មិនឃើញ​ផលិតផល​ខូចគុណភាព តែ​ផ្សារ​ភ្នំស្រុក គ្មាន​អនាម័យ

បន្ទាយមានជ័យ: ក្នុងពេល​បិទ​ការចុះ​ត្រួតពិនិត្យ ១០០ ភាគរយ​ប្រចាំឆ្នាំ លើ​ទំនិញ​សព្វសារពើ ដែល​ចរាចរ និង​តាំង​លក់​តាម​កន្លែង​នានា រួមទាំង​ពេលនេះ ធ្វើ​នៅ​ផ្សារ​ភ្នំស្រុក ក្រុមមន្ត្រី​កាំកុងត្រូល និង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ បាន​កត់សម្គាល់ថា គេ​រក​មិនឃើញ ទំនិញ​ខូចគុណភាព ទំនិញ​ផុតកំណត់​ប្រើប្រាស់ និង​ទំនិញ​វេច​ខ្ចប់ មិន​សមស្រប​នោះទេ​។ ប៉ុន្តែ​គួរអោយ​ស្តាយ ទីតាំង​ផ្សារ និង​ការតាំង​លក់ទំនិញ គ្មាន​អនាម័យ​ឡើយ ហើយ​ផ្សារ​គ្មាន​កន្លែង​ចាក់សំរាម និង​ប្រព័ន្ធ​បង្ហូរ​ទឹកស្អុយ នោះទេ ។ នេះ​បើតាម​លោក ហុង លៀង អនុប្រធាន​ទី​១ សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ អះអាង​នៅ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥​នេះ​។​

​លោក​បាន​និយាយ​បន្តថា លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​លោក និង​មន្ត្រីក្រោមឱវាទ សហការ​ជាមួយ​មន្ត្រី នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រីនគរបាល​ប្រឆាំង បទល្មើស​សេដ្ឋកិច្ច ខេត្ត​/​ក្រសួង ចុះទៅ​អប់រំ​ណែនាំ​ដល់ គ្រប់​អាជីវករ និង​ត្រួតពិនិត្យ ១០០ ភាគរយ បិទ​បញ្ចប់​ឆ្នាំ នៅតាម​ទីកន្លែង​លក់ដូរ តាម​ផ្សារ តាមផ្លូវ តាម​ទីប្រជុំជន តាម​រមណីយដ្ឋាន​ទេសចរណ៍ ក្នុង​នោះបាន​ចុះ​ត្រួតពិនិត្យ ការតាំង​លក់ទំនិញ ផលិតផល ម្ហូបអាហារ នៅ​ផ្សារ​ភ្នំស្រុក នៅ​ឃុំ​ស្រះ​ជីក ខេត្តបន្ទាយមានជ័យ ដើម្បី​លើកកម្ពស់​ស្តង់ដា​ម្ហូបអាហារ ឲ្យ​មាន​គុណភាព និង​ប្រកបដោយ​អនាម័យ​។​

​នៅ​ផ្សារ​ភ្នំស្រុក មន្ត្រី​កាំកុងត្រូល ក៏បាន​ធ្វើតេស្ត​លើ សាច់ក្រក សរសៃ​គុយទាវ ដើម្បី​រកសារ​ធាតុគីមី​។ ជា​លទ្ធផល បង្ហាញថា មាន​តិចតួច និង​ដក​បាន​ត្រីខកំប៉ុង​ច្រេះ​១១​កំប៉ុង កម្ទេច​មី និង​ចា​ហ៊ួ​យ​ដូង ២០​កញ្ចប់​តូច ជា ទំនិញ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ត្រូវបាន​ប្រមូល​យកទៅ កម្ទេចចោល​ទាំងស្រុង​។ អាជីវករ ត្រូវបានធ្វើ​កិច្ចសន្យា ឲ្យ​បញ្ឈប់​លក់ទំនិញ​ទាំងនេះ​បន្ត​។​

​ស្ត្រី​ម្នាក់ ឈ្មោះ យួន អឹម ជា​ពលរដ្ឋ​រស់នៅ​ភូមិ​-​ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក បាន​និយាយថា​: គាត់​ចាប់អារម្មណ៍ និង​សប្បាយចិត្ត ដោយ​ឃើញ​មន្ត្រី​ជំនាញ ចុះមក​ត្រួតពិនិត្យ និង​ណែនាំ​ឲ្យ​ពួកគាត់ បាន​យល់ដឹង​ពី​ផលប៉ះពាល់ នៃ​អាហារ​ខូចគុណភាព​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ពួកគាត់​អាច​ដឹងថា អាហារ​ប្រភេទ​ណា គួរ​ឬ​មិនគួរ​បរិភោគ​។​

