គ្រោះរញ្ជួយដី កម្រិតធ្ងន់ វាយប្រហារ រដ្ឋធានីរបស់ ប៉ាគីស្ថាន

អ៊ីស្លាម៉ាបាដ៖ យ៉ាងហោចណាស់ មនុស្ស ៣៧នាក់ បានទទួលរងរបួស បន្ទាប់ពីគ្រោះ ធម្មជាតិរញ្ជួយ ផែនដី កម្រិត ៦,៩ នៃរង្វាស់រ៉ិចទ័រ បានវាយប្រហាររដ្ឋធានី អ៊ីស្លាម៉ាបាដ របស់ ប្រទេសប៉ាគីស្ថាន កាលពីព្រឹកថ្ងៃសៅរ៍ ទី២៦ ខែធ្នូ ឆ្នាំ ២០១៥ នេះ។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ។

គ្រោះរញ្ជួយដី ត្រូវបានផ្នែកព្យាករណ៍ភូមិសាស្ត្រអាមេរិក កំណត់ថាបានកើតឡើងទៅលើ តំបន់ផ្សេងទៀតដែរ នៅប៉ាគីស្ថាន ដូចជាខេត្ត ផាន់ចាប់ និងខេត្ត ឃីប៊ឺ ផាកទុនក្វា នៅអំឡុង ពេលព្រឹកព្រហាម ដូចទៅនឹងទីក្រុង អ៊ីស្លាម៉ាបាដដែរ។ អាជ្ញាធរប៉ាគីស្ថានអះអាងថា ទីក្រុង ប៉េសាវ៉ា នៃខេត្ត ឃឺប៊ឺ នេះបានទទួលរងគ្រោះខ្លាំងជាងគេ ដោយមានប្រជាជនរងរបួស រហូតដល់ទៅ ៣៧នាក់ឯណោះ។

ដោយឡែក អគារផ្សេងៗនៅតំបន់រងគ្រោះ ក៏បានទទួលរងការខូចខាតផងដែរ។ ចំនួនមនុស្ស រងរបួស ក្នុងគ្រោះ ធម្មជាតិនេះ ត្រូវបានគេអះអាងថា នឹងបន្តកើនឡើង ព្រោះលំនៅដ្ឋានមួយ ចំនួន បានបាក់រលំ សង្កត់លើមនុស្ស ដែលមិនទាន់មានការជួយសង្គ្រោះនៅឡើយទេ។ សម្រាប់ ព័ត៌មានពីមនុស្សបាត់បង់ជីវិតវិញ ក៏មិនទាន់មាន នោះដែរ៕

គ្រោះរញ្ជួយដី កម្រិតធ្ងន់ វាយប្រហារ រដ្ឋធានីរបស់ ប៉ាគីស្ថាន