បុរសធាត់ជាងគេ លើពិភពលោក ស្លាប់ដោយសារ ការវះកាត់ សម្រកទម្ងន់

មិកស៊ីកូ ស៊ីធី៖ បុរសម្នាក់ ដែលគេជឿជាក់ថា ជាមនុស្សដែលមានរូបរាងធាត់ជាងគេ នៅលើពិភពលោកយើងនេះ បានបាត់បង់ជីវិតហើយ នៅភាគខាងជើងប្រទេស ម៉ិចស៊ីកូ ដែលវាបាន កើតឡើងតែរយៈពេលពីរខែប៉ុណ្ណោះ បន្ទាប់ពីបុរសដែលមានទម្ងន់រហូតដល់ ៤៥០ គីឡូក្រាម រូបនេះ ធ្វើការវះកាត់សម្រកទម្ងន់ ខុសនឹងបច្ចេកទេស។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍ នេះទៀតថា លោក អាន់ឌ្រែស មូរែណូ វ័យ ៣៨ឆ្នាំ បានស្លាប់ បន្ទាប់ពីការធ្វើការ សម្រកទម្ងន់ ដោយវះកាត់ បង្អត់អាហារ និងលំហាត់ប្រាណលើសកំណត់ ដែលជាហេតុនាំឲ្យរូបលោកទទួលមរណភាព ដោយសារ គាំងបេះដូង ពេលកំពុងស្ថិតនៅក្នុងលំនៅឋានផ្ទាល់ខ្លួន ក្នុងក្រុងអូប្រេហ្គន នៃរដ្ឋសូណូរ៉ា ភាគខាងជើងប្រទេស។

បើតាមសម្តី របស់សាច់ញាតិជនរងគ្រោះ បានឲ្យដឹងថា លោក មូរែណូ ធ្លាប់ឡើងទម្ងន់ រហូតដល់ ៤៥០ គីឡូក្រាមឯណោះ ហើយលោក ក៏បានសម្រេចចិត្តទៅវះកាត់ បំបាត់ភាពធាត់លើដងខ្លួន នៅឯមន្ទីរពេទ្យមួយក្នុងរដ្ឋហ្សាលីស្កូ ភាគខាងលិចប្រទេស។ តាមពិត លោកចង់បានជីវិត វិលទៅរកភាពធម្មតាដូចគេឯង ប៉ុន្តែជាអកុសល អ្វីៗបានប្រែក្លាយជាសុបិនអាក្រក់ រហូតរូបលោកបាត់បង់ជីវិតបែបនេះ៕

បុរសធាត់ជាងគេ លើពិភពលោក ស្លាប់ដោយសារ ការវះកាត់ សម្រកទម្ងន់