៍​ដែល​មានការ​យឺតយ៉ាវ ។

បន្ទាប់​មក ទាំង​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​នាំ​យក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មា​ន័យ ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