បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​មួយ​គ្រឿង​ស្លាប់​នៅ​ស្រុក​ក្រគរ

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​លឿន​គេច​មិន​ទាន់ ជ្រុល​ទៅ​បុក​រថយន្ត​ដែល​កំពុង​បត់ អ្នកបើកបរ​ឃើញ​បែប​នេះ ក៏​បើករថយន្ត​ត្រឡប់​ក្រោយ​វិញ​គេចខ្លួន​បាត់​ស្រមោល ។ ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥ និង​៣៩​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ធ្នូ ២០១៥ ស្ថិត​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ធ្លា​ម្អម ឃុំ​ត្នោត​ជុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​អួ​ច ហ៊​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជា​បុគ្គលិក​ធនាគា​មួយ​នៅ​ក្នុង​ខេត្តពោធិ៍​សាត់ មាន​ទីលំនៅ​ភូមិ​ដ​ង្គា សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ។

ប្រភព​បានឱ្យ​ដឹង​បន្ត​ថា កាលពី​ល្ងាច​នោះ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង​1Q-3699​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ទំនងជា​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ស្រុក​ក្រគរ ។ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ល្បឿន​លឿន ស្រប​ពេល​ជាមួយ​គ្នា​នោះ ក៏​មាន​រថយន្ត​ធុន​តូច​មួយ​គ្រឿង​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ។

លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​នោះ​បាន​បត់​ក្នុង​គោលបំណង​ត្រឡប់​ក្រោយ​វិញ ប៉ុន្តែ​ខណៈ ដែល​កំពុង​បត់​មិន​ទាន់​ផុត​ផង​នោះ ក៏​ត្រូវ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​មក​ដល់​បុក​តែ​ម្ដង បណ្ដាល​ឱ្យ​ខ្ទាត​ធ្លាក់​ចេញពី​ថ្នល់​ទាំង​មនុស្ស និង​ម៉ូតូ​បែកក្បាល​ហូរ​ឈាម និង​បាក់ ជើង​ឆ្វេង​ម្ខាង​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ឃើញ​ហេតុការណ៍​បែប​នេះ អ្នក​បើករថយន្ត​បាន​បន្ថែម​ល្បឿន​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់​ស្រមោល ។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពុំ​មាន​អ្នក​ណា​ស្គាល់ឈ្មោះ​អ្នកបើកបរ​ទេ ហើយ​រថយន្ត​បង្ក​គ្រោះថ្នាក់​នោះ​ម៉ាក​កាម​រី​ពាក់​ស្លាក​លេខ​2B-9646 មិនដឹង​មក​ពី​ភ្នំពេញ ឬ​ខេត្ត​ណា​ទេ ហើយ​ក៏​មិន​ចាំ​ពណ៌​ច្បាស់​ដែរ ។

ករណី​នេះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​រថយន្ត និង​អ្នកបើកបរ​រថយន្ត ដើម្បី​ឃាត់ខ្លួន​ឱ្យមក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។​ចំណែក​ជន​រង​គ្រោះ​ក្រុម​គ្រួ​សារបាន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