មន្ត្រីរដ្ឋបាល​ជលផល​ពុករលួយ​ឃុបឃិត​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​

មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប ត្រូវបាន​គេ​ដឹងថា ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​តាម​អំពើ​ចិត្ត ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ បញ្ហា​នេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ត្រូវ​ចាត់វិធានការ​លើ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប ជាបន្ទាន់​បំផុត​ព្រោះ​ពួកគេ​ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រសិនបើ​មិន​ចាត់វិធានការ​លើ​មេ​រដ្ឋបាល​ជលផល​នៃ​ខេត្ត​ទាំង​២​នេះ​ទេ គឺ​បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្ត​ទាំង​២​នេះ រាលដាល​កាន់តែខ្លាំង​ជាមិនខាន​។

ប្រភពពី​ប្រជា​នេសាទ​នៅក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ជនជាតិ​យួន​ឈ្មោះ អា​ញី​វ រស់នៅ​តំបន់​កំពង់​លួង ស្រុក​ក្រគរ មាន​អួន​ធំៗ​៤​វង់​សម្រាប់​នេសាទ​ដោយ​ប្រើប្រាស់​ទូក​ម៉ាស៊ីន​កម្លាំង​ខ្នាត​ធំ ដើម្បី​ចាប់​ត្រី​ក្នុង​បឹង​ទន្លេសាប​តាម​អំពើ​ចិត្ត​គ្មាន​មន្ត្រីរដ្ឋបាល​ជលផល​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​បង្ក្រាប​ឡើយ​។ ចំណែក​ជនជាតិ​យួន​ឈ្មោះ អា​ហុង​ក្បាល​ដែក មាន​អួន​៨​វង់​ធំៗ​និង​កម្មករ​ជាច្រើន​នាក់​ធ្វើ​សកម្មភាព​នេសាទ​ខុសច្បាប់​នៅក្នុង​បឹង​ទន្លេសាប​នៃ​ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយ​គ្មាន​សមត្ថកិច្ច​ប៉ះពាល់​ឡើយ​។ ប្រជា​នេសាទ​ខ្មែរ​បាន​លើកឡើងថា ជនជាតិ​យួន​ទាំងនេះ​បង់លុយ​ឲ្យ​មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប ទើប​អាច​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តសៀមរាប បាន​បង្ហើប​ឲ្យ​ដឹងថា មេ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់ និង​មេ​រដ្ឋបាល​ជលផល​ខេត្តសៀមរាប ទទួល​សំណូក​យ៉ាងច្រើន​ពី​ជនជាតិ​យួន​ទើប​បើកដៃ​ឲ្យ​ជនជាតិ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​តាម​អំពើ​ចិត្ត​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ក្នុង​អួន​ធំៗ​១​វង់​ត្រូវ​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ដ​ល់​ទៅ​១​ម៉ឺន​ដុល្លារ ទើប​អាចធ្វើ​សកម្មភាព​នេសាទ​ដោយ​គ្មាន​ការបង្ក្រាប​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​។ បច្ចុប្បន្ន​មាន​ទូក​នេសាទ​យួន​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រមាណ​៦០​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​ក្នុង​បឹង​ទន្លេសាប​នៃ​ខេត្តពោធិ៍សាត់ និង​ខេត្តសៀមរាប ដូច្នេះ​មេ​រដ្ឋបាល​ជលផល​នៃ​ខេត្ត​ទាំង​២​នេះ អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​ទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​៕

1606362_1648270185422475_2970042238300029351_o 10658694_1648270195422474_3249304101191565548_o 10258990_1648270192089141_1554299088551776360_o