សភា​ចិន​ប្រហែល​អនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​ថ្មី នៅ​ថ្ងៃអាទិត្យ​ស្អែក​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ សភាជាតិ​ចិន​បាន​បញ្ជាក់ថា ថ្ងៃអាទិត្យ​២៧​ធ្នូ​នេះ ក្រោយ​កិច្ចប្រជុំសភា​ប្រចាំឆ្នាំ​ចុងក្រោយ​បញ្ចប់ នឹងមាន​សន្និសីទ​សារព័ត៌មាន​ស្តីពី​ច្បាប់​ភេរវកម្ម​ថ្មី​នេះ​។ ច្បាប់​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​នានា​ផ្តល់​សិទ្ធិ​ឲ្យ​ទីភ្នាក់ងារ​សន្តិសុខ​រដ្ឋ​ចិន​បានទទួល​ទិន្នន័យ​អ្នកប្រើប្រាស់ ក្នុងទិសដៅ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​។ អាមេរិក​និង​អង្គការសិទ្ធិមនុស្ស​នានា​បាននាំគ្នា​រិះគន់​ច្បាប់​ចិន​។​

​ចិន​គូសបញ្ជាក់ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ព័ត៌មាន​ទាំងឡាយ​មិនចាំបាច់​បារម្ភ​ទេ ព្រោះ​ការអនុម័ត​ច្បាប់​ប្រឆាំង​ភេរវកម្ម​នេះ គឺ​ចាំបាច់​ដើម្បី​ការពារ​ជនរងគ្រោះ​ពី​អំពើ​ភេរវកម្ម និង​ពី​សកម្មភាព​ជ្រុលនិយម​។

​អង្គការសិទ្ធិមនុស្ស​ជាច្រើន​បាន​រិះគន់ថា រដ្ឋាភិបាល​ចិន​ភ័យខ្លាច​ការ​គំរាម​ពី​សំណាក់​សហគមន៍​អ្នក​កាន់សាសនា​អ៊ីស្លាម ជនជាតិ​អ៊ុយ​ហ្កួ ជ្រុល​ហួសហេតុ​។ សហគមន៍​ជនជាតិភាគតិច​អ៊ុយ​ហ្កួ រស់នៅ​ខែត្រ​ស៊ីន​ជាំ​ង ភាគ​ខាងកើត​ប្រទេស​ចិន​។ សម្រាប់​អង្គការសិទ្ធិមនុស្ស ចិន​ធ្វើ​ច្បាប់​នេះ​ឡើង គឺ​ដើម្បី​ធ្វើបាប​ជនជាតិភាគតិច​ទាំងនេះ​។​

​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា បាន​ជជែក​ផ្ទាល់​ពី​ច្បាប់​នេះ ជាមួយ​លោក ស៊ី ជីន​ពីង​។ ក្រសួងការបរទេស​ចិន​បាន​ព្រមាន​អាមេរិក​វិញ​ថា អាមេរិក​គួរតែ​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​ជាជាង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​៕