មនុស្ស១៥ម៉ឺននាក់ ត្រូវជម្លៀសខ្លួន ចេញពីលំនៅដ្ឋាន ដោយសារគ្រោះ ទឹកជំនន់នៅ អាម៉េរិកខាងត្បូង

ប្រជាពលរដ្ឋប្រមាណ ១៥ម៉ឺននាក់ ក្នុងបណ្តាប្រទេសទាំងបី នៅអាម៉េរិកខាងត្បូង បានផ្លាស់ទីចេញ ពីលំនៅដ្ឋានរបស់ខ្លួន ដោយសារគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារ សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ ។

គ្រោះទឹកជំនន់ត្រូវបានបង្កឡើងដោយសារ ភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេស ប៉ារ៉ាហ្គាយ អ៊ុយរូហ្គាយ និង អាហ្សង់ទីន ជម្រុញឲ្យអាជ្ញាធរត្រូវ ជម្លៀសប្រជាពលរដ្ឋ របស់ខ្លួនរាប់ពាន់នាក់ ទៅកាន់ជម្រក ស្នាក់នៅបណ្តោះអាសន្ន។

ក្នុងចំណោមប្រទេសរងគ្រោះទាំងបី ប្រទេស ប៉ារ៉ាហ្កាយ បានរងការវាយប្រហារដោយទឹកជំនន់ ធ្ងន់ធ្ងរជាងគេ ដោយគិតត្រឹមថ្ងៃពុធកន្លងទៅនេះ ប្រជាពលរដ្ឋរហូតដល់១០ម៉ឺននាក់ ត្រូវបាន ជម្លៀសខ្លួនចេញពីលំនៅដ្ឋានរបស់ខ្លួន បន្ទាប់ពីអាងទន្លេនានាត្រូវពេញប្រៀបដោយទឹកជំនន់។

រហូតមកទល់ពេលនេះមានមនុស្ស៥នាក់ហើយ ដែលបានស្លាប់ ដោយសារគ្រោះទឹកជំនន់នេះ ដោយក្នុងនោះមានជនរងគ្រោះ៤នាក់ជាជនជាតិ ប៉ារ៉ាហ្កាយ និងក្មេងប្រុសម្នាក់ទៀត ជាជនជាតិអាហ្សង់ទីន ៕

មនុស្ស១៥ម៉ឺននាក់ ត្រូវជម្លៀសខ្លួន ចេញពីលំនៅដ្ឋាន ដោយសារគ្រោះ ទឹកជំនន់នៅ អាម៉េរិកខាងត្បូង