ការ​វាយប្រហារ​តាម​អាកាស​បាន​សម្លាប់​មេដឹកនាំ​ឧទ្ទាម​ល្បីៗ​នៅ​ក្នុង​ប្រទេស​ស៊ីរី

ការ​វាយប្រហារ​តាម​អាកាស​បាន​សម្លាប់​មេដឹកនាំ​ឧទ្ទាម​ល្បីៗ​នៅ​ក្នុង​ប្រទេស​ស៊ីរី

លោក Zahran Alloush ស្ថាបនិក​នៃ​កងទ័ព​ឥស្លាម​ថ្លែង​ក្នងុ​សន្និសីទ​មួយ​នៅ​ក្នុង​ក្រុង Douma ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤។

ប្រភព​ក្រុម​ឧទ្ទាម​ស៊ីរី ​និង​ក្រុម​សកម្មជន​និយាយ​ថា​លោក Zahran Alloush មេដឹកនាំ​នៃ​ក្រុម​បះបោរ​មួយ​ក្នុង​បណ្តា​ក្រុម​បះបោរ​មាន​កម្លាំង​បំផុត​នៅ​ក្នុង​តំបន់​ជាយ​ក្រុង​ដាម៉ាស​ (Damascus) ដែល​កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​តាម​អាកាស។​

ក្រុម​ប្រឆាំង​ និង​អង្គការ​ Syrian Observatory for Human Rights ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយ​ថា​លោក Alloush និង​សមាជិក​សំខាន់​ខ្លះ​នៃ​អង្គការ​កង​ទ័ព​ឥស្លាម​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារ​តាម​អាកាស​ដែល​បាន​យក​ទីស្នាក់ការ​ធំ​នៃ​ក្រុម​នេះ​នៅក្នុង​សង្កាត់ Ghouta នា​ប៉ែក​ខាង​កើត​នៃ​ក្រុង​នេះ​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ។

របាយការណ៍​ដំបូងៗ​បាន​និយាយ​ថា​ ការ​វាយ​ប្រហារ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​កង​យន្តហោះ​ចម្បាំង​រុស្សី។​

ប្រទេស​រុស្សី​ដែល​ជា​សម្ព័ន្ធមិត្ត​មួយ​របស់​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad បាន​សម្លាប់​ក្រុម​មេដឹកនាំ​មួយ​ចំនួន​នៃ​ក្រុម​ឧទ្ទាម​ចាប់​តាំង​ពី​រុស្សី​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​តាម​អាកាស​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​កាល​ពី​បី​ខែ​កន្លង​ទៅ​នេះ។ ​កង​យន្តហោះ​ចម្បាំង​ និង​កង​ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ​របស់​រដ្ឋាភិបាល​ស៊ីរី​ក៏​បាន​វាយ​ប្រហារ​ញឹកញាប់​លើ​តំបន់​ជាយ​ក្រុង​ដាម៉ាស​ដែល​កាន់កាប់​ដោយ​ក្រុម​ប្រឆាំង​ដែរ។​ រដ្ឋធានី​ដាម៉ាស​ជា​សំបុក​មួយ​របស់​លោក​ Assad។ ​អង្គការ​កងទ័ព​ឥស្លាម​ដែល​មាន​យុទ្ធជន​ទទួល​ការ​ហ្វឹកហ្វឺន​រាប់ពាន់​នាក់​បាន​ត្រូវ​ចាត់​ទុក​ថា​ជា​ក្រុម​ឧទ្ទាម​មួយ​ក្នុង​បណ្តា​ក្រុម​ឧទ្ទាម​ធំ​បំផុត​ និង​មាន​ការ​ចាត់ចែង​ល្អ​ក្នុង​ប្រទេស​ស៊ីរី៕