ចិន៖ ទីក្រុង​​ចំនួន​១០ ខេត្ត១ ស្ថិត​ក្នុង​ភាព​អាសន្ន​ព្រោះ​ជាតិ​ពុល


យ៉ាងហោចណាស់ ទីក្រុងចំនួន១០ និងខេត្តទាំងមូល​ចំនួនមួយ របស់ប្រទេសចិន ត្រូវបាន​ប្រកាស នា​ចុង​សប្ដាហ៍​នេះ ដាក់ទៅក្នុងភាពអាសន្ន កម្រិតក្រហម ដែលកម្រិតកំពូល ទាក់​ទង​នឹង​ផ្សែង​ពុល ខណៈ​ផ្ទៃមេឃ​មួយ​ភាគ​ធំ​នៃ​ប្រទេស ត្រូវបានគ្របដណ្ដប់ ដោយអ័ព្ទយ៉ាងក្រាស់​ឃ្មឹក ជា​លើក​ទី៤ នៅ​ក្នុង​រយៈពេល​តែ​មួយខែ​ប៉ុណ្ណោះ។
ចិន៖ ទីក្រុង​​ចំនួន​១០ ខេត្ត១ ស្ថិត​ក្នុង​ភាព​អាសន្ន​ព្រោះ​ជាតិ​ពុល

ផ្ទៃមេឃពណ៌ស្វាយ គ្របពីលើក្រុង ណានជីង នៃប្រទេសចិន ដែលបង្ហាញពីផ្សែងពុល លាយឡំនឹងទិដ្ឋភាព ពេលព្រះអាទិត្យរៀបលិច។ (រូបថត Weibo)

ប្រជាជនទាំង៩៦លាននាក់ នៅក្នុងខេត្តសានតុង (Shandong ) ដែលស្ថិតនៅចន្លោះ ក្រុងសៀងហៃ និង​រដ្ឋធានី​ប៉េកាំង របស់ប្រទេសចិន កំពុងរងគ្រោះព្រោះផ្សែងពុល ដែលគ្របដណ្ដប់លើខេត្ត ដែលខ្លួនរស់នៅ។ នេះ​បើ​តាមក្រិត្យមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ ដាក់ខេត្តនេះទាំងមូល ទៅក្នុង​ភាព​អាសន្នកម្រិត​ក្រហម ទាក់​ទង​នឹងខ្យល់អាកាស ដែលអាចបង្កភាពមហន្តរាយ ដល់ជីវិតមនុស្សសត្វ នៅក្នុងខេត្ត។

ប៉ុន្តែមិនមែនតែខេត្តមួយនេះទេ ព្រោះនៅមានទីក្រុងធំៗចំនួន១០ទៀត ក៏ត្រូវបានប្រកាសដាក់ ឲ្យស្ថិតក្នុង​ភាពអាសន្នកម្រិតដូចគ្នា នៅខណៈពេលដែលអ័ព្ទដ៏ក្រាស់ កំពុងគ្របដណ្ដប់ ទៅលើមួយភាគធំ នៃប្រទេស ចាប់ពីភាគខាងជើង ចុះរហូតមកដល់ភាគខាងកើត នៃប្រទេស។

នៅក្នុងចំណោមទីក្រុងទាំង១០នោះ មានក្រុង ជីនចាង (Xinxiang) នៃខេត្តហេណាម (ភាគកណ្ដាល) ដែល​ទទួលផ្សែងពុល ដល់ទៅកម្រិត ២,៥ (PM 2,5) ហើយដែលបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សុខភាព ដោយ​​ហេតុ​​ផ្សែងនេះ អាចចូលទៅបំផ្លាញដល់ទីជម្រៅ នៃសួតមនុស្ស។ រីឯអាជ្ញាធររដ្ឋធានី ប៉េកាំងវិញ បាន​ចេញ​ក្រិត្យ ប្រកាស​ភាព​អាសន្នកម្រិតក្រហម ចំនួនពីរដង ម្ដងនៅដើមខែធ្នូ និងម្ដងទៀត កាល​ពី​សប្ដាហ៍​មុន ហើយ​​បាន​បង្កើត​នូវ​វិធានការ​ពិសេសៗជាច្រើន ដូចជាផ្អាកការធ្វើចរាចរណ៍ និងការ​បិទ​ទ្វា​រោង​ចក្រ ដើម្បី​ឲ្យខ្យល់​អាកាស​បរិសុទ្ធ អាច​ត្រឡប់មកវិញ។

ចិន៖ ទីក្រុង​​ចំនួន​១០ ខេត្ត១ ស្ថិត​ក្នុង​ភាព​អាសន្ន​ព្រោះ​ជាតិ​ពុល

នៅលើបណ្ដាសង្គម «Weibo» របស់ចិន រូបថតជាច្រើនត្រូវបានបង្ហោះ និងចែករំលែក ជាបន្តបន្ទាប់។ ក្នុង​នោះ​មាន​រូបភាពខាងលើនេះ ដែលបង្ហាញពីអ័ព្ទដ៏ក្រាស់ ពណ៌ផ្កាឈូក ឬពណ៌ស្វាយ កំពុងគ្របដណ្ដប់ ពី​លើ​ក្រុងណានជីន (នៅក្បែរក្រុងសៀងហៃ)។ សារព័ត៌មានផ្លូវការ «» បានអះអាងថា ការមើលឃើញនេះ ជា​លទ្ធផល​នៃការរួមបញ្ចូលគ្នា រវាងជាតិពុល ដែលមានក្នុងខ្យល់អាកាស នៃប្រទេសចិន និងទិដ្ឋភាព​នៅ​ពេល​ព្រះអាទិត្យរៀបលិច៕

» វីដេអូបង្ហាញពីជាតិពុល នៅក្នុងអាកាស ពីលើក្រុងណានជីង ប្រទេសចិន៖