ចិន​ផ្ដល់ជំនួយ​មនុស្សធម៌​៦​លាន​ដុល្លារ​ឲ្យ​ស៊ី​រីក​សាង​ប្រទេស​ឡើងវិញ

​ចិន​ផ្ដល់ជំនួយ​មនុស្សធម៌​ដែលមាន​តម្លៃ​ជាង​៦​លាន​ដុល្លារ​ឲ្យ​រដ្ឋាភិបាល​លោក បា​សាដ អាសាដ ដើម្បី​ជួយ​ប្រជាជន​ស៊ី​រី ដែល​រងគ្រោះ​ដោយសារ​ការ​ហែកហួរ​គ្នា​ព្រោះ​ភ្លើងសង្គ្រាម ។ ការសម្រេចចិត្ត​នេះ​កើតឡើង ក្រោយ​ជំនួប​រវាង​រដ្ឋមន្ត្រីការបរទេស​ចិន​ជាមួយ​សម​ភាគី​ស៊ី​រី​ដែល​កំពុង​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​។​

​រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) បានប្រកាស​ផ្ដល់ប្រាក់​៤០​លាន​យ័ន ដែល​ស្មើ ៦.១៨​លាន​ដុល្លារ ក្រោមរូបភាព​ជា​ជំនួយ​មនុស្សធម៌​ដល់​រដ្ឋាភិបាល​ស៊ី​រី ដើម្បី​ជួយ​ប្រជាជន​ស៊ី​រី ។ លោក វ៉ាង យី ប្រកាស​ដូចនេះ ក្រោយ​ជួប​រដ្ឋមន្ត្រីការបរទេស​ស៊ី​រី​លោក Walid al-Moallem ដែល​កំពុង​ស្ថិតនៅ​ប្រ​ទស​ចិន ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​បួន​ថ្ងៃ​។

​ក្នុងជំនួប​នោះដែរ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ​បាន​ពិភាក្សា​លើ​កា​រព​ន្លឿ​ន​ដំណោះស្រាយ​នយោបាយ​សម្រាប់​បញ្ចប់​វិបត្តិ​ដែល​បានចាប់ផ្ដើម​តាំងពី​ឆ្នាំ​២០១១​មកម្ល៉េះ ។ រដ្ឋមន្ត្រីការបរទេស​ចិន លោក វ៉ាង យី ក៏បាន​សរសើរ​ការប្រឹងប្រែង​របស់​រដ្ឋាភិបាល​ស៊ី​រី​ក្នុង​ការចូលរួម​បង្កើត​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នេះ ។ លោក​ថា ចិន​នឹង​ជួយ​ជំរុញ​ឲ្យ​មាន​ការកសាង​សន្តិភាព​និង​ការចរចា​នៅ​ស៊ី​រី ហើយ​ចិន​នឹង​ផ្ដល់ជំនួយ​មនុស្សធម៌​ទៅ​ស៊ី​រី​តាម​លទ្ធភាព​របស់ខ្លួន​។

​លោក វ៉ាង យី ក៏បាន​បញ្ជាក់​ទៅកាន់ រដ្ឋមន្ត្រីការបរទេស​ស៊ី​រី​លោក al-Moallem ពី​ជំហរ​របស់​ចិន​ចំពោះ​បញ្ហា​ដែល​កំពុង​កើតឡើង ក៏ដូចជា​ដំណោះស្រាយ​សមស្រប​មួយ​ចំពោះ​ប្រជាជន​ស៊ី​រី ។ លោក​បាន​សង្កត់ធ្ងន់ថា​៖«​យើង​ត្រូវតែ​បន្ត​រក្សា​ការប្ដេជ្ញាចិត្ត ដើម្បី​ស្វែងរក​ដំណោះស្រាយ​នយោបាយ​បញ្ចប់​បញ្ហា​ស៊ី​រី ដោយ​ទុក​ឲ្យ​ប្រជាជន​ស៊ី​រី​ជា​អ្នកសម្រេចចិត្ត​ពី​អនាគត​របស់​ប្រទេស​ពួកគេ​» ។ លោក វ៉ាង យី បន្តទៀតថា​អង្គការសហប្រជាជាតិ​ត្រូវ​ដើរតួ​ជា​ស្ពាន​ក្នុង​ការចរចា​នេះ​។ 

​ដោយឡែក​លោក Walid al-Moallem បាន​បញ្ជាក់ដែរថា រដ្ឋាភិបាល​របស់លោក​ត្រៀមខ្លួន​រួចរាល់​ក្នុងការ​សន្ទនា​រវាង​ភាគី​រដ្ឋាភិបាល​ស៊ី​រី និង​ក្រុមប្រឆាំង នៅ​ទីក្រុង​ហ្សឺ​ណែវ ដោយ​គ្មាន​ការ​លូកដៃ​ពី​បរ​ទេសណា​ទាំងអស់ ។ ហើយ​ក្រុម​របស់លោក​នឹងចូលរួម​ក្នុងការ​ចរចា នៅពេលដែល​ក្រុម​លោក​ទទួលបាន​បញ្ជី​ឈ្នោះ​អ្នកចរចា​មកពី​ក្រុម​ឧទ្ទាម​។ 

​វិបត្តិ​នៅ​ស៊ី​រី​បាន​ឆក់យក​ជីវិត​ប្រជាជន​ជាង​២​សែន​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង​១២​លាន​បាត់បង់​ផ្ទះសម្បែង ។ ជាងនេះទៅទៀត ប្រជាជន​ស៊ី​រី​រាប់លាន​បាន​ភៀសខ្លួន​ទៅកាន់​អឺរ៉ុប ដែល​បង្ក​ជា​បញ្ហា​ឈឺក្បាល​យ៉ាងខ្លាំង​ដល់​ប្រទេស​ជាច្រើន​នៅ​អឺរ៉ុប ។ យ៉ាងណាក៏ដោយ ជម្លោះ​នេះ​បាន​ស្ថិតក្នុង​ភាពមិន​ដាច់ស្រេច ចាប់តាំងពី​ឆ្នាំ​២០១៣​មក ព្រោះ​ភាគី​រដ្ឋាភិបាល​លោក អាសាដ និង​ក្រុម​ឧទ្ទាម​ប្រឆាំង មិនបាន​ប្រយុទ្ធ​គ្នា​ឬ​ដណ្ដើម​ទីតាំង​សំខាន់ៗ​ពីគ្នា​ឡើយ​៕