ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ថ្ម​ម៉ា​ប​បុក​ហើយ​កិន​ថៅកែ​ស្រូវ​ស្រុក​អូរ​រាំង​ឪ​ខ្ទេច​ខ្លួនប្រាណ​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្ត​ត្បូងឃ្មុំ ៖ ថៅកែ​ដើរ​ទិញ​ស្រូវ​ម្នាក់​ត្រូវ​រថយន្ត​ធុន​យក្ស​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​បុក​ហើយ​កិន​ខ្ទេច​ខ្លួនប្រាណ​អស់ ព្រមទាំង​ដាច់​ជើង​មួយ​ចំហៀង​ចេញពី​ខ្លួន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ កាលពី​វេលា​ម៉ោង​៥ និង​៥០​នាទី​ព្រលប់ ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិត​នៅ​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ហើយ​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​ចូល​ព្រៃ​បាត់​ស្រមោល​តែ​ម្តង ។

លោក​វរសេនីយ៍ត្រី សូ សា​រ៉ាត់ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា ថៅកែ​ដើរ​ទិញ​ស្រូវ​រង​គ្រោះ​ឈ្មោះ ម៉ុ​ន គ​ន្ធី ភេទ​ស្រី អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៥ ឃុំ​អំពិល​តា​ពក ស្រុក​អូរ​រាំង​ឪ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1X-2048 ចំណែក​រថយន្ត​ដែល​បុក​ហើយ​កិន​ស្ត្រី​រង​គ្រោះ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ជា​រថយន្ត​ធុន​យក្ស ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 3C-0777 ដឹក​ថ្ម​ម៉ា​ប​មាន​ទម្ង​ន់​រាប់​សិប​តោន​របស់​ក្រុមហ៊ុន P-N 70 ហើយ​រថយន្ត​បាន​បើក​រត់គេច​រហូត​មក​ហួស​ស្ពាន​មាត់​ឃ្មង់ ក៏​ត្រូវ​អ្នកបើកបរ​ឈប់​រថយន្ត​​បើកទ្វារ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​តែ​ម្តង ។

លោក​វរ​សេនី​យ៏​ត្រី សូ សា​រ៉ាត់ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លើ​កំណាត់​ផ្លូវជាតិ​លេខ​៧​ ខណៈ​មក​ដល់​ភូមិ​ស្រែ​សៀម ឃុំ​ជី​រោទ៍​ទី​២  ស្រុក​ត្បូងឃ្មុំ ក៏​បាន​វ៉ា​រថយន្ត​តូច​១​គ្រឿង ស្រប​ពេល​នោះ​រថយន្ត​ធុន​ធំ​ខាងលើ​បើក​បញ្ច្រាស់ទិស​ដៅ​គ្នា​មក​ដល់​ក៏​បុក​ហើយ​កិន​ស្ត្រី​រូប​នេះ​ឡើង​ខ្ទេច​ខ្លួនប្រាណ​ស្លាប់​គួរ​ឲ្យ​ស​ង្វេ​ក​ណាស់ គឺ​ជើង​ម្ខាង​ត្រូវ​បាន​ដាច់​ចេញពី​ខ្លួនទៀត​ផង ។ ភ្លាម​ៗ​នោះ​រថយន្ត​មិន​បាន​ឈប់​ឡើយ គឺ​រិ​ត​តែ​បន្ថែម​ល្បឿន​ទៅ​មុខ​ទៀត ដើម្បី​បើក​រត់គេច​ខ្លួន រហូត​ដល់​ត្រង់​ចំ​ណុ​ក្បែរ​ស្ពាន​មាត់​ឃ្មង់ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ឈប់​រថយន្ត​អែប​នៅ​នឹង​ច​ញ្ចើ​ម​ថ្នល់ រួច​បើកទ្វារ​រថយន្ត​លោត​ចុះ​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​ព្រៃ​បាត់ ។

លោក​អនុសេនីយ៍ឯក គង់ សី​ហុង អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ថៅកែ​ទិញ​ស្រូវ​ឈ្មោះ គ​ន្ធី បាន​ជិះ​ម៉ូតូ​ដើរ​ទិញ​ស្រូវ​ពី​តំបន់​មួយ​ចំនួន​នៅ​ក្នុងស្រុក​ត្បូងឃ្មុំ ដោយ​ល្ងាច​ហើយ​ក៏​បាន​ជិះ​ម៉ូតូ​ក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ​នៅ​ស្រុក​អូរ​រាំង​ឪ ប៉ុន្តែ​មិន​ទាន់​ដល់​ផង​ត្រូវ​រថយន្ត​ធុន​ធំ​ដឹក​ថ្ម​ម៉ា​ប​មាន​ទម្ងន់​រាប់​សិប​តោន​បុក​និង​កិន​ស្លាប់​យ៉ាង​អាណោចអាធ័ម ។

លោក​អធិការរង​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ផ្តល់​ដំណឹង​ទៅ​ក្រុម​សាច់ញាតិ នា​យប់​ថ្ងៃ​ទី​២៥​ធ្នូ​នេះ​ក៏​បាន​មក​ទទួលយក​សព​ដើម្បី​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំពោះ​វត្ថុ​តាង រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​របស់​លោក​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​នៅ​ពេល​ក្រោយ ៕