មហាអំណាច​ចិន​បន្ត​សង់​នាវា​ដឹក​យន្តហោះ​ចម្បាំង​ដើម្បី​ពង្រឹង​យុទ្ធសាស្ត្រ​ប្រយុទ្ធ​

​ថ្វីបើ​ចិន​មាន​ទ័ព​ច្រើន និង​មាន​សព្វាវុធ​ទំនើប​ច្រើន​ក៏ដោយ ចិន​មិនអាច​ក្លាយជា​មហាអំណាច​យោធា​ដ៏​ខ្លាំង​ក្លាយ​ឡើយ បើ​គ្មាន​ទ័ពជើងទឹក​ខ្លាំង​ដោយ​នាវា​យុទ្ធសាស្ត្រ​សម្រាប់​ដឹក​យន្តហោះ​ចម្បាំង​។ រយៈពេល​ចុងក្រោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាប់ផ្តើម​ផ្តោតលើ​ការ​ការពង្រឹង​សមត្ថភាព​ទ័ពជើងទឹក រួមជាមួយ​ជើង​អាកាស ដោយ​បន្ត​សាងសង់​នាវា​ដឹក​យន្តហោះ និង​សាកល្បង​ប្រតិបត្តិ​ការហោះហើរ​យន្តហោះ​ចម្បាំង​របស់ខ្លួន​ពីលើ​នាវា​ផង​។ នេះ​បញ្ជាក់ថា ចិន​កំពុង​ផ្តោតលើ​យុទ្ធសាស្ត្រ​ប្រយុទ្ធ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ​។ មកដល់ពេលនេះ ចិន​នៅមាន​នាវា​ដឹក​យន្តហោះ​ត្រឹម​មួយគ្រឿង​ដែល​ចាប់ផ្តើម​ដំណើរការ​ឆ្នាំ ២០១២​នេះ ស្រប​ពេលដែល​ក្រុង​វ៉ាស៊ីនតោន​មាន​មិនតិចជាង​១០​គ្រឿង​ឡើយ​។ ក្នុង​ក្រសែរ​ភ្នែក​ក្រុង​វ៉ាស៊ីនតោន សមត្ថភាព​ទ័ពជើងទឹក​និង​យុទ្ធសាស្ត្រ​យោធា​ផ្លូវ​សមុទ្រ​របស់​ចិន​នៅ​ខ្សោយ​នៅឡើយ​។
 

​នៅ​ថ្ងៃ​សុក្រ​នេះ​មេបញ្ជាការ​ទ័ពជើងទឹក​ចិន​លោក Wu Shengli បាន​អញ្ជើញ​ទៅ​ទស្សនា​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទីមួយ​របស់​ចិន Liaoning និង​ជួប​ជាមួយ​បណ្តា​ក្រុម​អ្នកបើក​យន្តហោះ​ប្រដេញ និង​កងទ័ព​ចិន​ជាច្រើន​ទៀត​។ ក្នុង​ទស្សនកិច្ច​នេះ មេបញ្ជាការ​ទ័ពជើងទឹក​ចិន បាន​ថ្លែង​យ៉ាងច្បាស់​ថា ទ័ពជើងទឹក​ចិន​អាច​សម្រេច​ជោគជ័យ​ក្នុង​ប្រតិបត្តិការ ហោះហើរ​ចេញពី​នាវា​ដឹក​យន្តហោះ​។ បច្ចុប្បន្ន​កងទ័ព​រំដោះ​ប្រជាជន​ចិន​មាន​នាវា​ដឹក​យន្តហោះ​មួយគ្រឿង​ប៉ុណ្ណោះ​ដែល​គេ​ដាក់​រហ័ស្ស​នាម​ថា Liaoning ហើយ​ចិន​មាន​មោទនា​ភាពខ្លាំង​ណាស់ដែរ​ពេល​ស​ម្រេ​បាន​នាវា​ប្រភេទ​នេះ​។ តាមពិតទៅ Liaoning ជា​ប្រភេទ​នាវា​ផលិត​ដោយ​សហភាពសូវៀត​មាន​ទម្ងន់ ៦​ម៉ឺន​តោន ដែល​ចិន​បាន​ទិញ​មកពី​អ៊ុយ​ក្រែ​ន​កាលពី​ឆ្នាំ​១៩៩៨ ហើយ​ចិន​បាន​កែលម្អ​និង​ច្នៃ​ឡើងវិញ​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​យោធា​ខ្លួន​។ រហូតដល់​ឆ្នាំ ២០១២ នាវា​ដឹក​យន្តហោះ​នេះ​ត្រូវបាន​គេ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​តែម្តង​។

