ស្លាប់ជាង ១០០នាក់ ក្នុងករណី ផ្ទុះរោងចក្រ ឧស្ម័ន នៅនីហ្សេរីយ៉ា

អាប៊ូចា៖ យោងតាមប្រព័ន្ធ ផ្សាព្វផ្សាយក្នុងស្រុក នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សជាង ១០០នាក់ បានស្លាប់ក្នុងករណី ផ្ទុះរោងចក្រឧស្ម័ន នៅទីក្រុងនូវី ភាគខាងត្បូងប្រទេស នីហ្សេរីយ៉ា។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥ នេះបន្ដទៀតថា គ្រោះថ្នាក់ផ្ទុះរោងចក្រឧស្ម័ននេះ បានកើតឡើងបង្ក ឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងក្នុងស្រុក នៅក្រុមហ៊ុនឧស្ម័ន Inter Corp Oil Limited Plants ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ នឹងក្រុមហ៊ុន ជីកាស៊ុន ដែលជាក្រុមហ៊ុនផលិត ឧស្ម័នសម្រាប់ចំអិនអាហារ នារដូវរងា។

ជនរងគ្រោះដែលស្លាប់ជាង ១០០នាក់ និងរងរបួសផ្សេងទៀតសុទ្ធ តែអ្នកក្នុងស្រុក ដែលទៅកាន់ក្រុមហ៊ុន ដើម្បីបំពេញការងារ និងទិញហ្គាស យកទៅចំអិនអាហារ។ ក្នុងករណីនេះដែរ មិនមានប្រភពណាមួយ ចេញមកបញ្ជាក់ពីមូលហេតុបណ្ដាល ឲ្យមានហេតុការណ៍ផ្ទុះឡើងនេះទេ យ៉ាងណាមិញសមត្ថកិច្ច កំពុងដាក់ការស៊ើបអង្កេត លើករណីនេះផងដែរ៕