គ.ជ.ប នឹង​ប្រកាស​ពី​នីតិវិធី​ជ្រើសរើស​អគ្គលេខាធិការ​ក្រោយ​បិទ​ទទួល​ពាក្យ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្រកាស​ថា ខ្លួន​នឹង​បង្ហាញ​ពី​នីតិវិធី​នៃ​ការ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង បន្ទាប់​ពី​បញ្ចប់​ការ​ទទួល​ពាក្យ​ពី​បេក្ខជន​ប្រឡង។

អង្គការ​មិនមែន​រដ្ឋាភិបាល​សាទរ​ចំពោះ​ដំណើរការ​ជ្រើសរើស​នេះ ប៉ុន្តែ​ស្នើ​អោយ គ.ជ.ប ផ្ដល់​នូវ​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌​ចំពោះ​ការ​ជ្រើសរើស។

..ប​ប្រកាស​ថា នឹង​បង្កើត​នីតិវិធី​ជ្រើសរើស​អ្នក​ដាក់​ពាក្យ​ប្រឡង​យក​តំណែង​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង ក្រោយ​ពី​ឈប់​ទទួល​ពាក្យ ដើម្បី​ជៀសវាង​ការ​បែក​ធ្លាយ​នីតិវិធី​ជ្រើសរើស។

សមាជិក និង​ជា​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​២៥ ធ្នូ មាន​បេក្ខជន​ចំនួន​២១​នាក់ បាន​ដាក់​ពាក្យ​តំណែង​អគ្គលេខាធិការ ក្នុង​ចំណោម​អ្នក​មក​ទទួល​ពាក្យ​ចំនួន​៣៤​នាក់។ ចំណែក​តំណែង​អគ្គលេខាធិការ​រង មាន​បេក្ខជន​ចំនួន​៨២​នាក់​បាន​ដាក់​ពាក្យ​ក្នុង​ចំណោម​អ្នក​មក​ទទួល​ពាក្យ​ចំនួន​១៦៥​នាក់។ លោក​ថា អ្នក​ដាក់​ពាក្យ​ទាំង​នោះ​គឺ​ជា និស្សិត​ដែល​មាន​សញ្ញាប័ត្រ​ខ្ពស់ៗ សង្គម​ស៊ីវិល និង​មន្ត្រី​រាជការ​ចូលនិវត្តន៍​ជា​ដើម។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា សមាជិក គ.ជ.ប ទាំង​៩ រូប​គឺ​ជា​អ្នក​សម្រេច​ជ្រើសរើស ចាប់​តាំង​ពី​ការ​ជម្រុះ​បេក្ខជន​រហូត​ដល់​ការ​ជ្រើសរើស​ចុង​ក្រោយ ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី​២៦ ធ្នូ ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​ការ​ទទួល​ពាក្យ​ក្រុម​ការងារ​នឹង​បង្កើត​នីតិវិធី​ជ្រើសរើស​តែ​ម្ដង។ «»

សេចក្ដីជូនដំណឹង​ដំណឹង​របស់ គ.ជ.ប ចេញ​នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ បញ្ជាក់​ថា គ.ជ.ប បាន​ផ្ដើម​ទទួល​ពាក្យ​ពី​បេក្ខជន​ក្នុង​រយៈពេល​១០ថ្ងៃ ដោយ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២៦ ខែ​ធ្នូ។ ស្ថាប័ន​នេះ​ត្រូវការ​ជ្រើសរើស​អគ្គលេខាធិការ​ចំនួន​១រូប និង​អគ្គលេខាធិការ​រង​ចំនួន​០៤​រូប។

ទាក់ទង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​និកហ្វិក (Necfec) លោក សំ គន្ធាមី ដែល​បាន​ឃ្លាំមើល​ដំណើរការ​ជ្រើសរើស​នេះ បាន​សាទរ​ចំពោះ​នីតិវិធី​នេះ។ លោក​ប៉ុន្តែ​លោក​ស្នើ​អោយ គ.ជ.ប ធ្វើ​ការ​ជ្រើសរើស​ឲ្យ​មាន​តម្លាភាព​ជៀសវាង​ការ​ដាក់​បក្ស​ពួក​និង​គ្នា​ឯង​ចូល​កាន់​តំណែង​នេះ«»

អ្នក​ដែល​បាន​ដាក់​ពាក្យ​ចូលរួម​ក្នុង​ការ​ជ្រើសរើស​នេះ​មាន​ជា​អាទិ៍ លោក ទេព នីថា ក្នុង​តួនាទី​បច្ចុប្បន្ន​ដែល​បាន​កាន់​តំណែង​ជា​អគ្គលេខាធិការ​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ និង​លោក​បណ្ឌិត ហេង មណីចិន្តា បច្ចុប្បន្ន​នាយក​អង្គការ​ពុទ្ធសាសនា​ដើម្បី​អភិវឌ្ឍន៍ ក៏​ដាក់​ពាក្យ​ក្នុង​តំណែង​អគ្គលេខាធិការ។ ចំណែក​អ្នក​ដាក់​ពាក្យ​ក្នុង​តួនាទី​អគ្គលេខាធិការ​រង មាន​លោក សុកុលៈ ទីប៉ោ ក្នុង​តំណែង​​អគ្គលេខាធិការ​រង​បច្ចុប្បន្ន លោក នី ចរិយា ប្រធាន​ផ្នែក​អង្កេត​នៃ​សមាគម​អាដហុក និង​លោក គឹម ឈន អ្នក​សម្របសម្រួល​កម្មវិធី​ជាន់​ខ្ពស់ នៃ​អង្គការ​ខុមហ្វ្រែល​ជាដើម។

សេចក្ដីជូនដំណឹង​ដំណឹង​របស់ គ..ប ឲ្យ​ដឹង​ទៀត​ថា អ្នក​ដែល​អាច​ដាក់​ពាក្យ​ត្រូវ​មាន​លក្ខណៈ​សម្បត្តិ​ចំនួន​៦​ចំណុច។ ក្នុង​នោះ​រួម​មាន មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​ក្នុង​រយៈពេល​បំពេញ​ការងារ មាន​អាយុ​យ៉ាង​តិច​៣០​ឆ្នាំ មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាប័ត្រ​ចាប់​ពី​ថ្នាក់​ឧត្ដម​សិក្សា​ឡើង​ទៅ មាន​បទ​ពិសោធន៍​ការងារ​យ៉ាង​តិច​៥​ឆ្នាំ និង​មិន​ត្រូវ​ជា​សហព័ទ្ធ ឬ​ញាតិ​លោហិត ឬ​ញាតិពន្ធ​រហូត​ដល់​ថ្នាក់​ទី៣ របស់​ប្រធាន អនុប្រធាន គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។