​បើ​យោងតាម អត្ថបទ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​កងទ័ព​ចិន ការប្រើប្រាស់​នាវា​យន្តហោះ​ក្នុង​ប្រតិបត្តិការ​យោធា​របស់ខ្លួន​កន្លងមក​មានការ​វិវត្តន៍​ខ្លាំង​។ ចំនួន​យន្តហោះ​ចម្បាំង​ដែល​ចុះចត​នៅលើ​នាវា​របស់ខ្លួន​កើនឡើង ហើយ​ម្យ៉ាង​ការហោះហើរ​ចេញពី​នាវា​ដឹក​យន្តហោះ​ក៏​កើន​ឡើងជា​លំដាប់​ថែមទៀត​។ ចំណែក​អ្នកបើក​យន្តហោះ កាន់​តែមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រើប្រាស់​យន្តហោះ​ប្រដេញ​ស៊េរី​ថ្មី​របស់​ចិន J-15 ពីលើ​នាវា​ដឹក​យន្តហោះ​របស់ខ្លួន​បាន​ទៀត​។ 

១.​ចិន​មាន​ផែនការ​សម្ងាត់​សម្រាប់​ផលិត​នាវា​ដឹក​យន្តហោះ​
​កន្លងមក​ចិន​បានប្រកាស​ផងដែរ​ខ្លួន​កំពុង​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព​កងទ័ពជើងទឹក​ដោយ​ផ្តោត​សំខាន់​លើ​យុទ្ធសាស្ត្រ​យោធា​ក្នុង​មហាសមុទ្រ​ដែលមាន​ទឹក​ជ្រៅ (blue water navy)​។  យុទ្ធសាស្ត្រ​ប្រភេទ​នេះ​អាច​នឹង​ជួយ​ឲ្យ​មហា​យក្ស​ចិន​ស័ក្តិ​សមជា​មហាអំណាច​មួយ​ដែលមាន​យោធា​ខ្លាំង និង​អាច​កំញើញ​បណ្តា​ប្រទេស​មហាអំណាច​ឯទៀត​បាន​បើ​ចាំបាច់​។ ការតានតឹង​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងកើត និង​ខាងត្បូង រួមទាំង​វត្តមាន​សហរដ្ឋអាមេរិក​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​កាន់តែ​ធ្វើ​ឲ្យ​ចិន​នៅ​មិន​សុខ ដេក​មិន​លក់ ឡើយ​។  ទោះជា​ចិន​មាន​ទ័ព​ច្រើន និង​មាន​សព្វាវុធ​សម្រាប់​ប្រើប្រាស់​លើគោក​និង​អាកាស​ច្រើន​ក៏ដោយ បើ​ចិន​គ្មាន​សព្វាវុធ​សម្រាប់​ចេញ​ច្បាំង​តាមផ្លូវ​ទឹក រយៈ​ចម្ងាយ និង​ក្នុង​តំបន់​ទឹក​ជ្រៅ យើង​អាច​និយាយ​ចិន​នៅតែ​ខ្សោយ​ដដែល​។ បច្ចុប្បន្ននេះ​សហរដ្ឋអាមេរិក មាន​នាវា​ដឹក​យន្តហោះ​ចម្បាំង​ច្រើនជាង​១០​គ្រឿង​សម្រាប់​ប្រតិបត្តិការ​យោធា​របស់ខ្លួន​។

​យ៉ាងណាក៏ដោយ កងទ័ពជើងទឹក​ចិន​កំពុង​ព្យាយាម​ព​ន្លឿ​ន​ការ​ពង្រឹត​សមត្ថភាព​កងទ័ពជើងទឹក​របស់ខ្លួន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ហើយ​កញ្ចប់​លុយ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ទំនើបកម្ម​យោធា​កើនឡើង​រាល់​ឆ្នាំ​ផងដែរ​។ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​ការផលិត​នាវា​ដឹក​យន្តហោះ​នេះដែរ ចិន​នៅតែ​រក្សា​ការសម្ងាត់​ដោយ​មិនបាន​ប្រកាស​ឲ្យ​គេ​ដឹងថា ខ្លូន​នឹង​សាងសង់​នាវា​ប្រភេទ​នេះ​ប៉ុន្មាន​ទៀតឡើយ​។ ប៉ុន្តែ បើតាម​របាយការណ៍​ក្រសួងការពារជាតិ​តៃវ៉ាន់ ចិន​កំពុង​សម្ងំ​សង់​នាវា​ទំហំ​ប្រហាក់ប្រហែល​នាវា Liaoning នេះ​ពីរ​គ្រឿង​បន្ថែមទៀត ហើយ​គេ​រំពឹងថា​ក្នុង​រយៈពេល ១៥​ឆ្នាំ ខាងមុខ​ទ័ព​ចិន​នឹងមាន​នាវា​បែបនេះ​មិនតិចជាង​៥​គ្រឿង​ឡើយ​សម្រាប់​ការពារជាតិ​។ ក្រៅពី​នាវា​ដឹក​យន្តហោះ​មហា​យក្ស​ចិន​ក៏​ព្យាយាម​បង្កើន​ឥទ្ធិពល​យោធា​របស់ខ្លួន​តាមរយៈ​ការផលិត​នាវាមុជទឹក​រយៈ​ចម្ងាយ​ឆ្ងាយ​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ យន្តហោះ​នានា​ដែល​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ​ទាំង​យន្តហោះ​ចម្បាំង ឈ្លបយកការណ៍ និង​ទម្លាក់​គ្រាប់​។ ហើយ ការបន្ត​ផលិត​នាវា និង​សព្វាវុធ​យុទ្ធសាស្ត្រ​ជាច្រើន​ទៀត​របស់​ចិន ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ព្រួយបារម្ភ​ដូចគ្នា​ដែរ​។​

