ញូវដែលី​ដាក់​បម្រាម​ប្រជាជន​បើកឡាន ដើម្បី​បន្ថយ​ការបំពុល​បរិស្ថាន​

​ក្រុង​ញូវដែលី បានសម្រេច​ដាក់​គោលនយោបាយ​បៃតង សំដៅ​កាត់បន្ថយ​ការបំពុល​បរិស្ថាន​ក្នុង​ទីក្រុង​ដោយ​ហាមឃាត់​ប្រជាជន​មិន​ឲ្យ​បើកបរ​ឡាន​នៅក្នុង​ទីក្រុង​។ ដើម្បី​ជំរុញ​ឲ្យ​ប្រជាជន​សហការ អាជ្ញាធរ​គាំទ្រ​និង​ពង្រីក​សេវា​ដឹកជញ្ជូន​សាធារណ ហើយ​អាជ្ញាធរ​ក៏​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​ធានាថា​គ្មាន​អ្នករំលោភ​គោលនយោបាយ​នេះ​។ អ្នករំលោភ​បម្រាម​នឹង​ប្រឈមមុខ​ការផាកពិន័យ ៣០​ដុល្លារ​។ 

​អភិបាលក្រុង​ញូវដែលី​លោក  Arvind Kejriwal បាន​បន្ត​ស្នើសុំ​ឲ្យ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​គ្រប់គ្រង​របស់លោក សហការ​ជាមួយ​អាជ្ញាធរ​ដើម្បី​អនុវត្ត​ការហាមឃាត់​ការបើកបរ​រថយន្ត​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហា​បរិស្ថាន​។

​មន្ត្រី​រដ្ឋាភិបាល​ខាងលើ​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា​៖« ការបំពុល​បរិស្ថាន​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​បំផុត ហើយ​វាចា​បញ្ហា​មួយ​ដែល​យើង​គ្រប់គ្នា​ត្រូវ​ដោះស្រាយ​រួម​។ យើង​ត្រូវបង្កើត​ចលនា​មួយ ដែលជា​ចលនា​ប្រជាជន ហើយ​ហើយ​យើង​មិនអាច​អនុវត្ត​ផែនការ​របស់​យើង​ដោយ​ធ្វើ​ឲ្យ​ប្រជាជន​ភ័យខ្លាច​ការដាក់ទណ្ឌកម្ម​ឡើយ​»​។​

 គោលនយោបាយ​ថ្មី​របស់​ឥណ្ឌា នឹង​ហាម​រាល់​ប្រជាជន​មិន​ឲ្យ​បើកបរ​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សៅរ៍ ពី​ម៉ោង ៨​ព្រឹក​ដល់​ម៉ោង​៨​យប់​។  តែ​គេ​ឃើញ​មានការ​អនុគ្រោះ​ច្រើន​ដែរ​ដោយ​វិធានការ​នេះ​អនុញ្ញាត​ឲ្យ​មន្ត្រីជាន់ខ្ពស់​ប្រើប្រាស់​បាន ហើយ​ក្រៅពីនេះ​ស្ត្រី​មានកូន​ខ្ចី និង​បើកបរ​ម្នាក់ឯង​ក៏មាន​សិទ្ធិ​ប្រើប្រាស់​ឡាន​បានដែរ​។

​ដើម្បី​សម្រួល​ដល់​ការអនុវត្ត​គោលនយោបាយ​ទ្រទ្រង់​បរិស្ថាន​នេះដែរ អាជ្ញាធរ​បាន​ចាត់តាំង​មន្ត្រីប៉ូលិស​ចរាចរណ៍​ជាច្រើន​នាក់ និង​អ្នកស្ម័គ្រចិត្ត​ចំនួន​១​ម៉ឺន​ដើម្បី​ត្រួតពិនិត្យ​តាមផ្លូវ​នៅក្នុង​ទីក្រុង​។ ហើយ​ជន​ណា​ដែល​លើ្ម​ស​បទបញ្ជា​នឹងត្រូវ​រង​ការផាកពិន័យ​៣០​ដុល្លារ​អាមេរិក ដែល​តម្លៃ​ទណ្ឌ​កម្មនេះ​ច្រើនណាស់​សម្រាប់​ប្រជាជន​ឥណ្ឌា​ទូទៅ​។  

​ក្រៅពី​ការផាកពិន័យ អាជ្ញាធរ​នឹង​បង្កើន​ប្រសិទ្ធិភាព​សេវា​ដឹកជញ្ជូន​សាធារណ  ដោយ​បន្ថែម​រថយន្តក្រុង​រាប់រយ​គ្រឿង​ដើម្បី​ឲ្យ​ប្រជាជន​អាច​ប្រើប្រាស់​បាន​ស្រួល​។

​គ្រាន់តែ​នៅក្នុង​ក្រុង​ញូវដែលី​តែមួយ គេ​វាយតម្លៃថា ប្រជាជន​ប្រើ​យាន្ត​ជំនិះ​យ៉ាងតិចណាស់ ៨.៥​លាន​គ្រឿង​រាល់ថ្ងៃ ហើយ​ចំនួន​យាន្ត​ជំនិះ​ច្រើនសន្ធឹក​សន្ធាប់​នេះ​បំពុលបរិស្ថាន​យ៉ាងខ្លាំង ដោយ​បង្ក​អ័ព្ទ​ក្រាស់ឃ្មឹក ហើយ​ប្រជាជន​ឥណ្ឌា​ច្រើន​លាន​នាក់​រងគ្រោះថ្នាក់​ដោយសារ​បញ្ហា​បរិស្ថាន​នេះ​៕