​តំណាងរាស្ត្រ​រង​ការវាយប្រហារ​២​រូប​សុំ​ថវិកា​បន្ថែម​ពី​រដ្ឋសភា​ដើម្បី​បន្ត​ព្យាបាល​របួស​

តំណាងរាស្ត្រ​រងគ្រោះ​ពី​អំពើហិង្សា​យ៉ាង​ឃោរឃៅ​កាលពីពេល​កន្លងមក លោក គង់ សភា និង​លោក ញ៉យ ចំរើន បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ចុង​សប្តាហ៍​នេះ​ថា រូបលោក​ទាំង​ពីរបាន​ដាក់សំណើ​ស្នើសុំ​ថវិកា​ព្យាបាល​របួស​បន្ថែម​ពី​រដ្ឋសភា​ពីរដង​ហើយ ប៉ុន្ដែ​រដ្ឋសភា​បដិសេធ​ឈប់​បន្ដ​ផ្ដល់​ឲ្យ​ទៀតហើយ​។ ការបដិសេធ​នេះ​ត្រូវគេ​មើលឃើញថា​ជា​រឿង​អយុត្តិធម៌​បន្ថែមទៀត​សម្រាប់​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ពីររូប ព្រោះ​ស្ថានភាព​ជំងឺ​របស់​អ្នកតំណាងរាស្ត្រ​មិនទាន់​ជាសះស្បើយ​ដែល​ត្រូវការ​ការព្យាបាល​បន្តទៀត​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​រងគ្រោះ​ទាំង​២​រូប​បាន​ពន្យល់ថា បានជា​ពួកលោក​ស្នើសុំ​ថវិកា​បន្ថែម​នេះ ដោយសារតែ​ពួកលោក​ក៏មាន​ការខ្វះខាត​ដែរ​។ តំណាងរាស្ត្រ​រងគ្រោះ​បាន​បន្តថា​ពួកលោក​មិនមែនជា​អ្នកមាន​ប្រាក់​ពី​ណា​ច្រើន​សម្រាប់ ជិះ​យន្ដហោះ ថ្លៃ​ហូបចុក សេវា​ផ្សេងៗ ឡើង​ចុះ​ព្យាបាល​នៅ​ប្រទេស​សៀម ដូចនេះហើយ​បានជា​ពួកលោក​គ្រោង​ស្នើសុំ​ជួប​សម្ដេច​ប្រធានរដ្ឋសភា​ដោយផ្ទាល់ ដើម្បី​បង្ហាញ​របួស និង​ស្នើសុំ​ថវិកា​សម្រាប់​ព្យាបាល​បន្ថែម​។​

ពាក់ព័ន្ធ​បញ្ហា​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ តុលា បានស្នើ​សុំ​ឲ្យ​រដ្ឋសភា​បញ្ចេញ​ថវិកា​បន្ថែម​ដើម្បី​ព្យាបាល​របួស​លោក ញ៉យ ចំរើន និង​លោក គង់ សភា ឲ្យ​ជាសះស្បើយ​។​លើសពីនេះទៅទៀត រដ្ឋសភា​ត្រូវ​ចេញ​ប្រាក់​ដើម្បី​ជួសជុល​រថយន្ត​របស់​តំណាងរាស្ត្រ​ដែល​ខូចខាត​ផងដែរ​។ ដូច្នេះ​ការបដិសេធ​របស់​រដ្ឋ​សភា​ក្នុងការ​ផ្តល់ប្រាក់​ព្យាបាល​បន្ថែម​ដល់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវគេ​សង្កេតឃើញថា​ផ្ទុយ​ពី​ការស្នើសុំ​របស់លោក ហ៊ុន សែន​។​

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​២​រូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន បាន​រងរបួស​ធ្ងន់ធ្ង​រ​ដោយ​ការ​ព្រួត​វាយ​ក្បែរ​របង​រដ្ឋសភា ដែល​គេ​ដឹងថា​អ្នកបង្ក​ហិង្សា​នេះ​គឺជា​បាតុករ​មួយក្រុម​តូច​ដែល​បាន​ចូលរួម​ធ្វើបាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋសភា​ដកតំណែង​រប​ស់លោក កឹម សុខា ។ ចំពោះមុខ​បញ្ហា​នេះ លោក គង់ សភា និង​លោក ញ៉យ ចំរើន នៅតែ​ទទូច​ឲ្យ​អាជ្ញាធរ និង​ប្រព័ន្ធយុត្តិធម៌ ស្វែងរក​ជនដៃដល់​ប​ន្ថែ​ម​ទៀត ដើម្បី​រក​យុត្តិធម៌​ជូន​ខ្លួន ខណៈ​តុលាការ​នឹង​កោះហៅ​តំណាងរាស្ត្រ​ទាំងពីរ​រូប​ទៅ​សាកសួរ​បន្ថែម នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ ករណី​ពួកលោក​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​កាលពីពេល​កន្លងមក​៕

12346533_742436419224235_4073742279583965921_n​ ​