ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​៣​នាក់ តែ​មិនបាន​សម្រេច​ជាប់​ខ្នោះ​

​កណ្តាល: ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​១​គ្រឿង បាន​ឆក់​កាបូប​ពី​ស្ត្រី ៣ នាក់ កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ តែ​មិនបាន​សម្រេច ដោយសារ​ទាក់​ដៃ​កាបូប​បណ្តាល​ឲ្យ​ដួល​ម៉ូតូ ត្រូវ​ប្រជា​ការពារ​ភូមិ​ចាប់បាន យកមក​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​សួរនាំ និង​បញ្ជូនមក​អធិការដ្ឋាន ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​ករណី​ឆក់​កាបូប​មិនបាន​សម្រេច​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ៤ រសៀល ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ភូមិ​ព្រែក​សំរោង​១ ផ្លូវ​២១A សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​ជនសង្ស័យ​ទាំង​២​នាក់ ដែល​ឃាត់ខ្លួន ១-​ឈ្មោះ ផេង ឧ​ត្ត​ម​បូ​ទី ហៅ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ  មុខរបរ​មិន​ពិតប្រាកដ​។ ២-​ឈ្មោះ រិ​ទ្ធ ឧ​ត្ត​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ។ អ្នក​ទាំង​២ មាន​ទីលំនៅ នៅ​ភូមិ​លេខ​៥ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល​។ ចំណែក​ស្ត្រី​រងគ្រោះ ទាំង​៣​នាក់​៖ ១-​ឈ្មោះ ឃីម មុន្នី​រតនា អាយុ​១៨​ឆ្នាំ  មុខរបរ នៅផ្ទះ​។ ២-​ឈ្មោះ ជិន សុភាព អាយុ​៣៦​ឆ្នាំ មុខរបរ លក់ដូរ​។ ៣-​ឈ្មោះ ជិន ផលគុណ អាយុ​៣២​ឆ្នាំ មុខរបរ នៅផ្ទះ​។ អ្នក​ទាំង​៣ មាន​ទីលំនៅ ភូមិ​ដើម​មៀន សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

​វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់​យកបាន មាន​ម៉ូតូ​១​គ្រឿង ពណ៌​ខ្មៅ លាយ​ផ្កាឈូក ម៉ាក nex ស៊េរី​២០១៣ ស្លាក​លេខ​1BQ3588-​ទូរស័ព្ទ​២​គ្រឿង metfone និង camfone​។​

​មុនពេល​កើតហេតុ ជនរងគ្រោះ ជិះ​ម៉ូតូ​១​គ្រឿង ឌុប​គ្នា​៣​នាក់ មកពី​យក​សំណល់ ធាតុ​ឪពុក​ទៅ​ចោល នៅ​ទន្លេ​ស្ពាន​ព្រែក​សំរោង ហើយ​មាន​គោលបំណង ចង់ទៅ​ហូប​បាញ់ឆែវ នៅ​ជិត​ចំណុចកើតហេតុ​ខាងលើ ស្រាប់តែ​ពួក​ជនសង្ស័យ ជិះ​ម៉ូតូ​ខាងលើ មកពី​ក្រោយ ដែល​ជនសង្ស័យ​ទី​២ ជា​អ្នក​លូកដៃ ឆក់យក​កាបូប របស់​ជនរងគ្រោះ​ទី​២ (​ជិះ​ពីក្រោយ​) តែ​ត្រូវ​ទាក់​ជាមួយ​កាបូប​នោះ ក៏បាន​ដួល​ទាំងអស់គ្នា​តែម្តង បន្ទាប់មក ត្រូវបាន​ប្រជា​ការពារ ចាប់បាន​យកមក​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​សួរនាំ និង​បញ្ជូនមក​អធិការដ្ឋាន ក្រុង​តាខ្មៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕V​

ជនសង្ស័យ​២​នាក់ ឆក់​កាបូប​ពី​ស្ត្រី​៣​នាក់ តែ​មិនបាន​សម្រេច​ជាប់​ខ្នោះ​