​ឯ​ស្ត្រី​អ្នកលក់​ត្រី​ម្នាក់ ឈ្មោះ វិ​ន សាវុន បាន​និយាយថា​: គាត់​បានឃើញ​លើកដំបូង ដែល​មន្ត្រី​ជំនាញ ចុះមក​ពិនិត្យ​ទំនិញ ដល់​ផ្សារ​នៃ​ភូមិ​ស្រុក​របស់ខ្លួន​។ គាត់​បាន​សំណូមពរ ដល់​មន្ត្រី​ជំនាញ​កាំកុងត្រូល សូម​ចុះមក​ពិនិត្យ​ផ្សារ ការលក់ទំនិញ ឲ្យ​បាន​ញឹកញាប់ ព្រោះ​ការយល់ដឹង​របស់​ពល​រដ្ឋ ពាក់ព័ន្ធ​សុវត្ថិភាព​ចំណីអាហារ នៅមានកម្រិត ។​

​លោក ហុង លៀង អនុប្រធាន​ទី​១ ទទួលបន្ទុក​ទីផ្សារ នៃ​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ បាន​វាយតម្លៃថា​: ចំពោះ​ការតាំង​លក់ទំនិញ របស់​ពលរដ្ឋ និង​អាជីវករ​ក្នុង​ផ្សារ​ភ្នំស្រុក នៅមានកម្រិត ព្រោះ​មួយចំនួនធំ គាត់​តាំង​លក់​ដោយ​ក្រាល​ផ្ទាល់​ដី ខ្វះ​អនាម័យ មិនសូវមាន​ទំនិញ ខូចគុណភាព​ទេ​។ តែ​អ្វីដែល​មិនអាច​ទទួលយកបាន គឺ​ម្ចាស់​ផ្សារ ពុំមាន​ទំនួល​ខុសត្រូវ រៀបចំ​ឲ្យ​មាន​កន្លែង​ចាក់សំរាម និង​លូបង្ហូរទឹក​ស្អុយ​នោះទេ គឺ​ទឹកស្អុយ​ហូរ​កាត់​ផ្សារ ពោ​ពេញ​ទៅដោយ​ក្លិន​អា​សោច​ន៍ និង​គ្មាន​អនាម័យ​តែម្តង​។ ម្ចាស់​ផ្សារ គួរ​មានការ​កែប្រែ​ចំណុច​ទាំងនេះ​។​

​សូម​រំលឹកថា ១​ឆ្នាំកន្លងមក បើ​និយាយ​ពី​ការចុះពិនិត្យ​ទំនិញ តាម​ទីផ្សារ គឺ​មន្ត្រី​កាំកុងត្រូល ពិនិត្យ​បាន ១៦ ផ្សារ ក្នុងស្រុក​/​ក្រុង​ទាំង​៩ នៃ​ខេត្តបន្ទាយមានជ័យ ។ លទ្ធផល​ចាប់អារម្មណ៍​ខ្លាំង គឺ​បង្ក្រាប​សាច់មាន់​ក្លាស្សេ នាំចូល​ពី​ថៃ សរុប​១៥​តោន​។ ស្រា​ក្លែងក្លាយ ជាង​៥០០​ដប ត្រីខកំប៉ុង ៨.០០០​កំប៉ុង ។ ផលិតផល​ទាំងនេះ ត្រូវបាន​យកទៅ​ដុត​ក​ម្ទេ​ចោល ក្រោយពី​រកឃើញថា មាន​ផ្ទុក​សារធាតុ​គីមី និង​ក្លែងក្លាយ​៕V/S

មិនឃើញ​ផលិតផល​ខូចគុណភាព តែ​ផ្សារ​ភ្នំស្រុក គ្មាន​អនាម័យ

មិនឃើញ​ផលិតផល​ខូចគុណភាព តែ​ផ្សារ​ភ្នំស្រុក គ្មាន​អនាម័យ

មិនឃើញ​ផលិតផល​ខូចគុណភាព តែ​ផ្សារ​ភ្នំស្រុក គ្មាន​អនាម័យ