២. ក្រៅពី​ផលិត ចិន​បើក​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ជី​ប៊ូ​ទី អាហ្វ្រិក​
​ក្រៅពី​ផលិត​អាវុធ​និង​កែទម្រង់​កងទ័ព រដ្ឋបាល​ក្រុង​ប៉េកាំង​បច្ចុប្បន្ន​ក៏​ចាប់ផ្តើម​ងាក​មក​សង់​មូលដ្ឋានទ័ព​ខ្លួន​នៅ​បរទេស​ដែរ​។  វា​ល្មម​ដល់ពេល​ដែល​ចិន​ត្រូវ​គិតគូ​ពី​ការពង្រីក​អំណាច​យោធា​របស់ខ្លួន​នៅក្រៅ​ប្រទេស​។ ក្រៅពី​មាន​សព្វាវុធ វា​ក៏​ជា​រឿង​ចាំបាច់​ដែល​ត្រូវដាក់​មូលដ្ឋាន​នៅក្រៅ​ដើម្បី​បង្ក​ភាពងាយស្រួល​ក្នុង​ប្រតិបត្តិការ​យោធា​ផងដែរ​។  ដំណើរ​ទស្សនកិច្ច​ទៅ​អាហ្វ្រិក​លើក​នេះ​របស់​ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ពីង បាន​សិទ្ធិ​បង្កើត​មូលដ្ឋាន​យោធា​ទ័ពជើងទឹក​ជា​ផ្លូវការ​នៅ​រដ្ឋ​អាហ្វ្រិក ជី​ប៊ូ​ទី ក្រោម​កិច្ចសន្យា​រយៈពេល​១០​ឆ្នាំ​។ មូលដ្ឋាន​ទ័ពជើងទឹក​របស់​ចិន​នេះ ជា​មូលដ្ឋាន​យោធា​ដំបូង​បំផុត​នៅ​បរទេស​ព្រោះ​តាំងពី​ប្រកាស​បង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ឆ្នាំ ១៩៤៩ របប​ដឹកនាំ​ក្រុង​ប៉េកាំង​ផ្តោត​តែ​លើ​ការពង្រឹង​យោធា​ទុក​គ្រាន់​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ តាមពិតទៅ​មាន​ហេតុផល​ច្រើន​ដែល​ជំរុញ​ឲ្យ​ក្រុង​ប៉េកាំង​រើសយក​រដ្ឋ​អាហ្វ្រិក​មួយ​នេះ​ជា​កន្លែង​តាំង​មូលដ្ឋានទ័ព​របស់ខ្លួន​ដំបូង​។ ប៉ុន្តែ​អ្វី​សំខាន់បំផុត គឺ​ទីតាំង​យុទ្ធសាស្ត្រ​។ ជី​ប៊ូ​ទី​ជា​រដ្ឋ​មួយ​ក្រីក្រ​មាន​ព្រំដែន​ជាប់​ប្រទេស​សម្បូរ​ចោរ​សមុទ្រ​សូ​ម៉ាលី តែបើ​និយាយ​ពី​តាំង​ភូមិសាស្ត្រ​វិញ​នោះ វា​សំខាន់​ណាស់​ដោយសារ​វា​ស្ថិតនៅ​ចន្លោះ​ឈូង​សមុទ្រ Aden និង​សមុទ្រ​ក្រហម​។ សូម្បីតែ​អាមេរិក បារាំង​និង​ជប៉ុន​ក៏​សុំ​ដាក់​មូលដ្ឋាន​ខ្លួន​នៅ​ទីនោះ​ដែរ​។ កាលណា​បើ​ចិន​មាន​មូលដ្ឋាន​ទ័ពជើងទឹក​នៅ​ទីនោះ​នាវាចម្បាំង​និង​នាវា​ល្បាត​របស់ខ្លួន​អាច​ចេញចូល​បាន​យ៉ាង​ងាយស្រួល​ដើម្បី​ការពារ​នាវា​ដឹក​ប្រេង​និង​នាវា​ដឹកទំនិញ​របស់​ចិន​ពី​មជ្ឈិមបូព៌ា​មកកាន់​មហាសមុទ្រ​ឥណ្ឌា​និង​បន្ត​ឆ្លង​មក​ចិន​ដោយ សុវត្ថិភាព​៕