លោក ចាន់ វ៉ាន់​ធឿន មិនគួរ​បណ្ដោយ​ឲ្យ​លោក អ៊ុំ វណ្ណា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​

លោក ចាន់ វ៉ាន់​ធឿន អនុប្រធាននាយកដ្ឋាន​កណ្ដាល​នគរបាល​យុត្តិធម៌ ត្រូវបានតែងតាំង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ ជំនួស​លោក ជា សុ​មេធី ដែល​ត្រូវបានតែងតាំង​ជា​អភិបាល​ខេត្តព្រៃវែង កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។ តាមរយៈ​អនុក្រឹត្យ​លេខ​ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ បានសម្រេច​តែងតាំង​មុខតំណែង​លោក ចាន់ វ៉ាន់​ធឿន អត្តលេខ​០២១៥៩ ពី​អនុប្រធាននាយកដ្ឋាន​ក​ណ្ដា​ល​នគរបាល​យុត្តិធម៌ ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រសួងមហាផ្ទៃ​។

មន្ត្រីនគរបាល​នៅក្នុង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បានបង្ហាញ​នូវ​សេចក្ដី​សង្ឃឹមថា បន្ទាប់ពី​លោក ចាន់ វ៉ាន់​ធឿន ឡើងកាន់តំណែង​ជា​ប្រធាន​នាយកដ្ឋាន​នេះ គឺ​មិន​បណ្ដោយ​ឲ្យ​លោក អ៊ុំ វណ្ណា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។ ជាមួយគ្នានេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ឡើងវិញ​ចំពោះ​សកម្ម​ភាពមិនប្រក្រតីរ​ប​ស់លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ដែល​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។ ជាមួយគ្នានេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន ក៏​គួរ​ស៊ើបអង្កេត​ទៅលើ​អំពើពុករលួយ​របស់លោក អ៊ុំ វណ្ណា អនុប្រធាននាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ផងដែរ​។

ប្រភពពី​មន្ត្រីនគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ បាន​រំលឹកថា កាលពី​លោក ជា សុ​មេធី នៅ​ធ្វើជា​ប្រធាន​នាយកដ្ឋាន​នេះ បណ្ដោយ​ឲ្យ​លោក អ៊ុំ វណ្ណា ដែលជា​អនុប្រធាននាយកដ្ឋាន​ទទួលបន្ទុក​៥​រាជធានី​-​ខេត្ត ប្រើប្រាស់​អំណាច​និង​តួនាទី​របស់ខ្លួន​ស្វែងរក​ផលប្រយោជន៍​យ៉ាង​ក្រអឺតក្រទម​។ លោក អ៊ុំ វណ្ណា ដែល​ទទួលបន្ទុក​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ មិន​យកចិត្តទុកដាក់​អនុវត្តន៍​តាម​តួនាទី​របស់ខ្លួន​ទេ ហើយ​ប្រើប្រាស់​លិខិត​បេសកកម្ម​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​និង​ដឹកជញ្ជូន​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​។ បញ្ហា​នេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ខ្លះ​ផង ព្រោះ​ទង្វើ​របស់លោក អ៊ុំ វណ្ណា បានធ្វើ​ឲ្យ​ប៉ះពាល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល​តែម្តង​៕

141025092350102509502314DSC05707លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ​