តើ Boxing Day គឺជា​ថ្ងៃ​អ្វី?

Boxing Day គឺជា​ថ្ងៃ​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល ពោលគឺ​ថ្ងៃទី២៦ ខែធ្នូ ដែល​គេ​និយម​ប្រារព្ធ​ឡើង​នៅ​លោកខាងលិច។ នៅថ្ងៃនេះ អ្នកបម្រើ និង​និ​យោ​ជិ​ក​នានា​តែងតែ​ទទួលបាន​នូវ​ប្រអប់​ដែលជា​អំណោយ (Christmas box) ពី​ចៅហ្វាយ ថៅកែ ឬ​ន​យោជក​របស់ខ្លួន។

បច្ចុប្បន្ននេះ Boxing Day ត្រូវបាន​គេ​ចាត់ទុកជា​ថ្ងៃ​នៃ​ការផ្តល់​អំណោយ​ដល់​ជនក្រីក្រ ហើយ​ហាង​លក់ទំនិញ​នានា​ក៏បាន​ធ្វើ​ការលក់​បញ្ចុះតម្លៃ​ផងដែរ។
Boxing Day បាន​ក្លាយជា​ថ្ងៃ​ឈប់សម្រាក​ផងដែរ​របស់​ប្រទេស​មួយចំនួន ដោយយោង​ទៅតាម​ច្បាប់​ជាតិ និង​តំបន់​នានា។ ប្រទេស​ទាំងនោះ​មានដូចជា ចក្រភព​អង់គ្លេស ហុងកុង អូស្ត្រាលី កាណាដា នូ​វេ​ល​សេ​ឡង់ និង​ប្រជាជាតិ Commonwealth មួយចំនួន។

សម្រាប់​ប្រទេស Commonwealth (ប្រទេស​ធ្លាប់​ក្រោម​អាណានិគម​ចក្រភព​អង់គ្លេស) ជាច្រើន ប្រសិនបើ​ពិធីបុណ្យ​ណូអែល​ប៉ះចំ​ថ្ងៃ​សុក្រ គេ​នឹង​ឈប់សម្រាក​នៅ​ថ្ងៃ​ចន្ទ ហើយ​បើ​បុណ្យ​ណូអែល​ប៉ះចំ​ថ្ងៃ​សៅរ៍ គេ​នឹង​ឈប់សម្រាក​ទាំង​ថ្ងៃ​ចន្ទ និង​ថ្ងៃ​អង្គារ។

នៅ​កាណាដា ថ្ងៃទី២៦ ខែធ្នូ គឺជា​ថ្ងៃ​ឈប់សម្រាក ហើយ​នៅក្នុង​ខេត្ត Ontario នៃ​ប្រទេស​នេះ កម្មករ​បានទទួល​ប្រាក់​ពេញ​ម៉ោង​ដូច​ថ្ងៃ​ធ្វើការ។ ថ្ងៃទី២៦ ខែធ្នូ ក៏​ជា​ថ្ងៃទី​មួយ​នៃ​ពិធីបុណ្យ​ដែលមាន​ឈ្មោះថា Kwanzaa របស់​សហរដ្ឋអាមេរិក​ផងដែរ។ ពិធីបុណ្យ Kwanzaa គឺ​ប្រារព្ធ​រហូតដល់​ថ្ងៃទី១ ខែមករា ដើម្បី​រំលឹក​ពី​មរតក​វប្បធម៌​អាហ្វ្រិក-អាមេរិក។

នៅ​អាហ្វ្រិក​ខាងត្បូង Boxing Day ត្រូវបាន​គេ​ហៅថា Day of Goodwill ចាប់តាំងពី​ឆ្នាំ១៩៩៤។ នៅ​អៀរ​ឡង់ ថ្ងៃនេះ​ត្រូវគេ​ដាក់ឈ្មោះថា St.Stephen’s Day ឬ Day of the Wren។

នៅក្នុង​ប្រទេស​អឺរ៉ុប​មួយចំនួន​ដូចជា អាឡឺម៉ង់ លី​ទុយ​អា​នី ប៉ូឡូញ ហូ​ឡង់ និង​ស្ក​ង់​ឌី​ណាវ (ដា​ណឺ​ម៉ាក ន័​រវេ​ស និង​ស៊ុយអែត) ថ្ងៃទី២៦ ខែធ្នូ ត្រូវបាន​គេ​ចាត់ទុកជា​ថ្ងៃទី​ពីរ​នៃ​ពិធីបុណ្យ​ណូអែល។

ករណី​ពិសេស​សម្រាប់​អង់គ្លេស វេ​លស៍ និង​អៀរ​ឡង់​ខាងជើង Boxing Day គឺជា​ថ្ងៃ​ដែលមាន​កម្មវិធី​ប្រកួត​កីឡា​ដ៏​មមាញឹក និង​សំខាន់បំផុត ពោលគឺ បាល់ទាត់ និង​បាល់ឱប។ ការប្រកួត​ភាគច្រើន​តែងតែ​មានការ​រៀបចំ​ជំនួប​រវាង​ក្រុម​ដែល​ស្ថិតនៅក្នុង​ទីក្រុង ឬ​តំបន់​ដូចគ្នា ក្នុងទិសដៅ​ជៀសវៀង​កុំ​ឲ្យ​ក្រុម និង​អ្នកគាំទ្រ​របស់​ពួកគេ​ដើរលេង​ភ្លេចខ្លួន​បន្ទាប់ពី​ពិធីបុណ្យ​ណូអែល៕