បែកធ្លាយ​រឿង​ដី​ច្រមុះជ្រូក​ខាងជើង​រង្វង់​មូល​ស្តា​ដ​ចាស់​ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​៧០​ឆ្នាំ​

​កាលពី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ក្រុម​ប្រជាពលរដ្ឋ​ចំនួន​១៧២​នាក់​ រស់នៅ​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ធ្លាប់​បាន​ផ្តិត​មេដៃ​ដាក់​ពាក្យបណ្តឹង​មួយ​ច្បាប់​ គោរព​ជូន​ឯ​ឧត្តម​ អេ​ង​ ឆៃ​អ៊ា​ង​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យបណ្តឹង​ អង្កេត​ និង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​ នៃ​រដ្ឋសភា​នីតិកាល​ទី​៥​ (​គណៈកម្មការ​ទី​១)​ ស្នើ​សុំ​ជួយ​អន្តរាគមន៍​ទៅ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ទៅ​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ឲ្យ​បញ្ឈប់​ការ​លក់​ ឬ​ជួល​ទីតាំង​ដី​មួយ​កន្លែង​ឋិត​នៅ​ចន្លោះ​ផ្លូវ​លេខ​៩៣​ ផ្លូវ​លេខ​៤៧​ និង​ផ្លូវ​លេខ​៧២​ ក្នុងភូមិ​១៩​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ទៅ​ឲ្យ​បុគ្គល​ ឬ​ក្រុមហ៊ុន​ឯកជន​សាងសង់​សំណង់​ផ្សេងៗ​ ដោយ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ (​អាច​ធ្វើ​ជា​សួនច្បារ​ ឬ​ជា​ផ្លូវ​សាធារណៈ​)​ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ និង​បាត់បង់​ផលប្រយោជន៍​សាធារណៈ​ ។​ ប៉ុន្តែ​ឥឡូវ​ រឿង​ទីតាំង​ដី​ច្រមុះជ្រូក​ខាងជើង​រង្វង់​មូល​ស្តា​ដ​ចាស់​នេះ​ ត្រូវ​បែកធ្លាយ​ចេញ​មក​ក្រៅ​ហើយ​ ដោយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ជួល​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​មួយ​ក្នុង​រយៈពេល​៧០​ឆ្នាំ​ ។​

​ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​ជួល​ទីតាំង​ដី​ច្រមុះជ្រូក​ខាងជើង​រង្វង់​មូល​ស្តា​ដ​ចាស់​ ដើម្បី​សាងសង់​ជា​ស្ថានីយ៍​ប្រេង​ និង​អគារ​ពាណិជ្ជកម្ម​ តាំងពី​អំឡុង​ឆ្នាំ​១៩៩៨​មក​នោះ​ គឺ​ក្រុមហ៊ុន​ ជ្រាង​ សុ​ផា​ន់​ ពាណិជ្ជ​ និង​សំណង់​ មាន​លោក​ ជ្រាង​ សុ​ផា​ន់​ ជា​ប្រធាន​ក្រុមហ៊ុន​ តាម​រយៈ​ការ​ចុះ​កិច្ចសន្យា​នា​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​១៩៩៨​ ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ រយៈពេល​៧០​ឆ្នាំ​ ដោយ​មានការ​ឯកភាព​ពី​ឯកឧត្តម​ ជា​ សុ​ផា​រ៉ា​ អតីត​អភិបាលរង​ទី​១​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ (​រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែមេសា​ ឆ្នាំ​២០៦៨​ ទើប​ចប់​កិច្ចសន្យាជួល​)​ ។​

​តម្លៃ​ជួល​ទីតាំង​ដី​ខាងលើ​បច្ចុប្បន្ន​ គឺ​២៣០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ (​ពី​ខែឧសភា​ឆ្នាំ​២០១៣​ ដល់​ខែមេសា​ ឆ្នាំ​២០១៨)​ រីឯ​តម្លៃ​ឈ្នួល​ចាប់ពី​ខែឧសភា​ ឆ្នាំ​២០៦៣​ ដល់​ខែមេសា​ ឆ្នាំ​២០៦៨​ គឺ​៣៣០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ខែ​ ។​

​លោក​ ជ្រាង​ សុ​ផា​ន់​ ប្រធាន​ក្រុមហ៊ុន​ជ្រាង​ សុ​ផា​ន់​ ពាណិជ្ជ​ និង​សំណង់​ អតីត​ជា​អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ ដែល​ទទួល​បានការ​តែងតាំង​ជា​ឧកញ៉ា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១១០១/៤២១​ ចុះ​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ ឆ្នាំ​២០០១​នោះ​ បាន​ទទួលមរណភាព​កាលពី​ថ្ងៃ​ទី​២៧​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ហើយ​ទាយាទ​របស់​សព​លោក​ឧកញ៉ា​ ជ្រាង​ សុ​ផា​ន់​ បច្ចុប្បន្ន​កំពុង​ស្វែងរក​ដៃគូ​ជួល​ និង​គ្រប់គ្រង​ស្ថានីយ៍​ប្រេង​ និង​អគារ​ពាណិជ្ជកម្ម​បន្ត​ពី​គ្រុម​ហ៊ុន​របស់​ខ្លួន​ ស្រប​តាម​ប្រការ​៦​ ចំណុច​ទី​២​នៃ​កិច្ចសន្យា​ ។​

​ទោះ​យ៉ាងណា​ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​គប្បី​បញ្ឈប់​ការ​ជួល​ទីតាំង​ដី​ច្រមុះជ្រូក​ ខាងជើង​រង្វង់​មូល​ស្តា​ដ​ចាស់​នេះ​ ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ ដែល​បច្ចុប្បន្ន​កំពុង​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់​ និង​ចរាចរណ៍​សាធារណៈ​ ហើយ​រក្សា​ទុកជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​វិញ​ គឺ​ល្អ​ប្រសើរ​ជាង​ ៕​

បែកធ្លាយ​រឿង​ដី​ច្រមុះជ្រូក​ខាងជើង​រង្វង់​មូល​ស្តា​ដ​ចាស់​ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​៧០​ឆ្នាំ​ បែកធ្លាយ​រឿង​ដី​ច្រមុះជ្រូក​ខាងជើង​រង្វង់​មូល​ស្តា​ដ​ចាស់​ ត្រូវ​បាន​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​៧០​ឆ្នាំ​