អង្គការសិទ្ធិមនុស្ស អំពាវនាវឲ្យមាន ការស៊ើបអង្កេតឯករាជ្យ ជុំវិញករណី បុរសភូមា២នាក់ ដែលត្រូវតុលាការថៃ កាត់ទោសប្រហារជីវិត

ថៃ៖ ក្រោយពីតុលាការ របស់ប្រទេសថៃ សម្រេចប្រកាសសាលក្រម សញ្ជាតិភូមា ២នាក់ ជុំវិញករណីសម្លាប់ ជនបរទេស ជាបុរសម្នាក់ និងស្ត្រីម្នាក់ កាលពីឆ្នាំ២០១៤ ហើយនោះ នាពេលថ្មីៗនេះ ក្រុមអង្គការការពារ សិទ្ធិមនុស្ស ដ៏ធំមួយ បានធ្វើការអំពាវនាវ ឲ្យមានការស៊ើបអង្កេតឯករាជ្យ ជុំវិញរឿងរ៉ាវ ជាប់ពាក់ព័ន្ធ នឹងអ្នកទោស ទាំង២នាក់នេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អង្គការ Amnesty International ដែលជាអង្គការ មិនមែនរដ្ឋាភិបាល ផ្តោតសំខាន់ លើសិទ្ធិមនុស្ស និងមានទីស្នាក់ការកណ្តាល នៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានធ្វើការអំពាវនាវ ឲ្យមានការស៊ើបអង្កេតឯករាជ្យ ទាក់ទងទៅនឹង ករណីដ៏រសើបមួយ ជុំវិញការលើកឡើងថា ក្រុមប៉ូលិសថៃ បានធ្វើទារុណកម្ម ទៅលើបុរសជាអ្នកទោស ២រូបនោះ មុននឹងពួកគេ ផ្តល់នូវចម្លើយសារភាព។

លោក Champa Patel នាយកអង្គការ Amnesty International ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានលើកឡើងថា “ប៉ូលិសនៅក្នុងប្រទេសថៃ ធ្លាប់មានប្រវត្តិជាច្រើន ក្នុងការប្រើប្រាស់ទារុណកម្ម ទៅលើជនសង្ស័យ ដែលនេះគឺជាក្តីបារម្ភ ជាយូរមកហើយ។ ដូច្នេះ រឿងរ៉ាវទាក់ទងទៅនឹង ការដាក់ទណ្ឌកម្ម ទៅលើអ្នកទោស ជាបុរសជនជាតិភូមា ២នាក់នោះ ត្រូវតែមាន ការស៊ើបអង្កេតឯករាជ្យមួយ ហើយការស៊ើបអង្កេត នេះទៀតសោត ក៏មិនត្រូវអនុវត្តន៍ឡើង ដោយក្រុមប៉ូលិស របស់ប្រទេសថៃដែរ”។

លោក Patel បានបន្ថែមទៀតថា “នេះមិនមែនជា ករណីលើកលែងនោះទេ ដូច្នេះក្រុមអាជ្ញាធរ របស់ប្រទេសថៃ ត្រូវតែចាត់វិធានការ ឲ្យបានច្បាស់លាស់ ដើម្បីលុបបំបាត់ចោល អំពីករណីដែល មន្ត្រីប៉ូលិស ធ្វើទារុណកម្ម ទៅលើអ្នកទោស ឬក៏ជនសង្ស័យជាដើម ដោយមិនមែន បានត្រឹមតែនិយាយ នោះទេ”។

អង្គការសិទ្ធិមនុស្ស អំពាវនាវឲ្យមាន ការស៊ើបអង្កេតឯករាជ្យ ជុំវិញករណី បុរសភូមា២នាក់ ដែលត្រូវតុលាការថៃ កាត់ទោសប្រហារជីវិត
បុរសជនជាតិភូមា ២នាក់ដែលត្រូវទទួលទោសប្រហារជីវិត ឈ្មោះ Zaw Lin និង Wai Phyo

គូសបញ្ជាក់ផងដែរថា ក្រុមមេធាវីការពារចុងចោទ ទាំង២នាក់នេះ ក៏បានធ្វើការអះអាង រួចទៅហើយថា ពួកគេអាចនឹងធ្វើការ ប្តឹងឧទ្ធរណ៍ជុំវិញសាលក្រម របស់តុលាការ ដែលបានប្រកាស កាលពីថ្ងៃព្រហស្បត៍ កន្លងទៅនេះ ដោយក្នុងនោះ ពួកគេបានលើកឡើងថា កូនក្តីរបស់ពួកគេ ឈ្មោះថា Zaw Lin និង Wai Phyo ដែលត្រូវទទួលទោស ប្រហារជីវិតនោះ គឺធ្លាប់ត្រូវបានមន្ត្រីប៉ូលិស ប្រើប្រាស់ទារុណកម្ម ដើម្បីឲ្យពួកគេ ឆ្លើយសារភាព។

ម្យ៉ាងវិញទៀត DNA ជាប់នៅលើ ចបកាប់មួយ ដែលត្រូវបានរកឃើញ ក្នុងសួនច្បារ នៃសណ្ឋាគារ ដែលពួកគេរស់នៅ និងជាវត្ថុជាប់ពាក់ព័ន្ធ ថាជាអាវុធសម្រាប់ ធ្វើឃាតនោះ ក៏ខុសគ្នា ទៅនឹងគំរូ DNA របស់ចុងចោទ ទាំង២នេះដែរ។ ជាងនេះទៅទៀត នៅពេលដែល មេធាវីការពារក្តី ឲ្យចុងចោទ ស្នើឲ្យមានការពិនិត្យ DNA សារជាថ្មីម្តងទៀត ប៉ូលិសក៏បានបដិសេធ ដែលនេះបានធ្វើឲ្យ ក្រុមមេធាវីចុងចោទ លើកឡើងថា ភស្តុតាងដែលប៉ូលិស ធ្វើការបង្ហាញ នៅមានភាពចម្រូងចម្រាស និងមិនទាន់ពេញលេញ នៅឡើយ៕

យើងនឹងចាំមើលថា តើការអំពាវនាវ ឲ្យមានការស៊ើបអង្កេតឯករាជ្យ របស់អង្គការការពារ សិទ្ធិមនុស្សមួយនេះ អាចទទួលបានផល យ៉ាងណាខ្លះ?

អង្គការសិទ្ធិមនុស្ស អំពាវនាវឲ្យមាន ការស៊ើបអង្កេតឯករាជ្យ ជុំវិញករណី បុរសភូមា២នាក់ ដែលត្រូវតុលាការថៃ កាត់ទោសប្រហារជីវិត
ជនរងគ្រោះ ឈ្មោះ David Miller អាយុ២៤ឆ្នាំ ត្រូវបានគេសម្លាប់ នៅលើកោះតាវ ប្រទេសថៃ កាលពីឆ្នាំ២០១៤

អង្គការសិទ្ធិមនុស្ស អំពាវនាវឲ្យមាន ការស៊ើបអង្កេតឯករាជ្យ ជុំវិញករណី បុរសភូមា២នាក់ ដែលត្រូវតុលាការថៃ កាត់ទោសប្រហារជីវិត
ជនរងគ្រោះ ឈ្មោះ Hannah Witheridge អាយុ២៣ឆ្នាំ ត្រូវបានគេសម្លាប់ នៅលើកោះតាវ ប្រទេសថៃ កាលពីឆ្នាំ២០១៤

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត