សម្ដេចតេជោ ឲ្យអាជ្ញាធរព្រំដែនកម្ពុជា-វៀតណាម បន្តសហការ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងបោះបង្គោលព្រំដែន

រតនគិរី៖សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឲ្យអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើងនៅតាមបណ្ដោយព្រំដែន កម្ពុជា-វៀតណាម បន្តពង្រឹងកិច្ចសហការល្អ រវាងគ្នានិងគ្នា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការកំណត់ខ្សែបន្ទាត់ និង បោះបង្គោលព្រំដែន។

សម្ដេចតេជោ បានថ្លែងនៅព្រឹកថ្ងៃទីសៅរ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ ២០១៥ ក្នុងពិធីប្រកាសសម្ពោធជាផ្លូវការរួមគ្នា នៃបង្គោលព្រំដែនលេខ៣០ និងកំណាត់ផ្លូវប្រវែង៤៥០ម៉ែត្រនៅច្រកទ្វារព្រំដែនអន្តរជាតិ អូរយ៉ាដាវ-ឡេថាញ់ ថា “កម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន ត្រូវយកចិត្តទុកដាក់លើកិច្ចការពារសុខភាពរបស់ខ្លួន ហើយសុំបន្តផ្ដល់ នូវការសហការគ្នាល្អ បន្តចូលរួមការពារ និងផ្ដល់លក្ខណៈងាយស្រួល ដល់ការងារកំណត់ខ្សែបន្ទាត់ និងបោះបង្គោលព្រំដែន” ។

សម្ដេចតេជោ ក៏បានអំពាវនាវ ដល់អាជ្ញាធរដែនដីក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ឲ្យរួមគ្នាថែរក្សាបង្គោលព្រំដែនទាំងអស់ ឲ្យបានឋិតថេរគង់វង្ស ដើម្បីប្រែក្លាយតំបន់ព្រំដែនដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវ និងច្បាស់លាស់ ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជានិច្ចនិរន្តន៍តទៅ ។

គួរបញ្ជាក់ថា គណៈកម្មការព្រំដែនកម្ពុជា និងវៀតណាមបានស្ថាបនា បង្គោលព្រំដែលលេខ៣០ ដែលស្ថិតនៅ ច្រកព្រំដែន អន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរីខាងកម្ពុជា ទល់ នឹងច្រកព្រំដែនអន្តរជាតិ ខាងវៀតណាម ច្រកឡេថាញ់ ស្រុកដុងកឺ ខេត្តយ៉ាឡាយ ដែលការស្ថាបនានេះបានចាប់ផ្ដើម ជាផ្លូវការកាលពីថ្ងៃទី២០ ខែ វិច្ឆិកា ហើយគ្រោង ហើយបញ្ចប់ការសាងសង់ រយៈពេល១ខែនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ។

សម្ដេចតេជោ ឲ្យអាជ្ញាធរព្រំដែនកម្ពុជា-វៀតណាម បន្តសហការ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងបោះបង្គោលព្រំដែន

សម្ដេចតេជោ ឲ្យអាជ្ញាធរព្រំដែនកម្ពុជា-វៀតណាម បន្តសហការ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងបោះបង្គោលព្រំដែន