ក្រសួងមហាផ្ទៃ​ព្រមាន​មន្ដ្រី​ពន្ធនាគារ ឲ្យ​ឈប់​ប្រើ​ហិង្សា​ខុសច្បាប់​លើ​អ្នកទោស​

​មន្ដ្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ បាន​ព្រមាន​ដល់​មន្ត្រី​ពន្ធនាគារ ឲ្យ​បញ្ឈប់​ការប្រើ​អំពើហិង្សា​ខុសច្បាប់​ទៅលើ​អ្នកទោស ដែល​កំពុង​ជាប់ពន្ធនាគារ​ទៀត ដើម្បី​ធានា​ការគោរព​សិទ្ធិមនុស្ស​។​នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា AKP ។​

​លោក នុត សាអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​បញ្ជាក់ថា ពន្ធនាគារ​គឺជា កន្លែង​ឃុំឃាំង​កែប្រែ​អប់រំ​អ្នកទោស ដើម្បី​ឲ្យ​ក្លាយជា​មនុស្ស​ល្អ​វិញ ប៉ុន្ដែ​ពុំមែន​ជា​កន្លែង​ធ្វើ​ទារុណកម្ម ដែល​ខុស​នឹង​នីតិវិធី​ច្បាប់​នោះឡើយ​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ផ្ទេរ​មុខតំណែង​ប្រធាន​មន្ទីរ​ពន្ធនាគារ​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ លោក នុត សាអាន បាន​ព្រមាន​ថា មន្ត្រី​ពន្ធនាគារ​ត្រូវអនុវត្ត​ការអប់រំ​ស្តារនីតិសម្បទា​ជន​ជាប់ឃុំ​ឲ្យ​បានល្អ​ប្រសើរ ដោយ​ជៀសវាង​ការប្រើ​អំពើ​ខុសឆ្គង​ផ្សេងៗ ហើយ​បើ​មន្ត្រី​ទាំងនោះ​នៅតែ​ប្រព្រឹត្តិ​ខុសច្បាប់​លើ​អ្នកទោស​ទៀត នឹង​ប្រឈម​ការដាក់ទណ្ឌកម្ម វិន័យ ដោយមាន​ការផ្តន្ទាទោស​ទៅតាម​ច្បាប់​ដែល​បានកំណត់​។​

​លោក ពេ​ជ យុន ប្រធាន​ពន្ធនាគារ​រាជធានី​ភ្នំពេញ ដែល​ទើបតែ​ឡើងកាន់តំណែង​ថ្មី បាន​ប្ដេជ្ញា​ថា ទោះបី​ការគ្រប់គ្រង​ពន្ធនាគារ​មាន​លក្ខណៈ​ស្មុគស្មាញ និង​មានការ​លំបាក​ក៏ដោយ តែ​លោក​នឹង​ខិតខំ​បំពេញភារកិច្ច​ស្របតាម​ច្បាប់ និង​ទទួលខុសត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ក្នុងករណី ការ​អនុវត្ដ​ផ្ទុយ​ពី​នីតិវិធី​ច្បាប់​៕