វី​ហ្គោ​រេ​ចង្កូត​បុក​ម៉ូតូ​កង់​បី​ដាច់​ជា​ពីរ​កំណាត់ របួសធ្ងន់​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់​បាន​រង​របួស​ជើង​ឆ្វេង​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​​ត្រូវ​​រថយន្ត​វី​ហ្គោ​​បុក​កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ធ្នូ ២០១៥ នៅ​ចំណុច​មុខ​ហាង​កូរ៉េ​លក់​គ្រឿង​ជជុស តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​កង់​បី​១​គ្រឿង​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1AL-7509 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​នោះ​ក៏​មាន​រថយន្ត​វី​ហ្គោ​១​គ្រឿង ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-3515 បើកបរ​ដោយ​បុរស​ម្នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ក៏​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​កង់​បី​ឡើង​ដាច់​ជា​ពីរ​កំណាត់ (​ដាច់​​ម៉ូតូ​​ចេញ​ពី​រ៉ឺ​ម៉ក​​) និង​បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​កង់​បី​រង​របួស​ជើង​ឆ្វេង​​ធ្ងន់ធ្ង​ ។ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ខាង​មុខ​យ៉ាងដំណំ ។ ភ្លាម​ៗ​នោះ​អ្នក​នៅ​កន្លែង​កើតហេតុ​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​វត្ថុ​តាង​ ទាំង​រថយន្ត និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