បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ថ្មី​ដល់​មន្ត្រីនគរបាល​ទូទាំង​ខេត្តមណ្ឌលគិរី​

​ដោយ​៖​ដែន​គិរី​

​ខេត្តមណ្ឌលគិរី​៖​នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តមណ្ឌលគិរី បានរៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ណែនាំ​អនុវត្តន៍​ផែនការ​ពង្រឹង​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ថ្មី កាលពី​ព្រឹក​ថ្ងៃទី​២៥ ធ្នូ ២០១៥ ក្រោម​វត្តមាន​លោក ងិន សុភឿន ស្នងការរង​ទទួលបន្ទុក​ចរាចរណ៍​និង​សណ្តាប់ធ្នាប់ លោក​វរសេនីយ៍ទោ ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍​ខេត្ត នឹង​មន្ត្រីនគរបាល​ជំនាញ​ចំនួន​ជាង​៣០​នាក់​។​

​លោក​វរសេនីយ៍ទោ ចាន់ ទិ​ត្យ នាយការិយាល័យ​ចរាចរណ៍​បាន​ឲ្យ​ដឹងថា ដើម្បី​ត្រៀមលក្ខណៈ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ឲ្យ​បានទទួល​ជោគជ័យ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៦ ការិយាល័យ​ជំនាញ​បាន​បើក​វគ្គ​ផ្សព្វផ្សាយ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក អនុក្រឹត្យ​ទាំងបី និង​បណ្តុះបណ្តាល បំប៉ន​ជំនាញ​អំពី​នីតិវិធី​ប្រតិបត្តិការ​ត្រួតពិនិត្យ ជាតិ​ស្រវឹង និង​ពាក់មួក​សុវត្ថិភាព​... សីលធម៌​វិន័យ​ដល់​មន្ត្រីនគរបាល​ច​រ​ចរណ៍ ។ លោកនាយ​ការិយាល័យ​បាន​បន្តថា នគរបាល​ចរាចរណ៍​ខេត្តមណ្ឌលគិរី​បាន​ផ្សព្វផ្សាយ​ច្បាប់​ផ្លូវគោក​ថ្មី អនុក្រឹត្យ បទដ្ឋាន​នានា​យ៉ាង​ទូលំទូលាយ​តាម​វិទ្យុ ទូរទស្សន៍ និង​បណ្តាញ​ព័ត៌មាន ដល់​ប្រជាពលរដ្ឋ  មន្ត្រីរាជការ សិស្សានុសិស្ស នាពេល​កន្លងមក​ស្ទើរ​ទូទាំង​ក្រុង​ស្រុក​ទាំង​៥​ក្នុង​ខេត្ត​។​

​ក្នុងការ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​របស់​ប្រទេស​កម្ពុជា​ឲ្យ​មាន​ប្រសិទ្ធភាព អគ្គស្នងការ​នគរបាល​ជាតិ​បាន​ត្រៀម កម្លាំង​សរុប​ទូទាំងប្រទេស​សម្រាប់ ចុះ​ប្រតិបត្តិ​ការពិនិត្យ​អនុវត្ត​ច្បាប់ ចំនួន​១៧២​ក្រុម មាន​កម្លាំង​ចំនួន​១.៧៥០​នាក់ ក្នុងនោះ​ក្រុម​ត្រួតពិនិត្យ​ដើមទី​៦១​ក្រុម មាន​កម្លាំង​៣១១​នាក់ នឹង​ក្រុម​ត្រួតពិនិត្យ​តាម​ដងផ្លូវ​សរុប​១១១​ក្រុម មា​កម្លាំង​១.៤៣៩​នាក់ ក្នុងនោះ​ក្រុម​ត្រួតពិនិត្យ​ពេលយប់​៤០​ក្រុម មាន​កម្លាំង​៥៥៩​នាក់​។ បើ​យោងតាម​របាយការណ៍​ពី​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​មណ្ឌលគិរី​បាន​ឲ្យ​ដឹងថា បើទោះបី​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​គួរឱ្យកត់សម្គាល់ ។ លោក​វរ​សេនី​ទោ យឹម នូ​ច នាយរង​ការិយាល័យ​ចរាចរណ៍​ខេត្ត​បានឱ្យដឹងថា ជាក់ស្តែង​នៅក្នុង​ឆ្នាំ​២០១៥​នេះ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ចំនួន​ត្រឹមតែ​១៣​នាក់​ប៉ុណ្ណោះ​។ ចំណែក​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២១០៤​មាន​រហូតដល់​ទៅ​ចំនួន​២៤​នាក់ ដូច្នេះ​ចំនួន​អ្នកស្លាប់ និង​តួលេខ​យានយន្ត​គ្រប់​ប្រភេទ​ធ្ងន់​ស្រាល​ក៏មាន​ចំនួន​ថយចុះ​ច្រើនជាង​ឆ្នាំ​២០១៤ បើ​គិត​

​ពី​ចំនួន​អ្នកស្លាប់​ក្នុង​ឆ្នាំ​២០១៥​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៤​មានការ​ថយចុះ​៤៦%​។ 

​លោក​តូច យ៉ុ​ន​ស្នងការ​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា បើទោះបី​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តមណ្ឌលគិរី​មានការ​ថយចុះ​យ៉ាងណាក៏ដោយ លោកស្នងការ​នៅតែ​ទទូច​ស្នើឱ្យ​មន្ត្រី​ចរាចរណ៍​ផ្លូវគោក​ធ្វើយ៉ាងណា​ជួយ​ជំរុញ និង​ពង្រឹង​បន្ថែម​អនុវត្ត​ច្បាប់​ចរាចរណ៍​ថ្មី​ឆ្នាំ​២០១៦​ឱ្យបាន​ល្អប្រសើរ គុណភាព តម្លាភាព​តាម​គោលការណ៍​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​ដើម្បី​ធានា​ឱ្យ​គ្រោះថ្នាក់​ចរាចរ​ធ្លាក់​មក​នូវ​កំរិត​ទាប​បំផុត​ឈានទៅរក​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​៕ 

បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ថ្មី​ដល់​មន្ត្រីនគរបាល​ទូទាំង​ខេត្តមណ្ឌលគិរី​
បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ថ្មី​ដល់​មន្ត្រីនគរបាល​ទូទាំង​ខេត្តមណ្ឌលគិរី​
បញ្ជ្រាប​ច្បាប់​ចរាចរណ៍​ថ្មី​ដល់​មន្ត្រីនគរបាល​ទូទាំង​ខេត្តមណ្ឌលគិរី​